ប្រធាន​សិទ្ធិមនុស្ស​សហប្រជាជាតិ​ស្លុតចិត្ត​ ពេល​ឃើញ​ស្ថានភាព​នៅ​មណ្ឌល​ឃុំខ្លួន​ជនអន្តោប្រវេសន៍​នៅ​អាម៉េរិក​

818
ចែករម្លែក

​ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​ថា លោកស្រី​«​ស្លុតចិត្ត​ជាខ្លាំង​»​បន្ទាប់​ពី​បានឃើញ​លក្ខខណ្ឌ​រស់នៅ​របស់​ជនអន្តោប្រវេសន៍​​និង​ជនភៀសខ្លួន​ដែល​ត្រូវបាន​គេ​ដាក់​នៅ​បណ្តា​ជំរំ​ឃុំខ្លួន​អាម៉េរិក ក្រោយពី​មាន​របាយការណ៍​អំពី​បន្ទប់​ដាក់​មនុស្ស​ច្រើន​ណែនណាន់​និង​ពោរពេញ​ដោយ​ជំងឺ​។​

​លោកស្រី មី​សែ​ល បា​ឆេ​ឡេត បាន​និយាយថា ​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​បាន​រកឃើញថា ការឃុំ​ខ្លួន​កុមារ​អន្តោប្រវេសន៍ អាច​ចាត់ទុកថា​ជា​ការប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ អនុស្សធម៌​​និង​ធ្វើឲ្យ​ខូច​កិត្តិយស ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ​។​

​របាយការណ៍​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាម៉េរិក​កាលពី​សប្តាហ៍​មុន បាន​ព្រមាន​អំពី​ការ​មាន​មនុស្ស​ច្រើន​ហួស​ដ៏​គ្រោះថ្នាក់​នៅក្នុង​ជំរំ​ឃុំឃាំង​ជនអន្តោប្រវេសន៍​អាម៉េរិក​ជា​​ច្រើន ដែល​កំពុង​ដាក់​ជន​ចំណាកស្រុក​រាប់ពាន់នាក់ ដែល​ស្វះស្វែង​ចូលមក​រស់នៅ​អាម៉េរិក​ដោយ​ខុសច្បាប់​។​

ពួកគេ​ភាគច្រើន​បាន​ភៀសខ្លួន​ចេញពី​អំពើហិង្សា​និង​ភាពក្រីក្រ​នៅ​អាម៉េរិក​កណ្តាល​។​

​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី​មី​សែ​ល បា​ឆេ​ឡេត បាន​និយាយថា​ លោកស្រី​មាន​ការ​រន្ធត់ចិត្ត​អំពី​ស្ថានភាព​ជ​ន្តោ​ប្រវេសន៍​នៅតាម​ជំរំ​អាម៉េរិក​។

​កាលពី​ថ្ងៃ​សៅរ៍ កាសែត the New York Times និង​The El Paso Times បាន​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​និយាយថា ស្ថានីយ​ល្បាត​ព្រំដែន​មួយ​នៅ​រដ្ឋ​តិច​សាស់ ពេញ​ដោយ​​ក្មេង​អន្តោប្រវេសន៍​រាប់រយ​នាក់ ដែល​ស្លៀកពាក់​ខោអាវ​កខ្វក់ និង​ត្រូវ​គេ​ញាត់​ក្នុង​បន្ទប់​ដែល​ពោរពេញ​ដោយ​មេរោគ​។​

​តែ​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ហៅ​អត្ថបទ​នេះ​ថា​ជា​«​ការ​កុហក​»​និង​បាន​និយាយថា​ លោក​នឹង​នាំ​អ្នកសារព័ត៌មាន​ទៅ​មើល​ជំរំ​នេះ​ដោយ​ផ្ទាល់​។​

​ពួក​សមាជិកសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ពេល​ថ្មីៗ​ក៏​បាន​ទៅ​មើល​ជំរំ​ឃុំឃាំងដែល​ដាក់​មនុស្ស​ណែនណាន់​ទាំង​គ្មាន​ទឹក​ម៉ាស៊ីន មិន​មាន​សេវា​វេជ្ជសាស្ត្រ​និង​​ត្រូវ​បង្អត់​ការ​ងូតទឹក​ដល់​ទៅ​កន្លះ​ខែ​។​

​ឆ្លើយតប​នឹង​របាយការណ៍ លោកស្រី​បា​ឆេ​ឡេត ​បាន​និយាយថា សូម្បី​តែ​ឃុំ​ក្មេង​មួយ​រយៈពេល​ខ្លី​ក្រោមលក្ខខណ្ឌ​ល្អ ក៏​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​និង​ការវិវឌ្ឍ​របស់​​គេ​ដែរ​៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម