ប៉ូលិស​កំពុងតាមរក​អនុប្រធាន​មន្ទីរ​កសិកម្ម​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​

990
ចែករម្លែក
ឈ្មោះ ទឹម សាវុធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​ដែលប៉ូលិសកំពុងតាមរក​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ថា ករណី​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ ប្រើ​អំពើហិង្សា​លើក​ញ្ញា ថៃ ស្រី​នាង អ្នកលក់​ផលិតផល​តាម​អន​ឡាញ (ONLINE) គឺ​សមត្ថកិច្ច​កំពុងតែ​ចាត់ការ​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ហើយ​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​យើង​កំពុងតែ​ចាត់ចែង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ហើយ និង​កំពុង​តាមរក​អ្នក​ដែល​ប្រើ​អំពើហិង្សា​ដើម្បី​ឲ្យ​មក​សាកសួរ​លើ​ករណីនេះ​”​។​
​កញ្ញា​ថៃ​ស្រី​នាង​អ្នកលក់​ផលិតផល​ដ៏​ល្បីល្បាញ​និង​ស៊ិ​ច​ស៊ី​ម្នាក់​តាម​អន​ឡាញ​ត្រូវ​បុរស​ជា​សង្សារ​ប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ បាន​បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន​។ ការប្រើ​អំពើហិង្សា​នេះ គឺ​បាន​កើតឡើង​ដោយសារតែ​ការ​ប្រច័ណ្ឌ ហើយ​មិនមែន​តែ​ម្តងនេះ​ទេ គឺ​កញ្ញា ថៃ ស្រី​នាង បាន​រង​អំពើហិង្សា​បែបនេះ ពី​សង្សារ​ជាង ១០០​ដង​មកហើយ​។​
បុរស​ជា​សង្សារ​មានឈ្មោះ ទឹម សាវុធ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​។​
​យោងតាម​វិ​ដេ​អូ​សម្ភាសន៍​ខ្លី​មួយ​របស់​កញ្ញា ថៃ ស្រី​នាង បាន​ឲ្យ​ដឹងថា បុរស​ជា​សង្សារ​របស់​នាង​តែងតែ​ប្រច័ណ្ឌ​លើ​រូបនាង ហើយ​តែងតែ​វាយ​ធ្វើបាប​រូបនាង រហូត​ឥត​ត្រា​ប្រណី ហើយ​បាន​បោក​កម្ទេច​របស់របរ​នៅក្នុង​ផ្ទះ​របស់​នាង និង​បាន​ចាប់​ក្បាល​នាង​បោក​នឹង​ជ្រុង​គ្រែ ទះកំផ្លៀង ទាត់​ធាក់​លើ​រាងកាយ​នាង រហូត​បែក​មុខ​បែក​មាត់ ហើម​មុខ​ហើម​មាត់​។​
​កញ្ញា​ថៃ ស្រី​នាង ក៏បាន​បង្ហោះ​វីដេអូ​ដែរ​ថា “​លើក​នេះ​ទី ១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វ៉ៃ​ខ្ញុំ ស្អែក​ខ្ញុំ​នឹង​ឡាយ​វីដេអូ ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​នោះ​ជាបន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ សូមមេត្តា​ជួយ​ខ្ញុំ​ផង​”​។
​ទាក់ទង​ករណីនេះ ទឹម សាវុធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ មិនអាច​សុំ​ការបំភ្លឺ​បានទេ​។​
​សូមជម្រាបថា កញ្ញា ថៃ ស្រី​នាង គឺ​អ្នកលក់​ផលិតផល​ដ៏​ល្បីល្បាញ​និង​ស៊ិ​ច​ស៊ី​ម្នាក់​តាម​អន​ឡាញ (ONLINE) និង​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​សម្រស់​របស់​នាង ដែល​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី ដើម្បី​លក់​ផលិត និង​ដើម្បី​ជាការ​ទាក់ទាញ​អតិថិជន​៕​សរន​

(រូបថតហ្វេសប៊ុក)

ទីតាំងផ្សាយពាណិជ្ជកម្ម