ជន​វិបល្លាស​ស្មារតី​៤៨ នាក់ ត្រូវបាន​ផ្លាស់​ពី​មណ្ឌល​ព្រៃ​ស្ពឺ ទៅ​ស្នាក់​នៅក្នុង​មណ្ឌល​ថ្មី​

691
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ជន​វិបល្លាស​ស្មារតី ៤៨ នាក់ ត្រូវបានធ្វើ​ពិធី​ផ្លាស់ប្តូរ​ទីតាំង​ស្នាក់នៅ​ហើយ ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ មណ្ឌល ព្រៃ​ស្ពឺ ទៅ​ទីតាំង​ថ្មី គឺ​មណ្ឌល​ថែទាំ និង ស្ដារនីតិសម្បទា ជន​វិបល្លាស​ស្មារតី ក្នុង ឃុំ​បា​គូរ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​នា​ព្រឹក​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ។​


​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​បាន​លើកឡើងថា ” មណ្ឌល​ថែទាំ និង ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី នេះ គឺជា​មណ្ឌល​ទី ១ ហើយ ក្នុង​ប្រ​វត្ត​សាស្ត្រ​កម្ពុជា ដោយ​កន្លងមក​កម្ពុជា​ធ្លាប់​មានតែ មន្ទីរពេទ្យ​ព្រែក​ត្នោត នៅ​ក្រុង​តាខ្មៅ ប៉ុណ្ណោះ​ដែល​ព្យាបាល​ជន​មាន​វិបល្លាស​ស្មារតី ។ ការផ្លាស់​មក​ទីតាំង​ថ្មី​នេះ គឺជា​ជម្រើស​ដ៏​ល្អ ដោយ​វា​នឹងមាន​ភាពល្អប្រសើរ​ច្រើន បើ​ធៀប​ការ​ស្នាក់នៅ មណ្ឌល​ព្រៃ​ស្ពឺ​ដែលមាន​លក្ខណៈ​តូចចង្អៀត ហើយ​សម​ត្ថិ​ភាព នៃ មណ្ឌល​ថ្មី​នេះ អាច​ផ្ទុក​ជន​វិបល្លាស​ស្មារតី​បាន​ប្រមាណ​ជាជាង ២០០ នាក់​ឯណោះ ប៉ុន្តែ​ដំណាក់កាល​ដំបូង​នេះ បញ្ជូន​ជន​វិបល្លាស​ស្មារតី​ទៅ មណ្ឌល​ថែទាំ​និង​ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី​នេះ ត្រឹមតែ ៤៨ នាក់​ប៉ុណ្ណោះ ដើម្បី បុ​គ្ក​លិ​ក​ស៊ាំ ” ។​


​លោក តូច ចាន់នី បន្ថែមថា មណ្ឌល ថែទាំ និង ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ថ្មី​នេះ បែងចែក​ជន​វិបល្លាស​ស្មារតី​យ៉ាងច្បាស់​លាស់ ដាច់ដោយឡែក​ពីគ្នា​រវាង​ប្រុស ស្រី និង​ជន​វិបល្លាស​ដែលមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ក៏មាន​កងកម្លាំង​សម​ត្ថិ​កិច្ច ប្ដូរ​វេន​គ្នា យាមកាម ២៤ ម៉ោង ។​


​ចំណែក​លោក វេជ្ជបណ្ឌិត ឡោ វណ្ណ​ថា​រី ប្រធាន​ក្រុមការងារ​សុខាភិបាល នៃ មណ្ឌល ថែទាំ និង ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី បានឱ្យដឹងថា នៅក្នុង​ទីតាំង​មណ្ឌល​ថ្មី​នេះ មាន​វេជ្ជបណ្ឌិត​ប្រមាណ​ជា ៣០ នាក់ ប្ដូរ​វេន​គ្នា​បំពេញការងារ ប្រចាំការ ២៤ ម៉ោង​នេះ ដើម្បី​ផ្ដល់​ថ្នាំ​ព្យាបាល​ជា​ទៀងទាត់ និង ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត​ដល់​ជន​មា​នវ​ប​ល្លាស​ទាំងអស់​។


​សូមជម្រាបថា មណ្ឌល ថែទាំ និង ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី នេះ បង្កើតឡើង ក្រោម​កិច្ចសហការ​អន្តរក្រសួង ក្នុងនោះ​មាន​ក្រសួង​សង្គមកិច្ច ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និង អង្គការ ម៉ា​រី​ណុល ៕ Kh

លោក តូច ចាន់នី ថ្លែង​នៅក្នុង​ពិធី​ផ្លាស់​ផ្ទេរ​ជន​វិបល្លាស់​ស្មារតី ពី​មណ្ឌល​ព្រៃ​ស្ពឺ ទៅ​ទីតាំង​ថ្មី ខេត្ត កណ្តាល ( រូបៈ ថន ប៊ុន​ហេន )
​ពិធី​ផ្ទេរ​ជន​វិបល្លាស់​ស្មារតី ពី​មណ្ឌល​ព្រៃ​ស្ពឺ ទៅ​ទីតាំង​ថ្មី ខេត្ត កណ្តាល ( រូបៈ ថន ប៊ុ​ប​ហេន )

ទីតាំងផ្សាយពាណិជ្ជកម្ម