អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​សំណង់ផ្ទះ​ឈើ​លយ​ចូល​ចំណីផ្លូវ​សាធារណៈ​

679
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
ក្រោយពី​ចេញ​សេចក្ដីជូនដំណឹង​ជាច្រើនលើក​មកហើយ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​សំណង់ផ្ទះ​ឈើ ដែល​សង់​លយ​លើផ្លូវ​សាធារណៈ​ដល់​ទៅជិត​២​ម៉ែត្រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​មន្ត្រី​ជំនាញ កំពុង​បន្ត​គាស់​កាយ​ដាក់​ប្រព័ន្ធ​លូ​ធំៗ​បង្ហូរទឹក ដើម្បី​រំដោះ​ការលិចលង់ និង​គ្រោង​ស្ថាបនា​ផ្លូវ​ឲ្យ​រួចរាល់​ជា​ស្ថាពរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ការសម្រេច​រុះរើ​សំណង់​ខាងលើនេះ​បង្ក​ផលប៉ះពាល់​ដល់​ការដាក់​ប្រព័ន្ធ​លូបង្ហូរទឹក និង​គ្រោង​ស្ថាបនា​ផ្លូវ​លេខ​១៨០០ ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៥៩៨ (​ផ្លូវ​ជា​សុផារ៉ា​) ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ​ឫស្សីកែវ តំណាង​លោក ជា ពិសី អភិបាលខណ្ឌ​បាន​លើកឡើងថា សម្រាប់​ក្រុមការងារ​ជំនាញ របស់​រដ្ឋាករ​ស្វ័យ​ត​រាជធានី​ភ្នំពេញ ដែល​កំពុង​បន្តសកម្មភាព​ស្ដារ​កាយ​ដី​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក អាច​ដំណើរការ​ទៅបាន​ដោយ​រលូន​នាពេល​កន្លងមក ដោយសារ​តែមាន​កិច្ចសហការ​ល្អ ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​លេខ​១៨០០​នេះ​។​

​ដោយឡែក​តែ​ក្រុមគ្រួសារ​របស់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​សង់ផ្ទះ​លយ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ដល់​ទៅជិត​២​ម៉ែត្រ មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ឡើយ បណ្ដាល​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ស្ដារ​ដាក់​ប្រព័ន្ធ​លូ ទើប​ឈានដល់​ប្រើ​វិធាន​ការរុះរើ​សំណង់ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​ឡើយ បន្ទាប់ពី​អាជ្ញាធរ​ចេញ​សេចក្ដីជូនដំណឹង​ច្រើនលើកច្រើនសារ​មកហើយ​ក្តី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម