សិស្ស​ពិការភ្នែក​ខំរៀន​យក​ជំនាញ​ភ្លេងពិណពាទ្យ​ដើម្បី​ទុក​គ្រាន់​ចិញ្ចឹមជីវិត​

1062
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​:​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​អតីត​សាលា​គ​ថ្លង់​និង​ពិការភ្នែក​បាន និង​កំពុងតែ​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​ពី​ភ្លេងពិណពាទ្យ​ដល់​សិស្ស​ពិការភ្នែក​មកពី​តាម​បណ្តា ខេត្ត​នៅ​ភូមិភាគ​ឦសាន​ដើម្បី​ជួយ​ពួកគេ​ទទួលបាន​នូវ​ជំនាញ​សម្រាប់​ទុក​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​អនាគត​។​

​លោកនាយក​សាលា​បានឱ្យដឹងថា​គិត​មកដល់ពេលនេះ​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​គឺមាន​ឧបករណ៍​ភ្លេងពិណពាទ្យ​ចំនួន​ពីរ​វង់​និង​ឧបករណ៍​ភ្លេងខ្មែរ​មួយចំនួនទៀត​។​ក្នុងនោះ​ភ្លេងពិណពាទ្យ​មួយ​វង់​គឺជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​មួយ​វង់​ទៀត​គឺជា​អំណោយ​របស់លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​ក្រៅពីនោះ​លោក​ក៏បាន​ឧបត្ថម្ភ​ឧបករណ៍​ភ្លេងខ្មែរ​និង​ថវិកា​ជា​ហូរហែ​ផងដែរ​។​

​សព្វថ្ងៃ​មាន​សិស្ស​ពិការភ្នែក​ចំនួន​៣៨​នាក់​បានទទួល​ការបណ្តុះបណ្តាល​ភ្លេងពិណពាទ្យ​ដែលជា​ភ្លេង​មួយ​ប្រភេទ​របស់​ខ្មែរ​យើង​មាន​តាំងពី​យូរលង់​មក​។​ក្នុងនោះ​មាន​សិស្ស​ពិការភ្នែក​១៦​នាក់​អាច​ចេញទៅ​ចូលរួម​ប្រគំ​នៅតាម​ពិធីបុណ្យ​ផ្សេងៗ​របស់​ប្រជាជន​និង​កម្មវិធី​ផ្លូវការ​របស់​រដ្ឋ​នៅក្នុង​ខេត្តកំពង់ចាម​និង​នៅក្រៅ​ខេត្ត​បាន​ខ្លះ​ហើយ​។​រីឯ​សិស្ស​ក្រៅពីនោះ​ទៀត​គឺ​នៅ​កំពុង​រៀន​បន្ត​។​

​ការ​ឆ្លៀតពេល​ចេញទៅ​សម្តែង​ភ្លេងពិណពាទ្យ​នៅតាម​កន្លែង​ផ្សេងៗ​នោះ​ចំពោះ​តម្លៃ​គឺ​ខាង​សាលា​មិនបាន​កំណត់​ទេ​។​ព្រោះ​ការ​ចេញទៅ​សម្តែង​នោះ​មិនមែនជា​របៀប​ទៅ​ស៊ីឈ្នួល​គេ​ទេ​គឺ​យើង​ប្រៀបដូចជា​ចេញទៅ​ហាត់​សម​បន្ថែម​នៅក្រៅ​សាលា​ធ្វើ​ឲ្យ​ចំណេះដឹង​របស់​សិស្ស​កាន់​តែ​រឹងមាំ​។​

​ចំពោះ​លុយកាក់​គឺ​អាស្រ័យទៅលើ​ម្ចាស់ដើមបុណ្យ​ឬ​ម្ចាស់​កម្មវិធី​គេ​ឲ្យ​។​លុយ​ទាំងនោះ​បានមក​គឺ​មួយផ្នែក​សម្រាប់​យកទៅ​ទិញ​សម្ភារ​:​ទុក​ជួលជុល​ឧបករណ៍​ភ្លេង​ដែល​ខូច​ដូចជា​ស្បែក​ស្គរ​ជាដើម​និង​មួយផ្នែក​ទៀត​សម្រាប់​ដោះស្រាយ​ការហូបចុក​បន្តិចបន្តួច​ដល់​ក្មួយៗ​ពេល​ចេញទៅ​ប្រគំ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៍ដោយ​ចុះ​ក៍​ក្មួៗ​ពិការភ្នែក​ទទួលបាន​ជំនាញ​មួយ​ដ៍​សំខាន់​ប្រចាំជីវិត​ដែរ​។​

​ចំណែក​លោក​តេះ​ធា​រិ​ទ្ធ​ដែល​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​ភ្លេងពិណពាទ្យ​និង​ជា​គ្រូ​បង្ហាត់បង្រៀន​ភ្លេងពិណពាទ្យ​ដោយផ្ទាល់​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​បាន​ឲ្យ​ដឹងថា​ការបង្ហាត់បង្រៀន​ភ្លេងពិណពាទ្យ​ដល់​សិស្ស​ពិការភ្នែក​នេះ​មាន​ជួប​ការលំបាក​ខ្លះៗ​ដែរ​ព្រោះ​ពួកគាត់​មើលមិនឃើញ​។​

​នៅក្នុង​នោះ​ចំពោះ​អ្នក​ពិការភ្នែក​ធ្ងន់ធ្ងរ​មើលមិនឃើញ​គឺ​យើង​ចាប់ដៃ​ពួកគាត់​ឲ្យ​កាន់​ឧបករណ៍​ឲ្យ​ស្គាល់​និង​ត្រូវដាក់​ផ្លែ​ឲ្យ​ពួកគាត់​ទន្ទេញ​ចាំ​ស្ទាត់​។​ចំពោះ​សិស្ស​ពិការ​ប្រភេទ​ទី​២​ឬ​ហៅថា​ខ្សោយ​គំហើញ​គឺ​មិនសូវ​ជា​លំបាក​ប៉ុន្មាន​ទេ​។​ប៉ុន្តែ​យើង​ជា​គ្រូ​គឺ​សប្បាយចិត្ត​ខំ​បញ្ចេញ​អស់ពី​សមត្ថភាព​ដោយបាន​ជួយ​ពួកគាត់​។​

ពិនិត្យ​ជារួម​បើទោះជា​ពួកគាត់​ខ្លះ​មាន​ឧបនិស្ស័យ​និង​ខ្លះ​មិនសូវមាន​ឧបនិស្ស័យ​ក្នុង​ការរៀន​ភ្លេង​នេះ​យ៉ាងណា​ក៍ដោយ​ចុះ​ក៏​ពួកគាត់​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ព្យាយាម​រៀនសូត្រ​ដើម្បី​ទទួលបាន​នូវ​អាជីព​ដ៍​ល្អ​ទុក​សម្រាប់​ចិញ្ចឹមជីវិត​ដូច​យើងទាំងអស់គ្នា​ដែរ​។​លោក​តេះ​ធា​រិ​ទ្ធ​បាន​បន្ថែមថា​យើង​ជា​គ្រូបង្រៀន​មានចិត្ត​រីករាយ​ព្រោះ​បាន​ផ្ទេរ​ចំណេះដឹង​ដែល​ខ្លួន​មាន​ទៅដល់​ក្មួយៗ​ដែលជា​ជន​ពី​ការ​ហើយ​ពួកគេ​មាន​សមត្ថភាព​លេង​នូវ​ឧបករណ៍​ភ្លេង​ទាំងនេះ​។​

​លោកនាយក​សាលា​ក៏បាន​សំណូមពរ​ដល់​សម្បុរ​ស​ជន​,​អង្គការ​សមាគម​នានា​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​សូមជួយ​ឧបត្ថម្ភ​ជា​សម្ភារ​:​និង​ថវិកា​ជួយ​ដល់​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ផង​ដើម្បី​បន្តសកម្មភាព​មនុស្សធម៌​នេះ​តទៅទៀត​។​ជាមួយ​នោះ​ផ្តល់​ជា​សម្លៀកបំពាក់​បែប​ប្រពៃណី​សម្រាប់​សិស្ស​ពិការភ្នែក​ដែល​កំពុង​រៀន​ភ្លេងពិណពាទ្យ​ទាំង​៣៨​នាក់​ទុក​ប្រើប្រាស់​ពេលចេញ​ទៅ​សម្តែង​។​

​កន្លងមក​ពេលចេញ​ទៅ​ប្រគំ​ភ្លេងពិណពាទ្យ​នៅក្នុង​ពិធី​ផ្សេងៗ​គឺ​ស្លៀក​សម្លៀកបំពាក់​ជា​សិស្សសាលា​,​អ្នកខ្លះ​ស្លៀកពាក់​អាវយឺត​នៅឡើយ​ទេ​យើង​មិនទាន់មាន​ឯកសណ្ឋាន​ឯកភាពគ្នា​នៅឡើយ​។​

​សូមបញ្ជាក់ថា​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​,​អតីត​សា​លគ​ថ្លង់​និង​ពិការភ្នែក​របស់​អង្គការ​គ្រួសារ​ថ្មី​បច្ចុប្បន្ន​មាន​សិស្ស​ចំនួន​១៨០​នាក់​,​ស្រី​៧៣​នាក់​មកពី​តាម​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន​។​ក្នុងនោះ​ពិការភ្នែក​៦១​នាក់​,​ស្រី​២៦​នាក់​,​គរ​ថ្លង់​១០៤​នាក់​,​ស្រី​៤២​នាក់​និង​កំពុង​រៀន​នៅ​សកល​វិ​ទ្យ​ចំនួន​១៥​នាក់​,​ស្រី​៥​នាក់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម