លោ​កណេ​តាន់​យ៉ា​ហ៊ូ​ព្រមាន​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​អាច​ទៅដល់​អ៊ីរ៉ង់

627
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​ថា យន្ដហោះ​ចម្បាំង​អ៊ីស្រាអែល​អាច “​ទៅដល់​គ្រប់​ទីកន្លែង​នៅ​មជ្ឈិមបូព៌ា​រួមទាំង​អ៊ីរ៉ង់​ផងដែរ​” នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ចុងក្រោយ​របស់គាត់​ដែល​សំដៅចំៗ​ទៅលើ​សត្រូវ​របស់​ប្រទេស​គាត់​។​

​ខណៈ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ពអាកាស​មួយ កន្លែង​ដែល​គាត់​ត្រួត​ពិនិត្យមើល​យន្ដហោះ F-35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាម៉េរិក Lockheed Martin លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​បញ្ចេញ​វីដេអូ​មួយ​ដោយមាន​យន្តហោះ​នៅ​ពីក្រោយ​គាត់​។​

​លោក​បាន​និយាយ​នៅឯ​មូលដ្ឋាន​អាកាស​ណេ​វ៉ា​ទី​ម​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​ថា “​ថ្មីៗ​នេះ​អ៊ីរ៉ង់​បាន​គំរាម​បំផ្លាញ​អ៊ីស្រាអែល​។ គេ​គួរតែ​ចាំ​ថា​យន្តហោះ​ទាំងនេះ​អាច​ទៅដល់​គ្រប់​ទីកន្លែង​នៅ​មជ្ឈិមបូព៌ា​រួមទាំង​អ៊ីរ៉ង់​និង​ជាពិសេស​ស៊ី​រី​”​។​

​ណេ​ណេ​តាន់​យ៉ា​ហ៊ូ​បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​អ៊ីរ៉ង់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​ការចេញ​សេចក្តីថ្លែងការណ៍​ទាំងនោះ​កើតឡើង​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ដើម្បី​ចាប់ផ្តើម​រំលោភ​លើ​ការប្តេជ្ញាចិត្ត​មួយចំនួន​ដែល​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ជាមួយ​មហាអំណាច​ពិភពលោក​និង​ការវាយប្រហារ​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស ដែល​អ៊ីស្រាអែល​និង​អាម៉េរិក​ស្តីបន្ទោស​លើ​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃអាទិត្យ លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​ហៅ​ការប្រកាស​មួយ​ដោយ​អ៊ីរ៉ង់​ថា អ៊ីរ៉ង់​នឹងធ្វើ​លើស​ដែន​កំណត់​នៃ​សារជាតិ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ចម្រាញ់​រួច ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចព្រមព្រៀង ថា​ជា “​ជំហាន​គ្រោះថ្នាក់​ខ្លាំង​”​។​

​លោក​បាន​ទទូច​ដល់​បណ្តា​ប្រទេស​អឺរ៉ុប​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដើម្បី​ជាការ​ឆ្លើយតប​។​

​កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​អ៊ីរ៉ង់​បាន​រំលោភបំពាន​លើ​ដែន​កំណត់​នេះ ខណៈដែល​ខ្លួន​កំពុង​ព្យាយាម​ជំរុញ​ភាគី​ដទៃទៀត​ឱ្យ​រក្សា​ជំហរ​ចរចា​របស់ខ្លួន​នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​ជំទាស់​នឹង​កិច្ចព្រមព្រៀង​នេះ​និង​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ដែល​ទីបំផុត​គាត់​បានធ្វើ​តាម​មែន​។​

​ថ្វីបើ​មានការ​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នៅតែ​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​អនុវត្ត​នូវ​វិធានការ​របស់ខ្លួន ខណៈដែល​លោក​និង​សហរដ្ឋអាមេរិក​ស្វែងរក​ការដាក់​សម្ពាធ​បន្ថែមទៀត​លើ​អ៊ីរ៉ង់​។​

​អ៊ីស្រាអែល​ក៏បាន​ធ្វើការ​វាយប្រហារ​រាប់រយ​ដង​ផងដែរ​នៅក្នុង​ប្រទេសជិតខាង​ស៊ី​រី ដើម្បី​ប្រឆាំងនឹង​អ្វីដែល​ខ្លួន​និយាយថា​ជា​គោលដៅ​យោធា​របស់​អ៊ីរ៉ង់​និង​ក្រុម​ហេស​ប៊ូ​ឡា​។​

​អ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា​នឹង​ទប់ទល់​អ៊ីរ៉ង់ ដែល​បាន​គាំទ្រ​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ​នៅក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ខ្លួន មិនឱ្យ​ពង្រឹង​យោធា​នៅ​ទីនោះ​បានឡើយ​។​

​នៅ​ខែឧសភា​ឆ្នាំ ២០១៨ យោធា​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ប្រើ​យន្តហោះ F-35 នៅក្នុង​ការប្រយុទ្ធ​៕ ដោយ៖ កញ្ញាដាលីស

យន្ដហោះ​ចម្បាំង F-35 របស់​អ៊ីស្រាអែល

ទីតាំងផ្សាយពាណិជ្ជកម្ម