អ៊ីរ៉ង់​ព្រមាន​អាម៉េរិក​ថា​មូលដ្ឋានទ័ព​រួមទាំង​ទីតាំង​យោធា​សម្ពន្ធ​មិត្ត​ស្ថិត​នៅក្នុង​រង្វង់​វាយប្រហារ​របស់​មី​ស៊ី​ល​អ៊ីរ៉ង់​

1227
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា រដ្ឋមន្ត្រីក្រសួង​កិច្ចការ​វប្បធម៌​និង​សង្គម​របស់​អ៊ីរ៉ង់ លោក Hossein Nejat​បាន​ព្រមាន​ថា​អ៊ីរ៉ង់​អាច​កម្ទេច​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ទាំងឡាយ​​នៅ​ឈូង​សមុទ្រ​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​វាយប្រហារ​អ៊ីរ៉ង់ ។ ការព្រមាន​នេះ កាន់តែ​បង្កើន​ភាព​តានតឹង​ខ្លាំង​ឡើង​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​២​នេះ​។​

​លោក Hossein Nejat បាន​ព្រមាន​ថា ” មូលដ្ឋាន​អាម៉េរិក​ជាច្រើន​ស្ថិត​នៅក្នុង​ចម្ងាយ​វាយប្រហារ​ដល់​នៃ​គ្រាប់​មី​ស៊ី​ល​របស់​យើង …​មី​ស៊ី​ល​របស់​យើង​នឹង​បំផ្លាញ​នាវា​ផ្ទុក​យន្ត​​ហោះ​ទាំងឡាយ​របស់​ពួក​គេ​ប្រសិនបើ​ពួកគេ​ធ្វើ​ឱ្យ​មាន​កំហុស ។ ជនជាតិ​អាម៉េរិក​បានដឹង​យ៉ាង ច្បាស់​ពី​ផលវិបាក​នៃ​ការប្រឈមមុខ​ផ្នែក​យោធា​ជាមួយ​អ៊ីរ៉ង់​” ។​

​លោក Hossein Nejat​បាន​និយាយ​បន្ថែមថា សង្គ្រាម​មិន​ស្ថិត​នៅក្នុង​បញ្ជី​ដែល​កំណត់​តាម​អំពើ​ចិត្ត​របស់ ដូ​ណា​ល់ ត្រាំ នោះទេ ហើយ​ថា ប្រធានាធិបតី​អាម៉េរិក​នេះ​ចង់​រុញ​​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ឱ្យធ្វើ​ការចរចា​ដោយ​ឆ្លងកាត់​គំនាបដ៏​ខ្លាំង​របស់​ខ្លួន​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​al-Masdar News ។​

​លោក Hossein Nejat បាន​បន្តថា ” អ៊ីរ៉ង់ បានដាក់​សន្តិសុខ​របស់​អ៊ីស្រាអែល​នៅក្នុង​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​ដល់​របស់​អ៊ីរ៉ង់ ហើយ​នៅពេលនេះ​អ៊ីរ៉ង់​បានធ្វើឱ្យ​ប្រទេស​​អា​រ៉ាប៊ីសាអូឌីត អាម៉េរិក និង​អ៊ីស្រាអែល មាន​ការព្រួយបារម្ភ​។ រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ ធ្វើ​សង្គ្រាម​នៅ​ព្រំដែន​របស់​សត្រូវ ហើយ​មិនមែន​នៅលើ​ព្រំដែន​របស់​ខ្លួន​នោះទេ​”​។

​កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូបាន​ធ្វើ​ការកត់សម្គាល់​ស្រដៀង​គ្នា​នេះដែរ ដោយ​ព្រមាន​អ៊ីរ៉ង់​ថា វា​(​អ៊ីរ៉ង់​)​ស្ថិត​នៅក្នុង​រង្វង់​នៃ​ការ​​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​។ សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​អ៊ីស្រាអែល​បានកើតឡើង​មួយ​សប្តាហ៍​បន្ទាប់ពី លោក មូច​តាបា ហ្ស៊ុ​ល​មឺ (Mojtaba Zolnour)​ប្រធាន​គណៈកម្មកា​រគោល​នយោបាយ​ការបរទេស​និង សន្តិសុខ​ជាតិ​របស់​សភា​អ៊ីរ៉ង់​បាន​និយាយថា​ប្រសិនបើ​អាម៉េរិក​វាយប្រហារ​អ៊ីរ៉ង់ វា​នឹង​មាន​រយៈពេល​ត្រឹមតែ​កន្លះ​ម៉ោង​​ប៉ុណ្ណោះ​ដែល​នឹង​នៅ​សល់​សម្រាប់​ជីវិត​អ៊ីស្រាអែល​ចុងក្រោយ​”​។

​លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​នៅឯ​មូលដ្ឋាន​កងទ័ពអាកាស របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​ថា ” អ៊ីរ៉ង់ នៅ​ពេល​ថ្មីៗ​នេះ​បាន​គំរាម​បំផ្លាញ​អ៊ីស្រាអែល​ហើយ​គួរ​​ចង​ចាំ​ថា​យន្តហោះ​ទាំងនេះ​អាច​ទៅដល់​គ្រប់​ទីកន្លែង​នៅ​មជ្ឈិមបូព៌ា ដោយ​រួមទាំង​អ៊ីរ៉ង់​និង​ស៊ី​រី​ផងដែរ​” ។​

​ភាព​តានតឹង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់​មាន​កម្រិត​ខ្ពស់​ចាប់តាំងពី​សហរដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៨​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​។​

​ការដកខ្លួន​របស់​ស​ហ​រដ្ឋ​អាមេរិក​នេះ បាន​ជំរុញ​ឱ្យ​ប្រទេស​ហត្ថលេខី​ផ្សេងៗ​ទៀត ដែល​រួម​ទាំង​រុស្ស៊ី​ចិន​និង​ប្រទេស​មហាអំណាច​អឺរ៉ុប​ជាច្រើន​ខំ​ប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​កិច្ច​​ព្រមព្រៀង​នេះ​។ បន្ទាប់ពី​ការដក​ខ្លួន​មក​នោះ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ឡើងវិញ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​អ៊ីរ៉ង់​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​នេះ ។ បន្ថែម​ពីលើ​នេះ​ទៀត​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​ដាក់ទណ្ឌកម្ម​ជាថ្មី​ប្រឆាំង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​៕​ដោយ​៖​សុខា​/sn

កងទ័ព​អ៊ីរ៉ង បាញ់​សាកល្បង​មី​ស៊ី​ល កាលពី​ពេល​ថ្មីៗ​នេះ នៅ​ទីតាំង​មួយ​នៅ​តំបន់​វាល​ខ្សាច់​អ៊ីរ៉ង់​

ទីតាំងផ្សាយពាណិជ្ជកម្ម