រដ្ឋាភិបាល​នឹង​ផ្តល់​ស្ពានបេតុង​ពីរ​កន្លែង​នៅ​ស្រុក​កងមាស ជំនួស​ស្ពាន​បា​ឡេ​ដែល​ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត​

1843
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឯកភាព​ជាគោលការណ៍​រួចហើយ គឺ​នឹង​ផ្តល់​ស្ពាន​ប្រភេទ​បេតុង​ចំនួន​ពីរ​កន្លែង ជំនួស​ស្ពាន​បា​ឡេ​ដែលមាន​អាយុកាល​ជិត ២០ ឆ្នាំ គឺ​ស្ពាន​ព្រែក​អង្គរ​បាន ស្ថិតក្នុង​ឃុំ​អង្គរ​បាន និង​មួយកន្លែង​ទៀត​ស្ពាន​អូរ​ពពេល ឬ​ព្រែក​ថ្មី ស្ថិតក្នុង​ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ កក្កដា​ថា ក្រោយពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ប្រកាសថា ស្ពាន​ប្រភេទ​ដែក​បា​ឡេ ជា​ស្ពាន​ផុត​អាយុកាល​ប្រើប្រាស់​បន្តទៀត​ហើយ គឺ​ត្រូវ​ផ្លាស់ប្តូរ​ចេញ​សាងសង់​ជា​ស្ពាន​ប្រភេទ​បេតុង​ទាំងអស់​វិញ​។

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ដោយ​ពិនិត្យឃើញ​ស្ថានភាព​ជាក់ស្តែង​របស់​ស្ពាន​បា​ឡេ​ចំនួន​ពីរ​កន្លែង​នៅ​ស្រុក​កងមាស គឺ​ស្ពាន​ព្រែក​អង្គរ​បាន និង​ស្ពាន​ព្រែក​ថ្មី ពិត​ជាមាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទំហំ​តូច​ច​ង្ហៀ​ត​ពិបាក​ធ្វើដំណើរ ខាង​អាជ្ញាធរ​ស្រុក​បានសម្រេច​ដាក់សំណើ​តាម​ឋា​នុ​ក្រម​សុំ​ទៅ​សម្តេច​តេ​ជោ ដើម្បី​ជួយ​សាងសង់​ជា​ស្ពានបេតុង​ជំនួស​ស្ពាន​បា​ឡេ​ខាងលើ ហើយ​សម្តេច​បាន​ឯកភាព​ជាគោលការណ៍​។​ដោយបាន បញ្ជូន​សំណើ​នោះ​ទៅកាន់​ខាង​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ​ជា​អ្នកទទួល​គម្រោង​យកទៅ​អនុវត្តន៍​ស្ថាបនា​ស្ពាន​ទាំងពីរ​កន្លែង​នោះ​។​

​ឧ​ត្ត​ម​សេនីយ៍ គង់ អៀង នាយករង នៃ​នាយកដ្ឋាន​វិស្វកម្ម​របស់​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ​ពិត​បាន​ឯកភាព​ជាគោលការណ៍​ផ្តល់​ស្ពានបេតុង​ទាំងពីរ កន្លែង​លើ​សំណើ​របស់​ខាង​អាជ្ញាធរ​នោះ​មែន​។ ប៉ុន្តែ​យើង​ជា​អ្នកអនុវត្ត​គម្រោង​នៅ​មិនទាន់​ទទួលបាន​ឥន្ទ​ទាន​សម្រាប់​សាងសង់​នៅឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​មានប្រសាសន៍​ទៀតថា ស្ពាន​ទាំងពីរ​កន្លែង គឺ​ព្រែក​អង្គរ​បាន និង​ស្ពាន​ព្រែក​ថ្មី​នេះ​អាច​នឹង​ដំណើរការ​ស្ថាបនា​ជា​បេតុង បន្ទាប់ពី​បញ្ចប់​ការសាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​របស់​ផ្លូវ​ខេត្ត​លេខ​២៧០ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ចំណារ​ឲ្យ​សង់​ផ្លូវ​ក្រាល​កៅស៊ូ​ត​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ចាប់ពី​ព្រែក​លីវ​ទៅ​ទិស​ខេត្តកណ្តាល ចម្ងាយ​ជាង​១៥ គីឡូម៉ែត្រ​របស់​ផ្លូវ​ខេត្ត​លេខ ២៧០ គួប​ជាមួយ​ស្ពាន​ពីរ​កន្លែង​ខាងលើនេះ​។​

​លោក​នាយកដ្ឋាន​រង​បាន​បន្តថា បច្ចុប្បន្ន​កំពុងដំណើរកា​រ​ស្ថាបនា​ផ្លូវ​នេះ​តាម​ឥន្ទ​ទាន​ប្រចាំឆ្នាំ​២០១៩​ចម្ងាយ បួន គីឡូម៉ែត្រ​។ ប៉ុន្តែ​យើង​សំណើសុំ​ឥន្ទ​ទាន​ឲ្យ​បាន​ច្រើនជាង​នេះ ឬ​ផ្តល់​ឥន្ទ​ទាន​បង្ហើយ​តែម្តង ដើម្បី​ប្រញាប់​មក​សង់​ស្ពានបេតុង​ទាំងពីរ កន្លែង​នោះ គឺ​ព្រែក​អង្គរ​បាន​ប្រវែង ១៥០ ម៉ែត្រ និង​ព្រែក​ថ្មី​ប្រវែង ៣៦ ម៉ែត្រ ព្រមទាំង​ទទឹង​ចាប់ពី ប្រាំបួន ម៉ែត្រ​ឡើង​។​

​គួរ​បញ្ជាក់ថា ស្ពានដែក​បា​ឡេ​ទាំងពីរ​កន្លែង ដែល​រដ្ឋាភិបាល​នឹង​ផ្តល់ជំនួយ​ជា​ស្ពានបេតុង​ខាងលើនេះ គឺ​បាន​ស្ថាបនា​ដោយ​ខាង​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ​តាំងពី​ឆ្នាំ​២០០២ និង​បានដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០០៣​។ ដូច្នេះ​បច្ចុប្បន្ន​ស្ពាន​ពីរ​ហាក់​មាន​លក្ខណ​:​ចាស់​ទ្រុឌទ្រោម​ខ្លាំង ពិសេស​ស្ពាន​ព្រែក​ថ្មី ឬ​ស្ពាន​អូរ​ពពេល​បាន​លន់​សំឡេង​ខ្លាំង និង​គួរ​ឲ្យ​ភ័យខ្លាច​នៅពេល​មាន​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ម្ត​នៗ​នោះ ព្រមទាំង​មាន​ទំហំ​តូចចង្អៀត​គឺ​ឆ្លងកាត់​រថយន្ត​មិនអាច​ចៀស​គ្នា​បាន​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ