បុរស​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​វាយ​តប់​ប្រពន្ធ​ជនជាតិ​វៀតណាម​ខណៈពេល​កូនតូច​មើល​ការ​វាយ​នេះ​

745
ចែករម្លែក

​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​៦​ខែ​កក្កដា​បន្ទាប់​ពី​រូបគាត់​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ​មួយ ដោយ​កំពុង​វាយតប់​យ៉ាង​ឃោរឃៅ​​លើ​ប្រពន្ធ​ជនជាតិ​វៀតណាម​អាយុ​៣០​ឆ្នាំ របស់គាត់​។​

​សារព័ត៌មាន​Hankyoreh បាន​រាយការណ៍​ថា​បុរស​ឈ្មោះ គីម អាយុ​៣៦​ឆ្នាំនេះ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ប៉ូលិស​ព្រួយបារម្ភ​ថា គាត់​នឹង​វាយ​ធ្វើ​​បាប​ប្រពន្ធ​របស់​គាត់​ម្តងទៀត​។​

​គីម ត្រូវបាន​រាយការណ៍​ថា​បាន​វាយ​ប្រពន្ធ​របស់​គាត់​អស់​រយៈពេល​៣​ម៉ោង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​ខែកក្កដា​នៅឯ​ផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង Yeongam ក្នុង​ខេត្ត​ Jeolla ។​

​នៅក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​បង្ក​ឱ្យ​មាន​កំហឹង​យ៉ាងខ្លាំង បន្ទាប់​ពី​វា​ត្រូវ​បាន​ចែករំលែក​តាម​ប្រព័ន្ធ​អន​ឡា​ញ គាត់​ត្រូវ​បាន​ឃើញ​វាយ​ធ្វើបាប​និង​ទាត់​ប្រពន្ធ​របស់​គាត់​នៅ ​ចំពោះមុខ​កូនប្រុស​អាយុ​២​ឆ្នាំ​ដែល​បាន​ស្រែ​យំ​។

​គីម ក៏​បាន​ជេរប្រមាថ​និង​ស្តីបន្ទោស​នាង​ចំពោះ​ការ​ចម្អិន​អាហារ​វៀតណាម ជំនួស​អាហារ​កូរ៉េ​។​

​បន្ទាប់ពី​មាន​ការវាយដំ​ម្តង​ទៀត​ពី​គីម ជនរងគ្រោះ​បាន​ថត​វីដេអូ​នៃ​ការរំលោភ​បំពាន​ជាមួយ​ទូរស័ព្ទដៃ​របស់​នាង​ដែល​នាង​បាន​ដាក់​នៅ​លើ​តុ​បន្ទប់​ទទួលភ្ញៀវ​។​

​នៅ​ថ្ងៃទី​៥​ខែកក្កដា​នាង​បាន​ផ្ញើ​វីដេអូ​ទៅ​ពួក​អ្នក​ស្គាល់​គ្នា​ដែល​បាន​ធ្វើ​របាយការណ៍​ប្រាប់​ប៉ូលិស​និង​បង្ហោះ​វីដេអូ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​ការ​វាយ​ដ៏​ខ្លាំង​ពី​សំណាក់​បុរស​នេះ បានធ្វើឱ្យ​ឆ្អឹងជំនី​នៃ​ជនរងគ្រោះ​បាក់​និង​របួស​ជាច្រើន​កន្លែង​នៅលើ​ខ្លួន ដែល​ត្រូវ​ការព្យាបាល​អស់​រយៈពេល​៤​សប្តាហ៍​។ នេះ​បើ​យោង​​តាម​សារព័ត៌មាន​កូរ៉េ​Korea Herald​។​

ស្រ្តីរងគ្រោះត្រូវបាននាំមកកាន់មណ្ឌលថែទាំស្រ្តី

​ជនរងគ្រោះ​និង​ក្មេង​តូច​នេះ ត្រូវបាន​នាំ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ហើយ​ឱ្យ​រស់នៅ​កន្លែង​ទី​ជម្រក​របស់​ស្ត្រី​ក្នុង​តំបន់​សម្រាប់​សុវត្ថិភាព​របស់​ពួកគេ​។​

​មជ្ឍមណ្ឌល​សិទិ្ធមនុស្ស​ជនអន្តោប្រវេស​ន៍​កូរ៉េ​បាន​និយាយថា ខ្លួន​កំពុង​ផ្តល់​ជំនួយ​ដល់​ស្ត្រី​រងគ្រោះ​ដែលជា​ជនអន្តោប្រវេសន៍​តាមរយៈ​ការរៀបកា​រ​នេះ​៕​ដោយ​៖​សុខា​/sn

រូប​វីដេអូ​បុរស​កូរ៉េ​វាយ​ប្រពន្ធ​នៅ​ចំពោះមុខ​កូនតូច​នេះ​បង្ក​ឱ្យ​មាន​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​វា​ត្រូវ​បាន​ចែករំលែក​តាម​ប្រព័ន្ធ​អន​ឡា​ញ

ទីតាំងផ្សាយពាណិជ្ជកម្ម