គ្រូពេទ្យចិនជំនាញខាងជម្ងឺបេះដូង​មកជួយពិនិត្យព្យាបាលកុមារ និងសិស្សនៅស្រុកស្ទោងខេត្តកំពង់ធំ

801
ចែករម្លែក

ដោយ:មូលសម្បត្តិ-ភ្នំពេញ ៖ ក្រុមគ្រូពេទ្យចិនមួយក្រុមសហការជាមួយគ្រូពេទ្យខ្មែរយើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះដឹកនាំដោយ លោកវេជ្ជបណ្ឌិត ម៉ា លីនឃុន (Ma Linkun) អនុប្រធានមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណានបាននាំក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា និងចិនមកបំពេញបេសកកម្មរយៈពេល២ថ្ងៃនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដោយ អមដំណើរជាមួយលោកយឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ផងដែរ។

លោកយឹមលាតបានមានប្រសាសន៍ក្នុងឪកាសនោះថា ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែប្រសើរក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបង្កលក្ខខណ្ឌកាន់តែប្រសើរឡើងដល់វិនិយោគិន ទេសចរណ៍ ដែលជាពិសេសសង្គមស៊ីវិលប្រទេសចិនបានទទួលឱកាសកាន់តែច្រើនក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

លោកបន្តឲ្យមានការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា និងចិនក្នុងការពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងស្រុកស្ទោង ដែលជាសក្ខីភាពបន្ថែមទៀតនៃចំណងទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិនតាមយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ។

ជាការឆ្លើយតបនឹងកាយវិការប្រកបដោយមនុស្សធម៌របស់អ្នកតំណាងរាស្ត្រក្នុងការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរបស់ប្រជាជននៅមូលដ្ឋាន។ លោកវេជ្ជបណ្ឌិត ម៉ាលីនឃុន បានជម្រាបថា សកម្មភាពរយៈពេល២ថ្ងៃដែលមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណានបានចូលរួមក្នុងការវះកាត់និងព្យាបាលជំងឺបេះដូងចំហជូនដល់កុមារកម្ពុជាចំនួន​៣១នាក់។ ហើយ៩នាក់បន្ថែមទៀតបាននឹងកំពុងត្រៀមបញ្ជូនយកទៅវះកាត់នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នៅប្រទេសចិនបើមានការយល់ព្រមពីឪពុក ម្តាយ។

ក្នុងក្តីរីករាយដោយបានចូលរួមជាមួយក្រុមគ្រូពេទ្យរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក ឡ ជឺ (LUO ZHI) ប្រធានអង្គការYUNDI បានពន្យល់ពីស្ថានភាពនៃជំងឺបេះដូងចំហ និងការផ្តល់កម្លាំងចិត្តក្នុងកិច្ចសម្របសម្រួលជូនដល់សមាគមសង្គមស៊ីវិលចិនដើម្បីចូលរួមជួយកាត់បន្ថយបរិមាណកុមារកម្ពុជាដែលមានជំងឺបេះដូង។

ក្រោយលទ្ធផលនៃការពិនិត្យកុមារចំនួន៣៣១៥នាក់ អង្គការYUNDIបានផ្តល់នូវរបាយការណ៍សរុបក្នុងរយៈពេល១ថ្ងៃនេះដែលមានសិស្សចំនួន៨នាក់ត្រូវបានរកឃើញថាមានជំងឺបេះដូងចំហ ហើយត្រូវបញ្ជូនទៅធ្វើការវះកាត់និងព្យាបាលនៅប្រទេសចិន នាចុងខែកក្កដា ឆ្នាំ២០១៩នេះដែរដោយរាល់ចំណាយទាំងស្រុងជាបន្ទុករបស់អង្គការYUNDI និងមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន។

គួរបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ថ្មីមួយបន្ថែមទៀតដែលអង្គការYUNDIដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនសកម្មនៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម ជាមួយក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡានិយាយដោយឡែកក្នុងការកាត់បន្ថយបរិមាណកុមារកម្ពុជាដែលមានជំងឺបេះដូង ហើយចូលរួមលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សនៅមូលដ្ឋាន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម