អំពើ​ជួញដូរ​គ្រឿងញៀន ត្រូវ​អាជ្ញាធរ​ខេត្តកោះកុង និង​ភាគី​ថៃ សន្យា​រួមគ្នា​បង្ក្រាប​តាម​តំបន់​ព្រំដែន​

616
ចែករម្លែក

ដោយ:សុ​ផានី​តា​/កោះកុង​៖ គ្រា​ដែល​គ្រឿងញៀន នៅតែ​គួរឱ្យ​បារម្ភ​ពី​ផលប៉ះពាល់​អាក្រក់​សុខភាព និង​សង្គម អាជ្ញាធរ​ខេត្តកោះកុង និង​អាជ្ញាធរខេត្ត​ត្រាត ប្រទេស​ថៃ បាន​ប្តេជ្ញាចិត្ត​បង្កើន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​អោយបាន​ម៉ឺ​ង​ម៉ាត់​ទ្វេ​រដង​។​

​លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ក្នុង​កិច្ចប្រជុំ​BLO ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត ថា រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​កោះ កុង​បាន​ផ្តោត​យកចិត្តទុកដាក់​ខ្ពស់​ពី​ការងារ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅតាម​កឹ្ល​ប​សេវា​កម្សាន្ត​KTV កាស៊ីណូ និង​តំបន់​រោងចក្រ ដែល​សង្ស័យថា មានការ​ជួញដូរ​សារធាតុ​ញៀន​។​

លោក​អភិបាលរង​ខេត្តកោះកុង ពន្យល់​ទៀតថា អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត បាន​ឃាត់ខ្លួន​មនុស្ស និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន សម្ភារៈ​បម្រើ​ដល់​បទល្មើស​ជា​បន្តបន្ទាប់ ដើម្បី​កសាង​សំណុំរឿង​តុលាការ​អនុវត្ត​នីតិវិធី​។ ក្រៅពី​វិធានការ​បង្ក្រាប ក៏មាន​ដែល​ការផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​ផលប៉ះពាល់ ដោយសារតែ​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្រប់គ្រង ពិសេស​យុវជន​តែម្តង​។ បច្ចុប្បន្ន អាជ្ញាធរខេត្ត​កំពុង​ស្នើសុំ​កិច្ចសហការ​ជាមួយ​នាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ធ្វើឱ្យ​កំណត់ មុខសញ្ញា​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ក្នុង​រោងចក្រ​។​

តែ​ទោះយ៉ាងណា ខេត្តកោះកុង​ពុំមាន​មណ្ឌល​ស្តារនីតិសម្បទា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដូច​បណ្តា​ខេត្ត​ផ្សេង​នោះទេ ពោលគឺ​មានតែ​ចាត់​ប​ញ្ចូ​ន​បុគ្គល​ញៀន​ថ្នាំ​ព្យាបាល​នៅ​ខេត្ត​ណា​ដែលមាន​ជ​ម្ឃ​មណ្ឌល​អប់រំ​កែប្រែ និង​បន្សាប​។ ខេត្តកោះកុង ជា​ខេត្ត​រងគ្រោះ​ដោយសារតែ​ការ​ចរាចរណ៍​គ្រឿងញៀន​ពី​ខេត្ត​ភាគ​ឥសាន និង​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​BLO​នេះដែរ លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន គាំទ្រ និង​ឯកភាព​សហការ​ផ្តល់ព័ត៌មាន​ជាមួយ​ភាគី​ថៃ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ការ​ចរាចរណ៍​គ្រឿងញៀន​អោយ​ខាន​តែ​បាន​នៅតាម​បន្ទាត់​ព្រំដែន​រវាង ខេត្ត និង​ប្រទេស​ទាំងពីរ​។ នៅ​កម្ពុជា មនុស្ស​ដែល​ប្រើប្រាស់​គ្រឿងញៀន ច្រើនជាងគេ​ជា​យុវជន​អាយុ​ប្រហែល​ពី​១៥​ឆ្នាំទៅ​២៥​ឆ្នាំ​។ គ្រឿងញៀន​បាន​សុខភាព ថវិកា សេច​ក្តិ​ថ្លៃថ្នូរ​ក​ត្តិ​យស​គ្រួសារ បាត់បង់​ធនធានមនុស្ស សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​

ដោយឡែក លោក ស៊ុប​ផាក​មិត្ត ឈិន​ណាក់​ស៊ី អភិបាលរង​ខេត្ត​ត្រាត លើកឡើងថា ការផ្តល់​ព័ត៌មាន​កំនត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ជា​រឿង​ចាំបាច់​បំផុត​លើ​វិធានការ​បង្ក្រាប​អោយបាន​ទាន់ពេលវេលា​រួមគ្នា ករណី​មានការ​ផ្តល់ព័ត៌មាន​ច្បាស់លាស់​ពី​ភាគី​អាជ្ញាធរ​ឈរលើ​គោលដៅ​នីមួយៗ​ជាប់​ព្រំដែន​។

អភិបាលរង​ខេត្ត​ត្រាត ក៏​ប្តេជ្ញាចិត្ត​ដែរ​ថា នឹង​បង្កើន​កិច្ចសហការ​ត្រួតពិនិត្យ​ទៅលើ​ទំនិញ និង​អ្នកទេសចរ​ចេញចូល​ព្រំដែន​គោក និង​ព្រំ​ដែនទឹក​អោយ​ល្អប្រសើរ​ផងដែរ ជៀសវាង​ជន​ទុ​ច្ចិត​អាច​ប្រព្រឹត្ត​បាន​។ កន្លងទៅ អាជ្ញាធរ​ថៃ បង្ក្រាប​អ្នក​ចែកចាយ និង​ប្រើប្រាស់​សារ​ញៀន​បាន​ក្នុង​តំបន់​សហគមន៍​នេសាទ ក្លឹប​សេវា​កម្សាន្ត និង​ការដ្ឋាន​សំណង់​។​

គួរ​កត់សម្គាល់ថា ក្នុង​មួយឆ្នាំ​កន្លងទៅនេះ គិត​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​បាន​៤២​ករណី ឃាត់ខ្លួន​មនុស្ស​១០៧ ស្រី​១៣​នាក់​។ និង​រឹបអូស​វត្ថុតាង​ជា​សារធាតុ​ញៀន​ជាង​២៥៤​កញ្ចក់​ធំ​តូច ជ​ញ្ចី​ង​ថ្លឹង​គ្រឿង ញៀន​៤​គ្រឿង ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​៤៤​គ្រឿង កាំភ្លើង​២​ដើម និង​ប្រាក់រៀល​៥៧​ម៉ឺន​រៀល ប្រាក់​ដុល្លារ​២០០ និង​ប្រាក់​បាត​២៦០​បាត​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម