អាជ្ញាធរ​ជាតិ​អប្សរាៈ ការចូល​ចាក់ដី​ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺ​ខុសច្បាប់​

478
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា ការចូល​ចាក់ដី​ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺ​ខុសច្បាប់ ចំពោះ​រថយន្ត​ដឹក​ដី​ណា​ដែល​រកឃើញថា​បាន​ដឹក​ដី​យកទៅ​ចាក់​បំពេញ​ក្នុង​ទីតាំង​ណាមួយ ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមការងារ​មាន​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រថយន្ត​នោះ​នឹងត្រូវ​ឃាត់ទុក​ក្នុង​រយៈពេល​យូរ​ដោយ​គ្មាន​កាលកំណត់​។​ នេះ​គឺជា​ការបញ្ជាក់​ឲ្យដឹងពី​អាជ្ញាធរ​ចា​តិ​អប្សរា នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ជាមួយនឹង​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត រាល់​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស់ និង​ការអភិវឌ្ឍ​មិន​សមស្រប ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ និង​តម្លៃ​ទេសភាព​វប្បធម៌​ស្ថិតនៅក្នុង​តំបន់​១ និង​តំបន់​២​នឹងត្រូវ​ទប់ស្កាត់​។​

មន្ត្រី​ដដែល​បាន​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ដាច់ខាត ចំពោះ​រាល់​ការដឹក​ដី​ទៅ​បំពេញ​ឬ​សាងសង់​ដោយ​គ្មាន​ការអនុញ្ញាត និង​ការ​ពុះ​ដី​ឡូ​តិ៍លក់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ចំពោះ​រថយន្ត​ដឹក​ដី​ណា​ដែល​រកឃើញថា​បាន​ដឹក​ដី​យកទៅ​ចាក់​បំពេញ​ក្នុង​ទីតាំង​ណាមួយ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមការងារ​មាន​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រថយន្ត​នោះ​នឹងត្រូវ​ឃាត់ទុក​ក្នុង​រយៈពេល​យូរ​ដោយ​គ្មាន​កាលកំណត់​។​

​រមណីយដ្ឋាន​អង្គរ ជាទី​តាំង​ប្រវត្តិសាស្ត្រ និង​ជាទី​បុរាណ​ដ្ឋា​ន​ដែល​ទទួលបាន​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត​ដែលមាន​ផ្ទៃដី​ទំហំ ៤០១​គីឡូម៉ែត្រ​ក្រឡា គ្របដណ្តប់​ភូមិសាស្ត្រ​ក្រុង​-​ស្រុក​ចំនួន​៥ សង្កាត់​-​ឃុំ​ចំនួន​២២ និង​ភូមិ​ចំនួន​១១២​ភូមិ​របស់​ខេត្តសៀមរាប​៕
​រូបភាពៈ អាជ្ញាធរ​ជាតិ​អប្សរាៈ ការចូល​ចាក់ដី​ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺ​ខុសច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម