ចិន​និង​វៀតណាម​ជំរុញ​ទំនាក់ទំនង​ដល់​កំរិត​ថ្មី​និង​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​២​ទៅកាន់​អឺរ៉ុប​

566
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា បាន​ទទួល​ជួប​សវនាការ​ជាមួយ​ប្រធាន​សភា​វៀតណាម លោកស្រី ង្វៀន ធី គីម ង៉ាន និង​បាន​អំពាវនាវ​អោយ​​ប្រទេស​ទាំង​២​ជំរុញ​មិត្តភាព​និង​ពង្រឹង​កិច្ចសហការ​គ្នា​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​អោយ​ដល់​កំរិត​ថ្មី​មួយ​។​

​ស៊ី ក៏​បាន​សុំ​អោយ​លោកស្រី​ង៉ាន ពាំនាំ​ការសួរសុខទុក្ខ​និង​ស្វាគមន៍​របស់លោក​ជូន អគ្គលេខាបក្ស​កុំម្មុយនីស្ត​និង​ប្រធានាធិបតី​វៀតណាម​លោក ង្វៀន ភូ​ជុង​។​

​ដោយ​ហៅ​ប្រទេស​ទាំងពីរ​ថា​«​សម​មិត្ត​និង​បងប្អូន​» លោក​ស៊ី បាន​និយាយថា​ពួកគេ​នឹង​បង្កើត​សហគមន៍​នៃ​អនាគត​រួមគ្នា​មួយ ជាមួយនឹង​សារសំខាន់​យុទ្ធសាស្ត្រ​។​

ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ជួប​សវនាការ​ជាមួយ​ប្រធានសភា​វៀតណាម លោកស្រី ង្វៀន ធី គីម ង៉ាន នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​។​តាម​ការអញ្ជើញ​​របស់​ប្រធាន​សភា​ចិន លោកស្រី​បាន​ធ្វើ​ទស្សនកិច្ច​ចិន​ចាប់ពី​ថ្ងៃ​៨​ដល់​១២​កក្កដា​

​នៅពេល​ចិន​និង​វៀតណាម​នឹង​ប្រារព្វ​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំក្រោយ លោក​ស៊ី​បាន​អំពាវនាវ​អោយ​ភាគី​ទាំង​ពីរ​ប្រកាន់ខ្ជាប់​បំណងប្រាថ្នា​ដើម​របស់​ខ្លួន សម្លឹង​​មើល​ផលប្រយោជន៍​ធំ ជំរុញ​មិត្តភាព​និង​កិច្ចសហការ ដើម្បី​អោយ​វា​ឈាន​ដល់​កំរិត​ខ្ពស់​ថ្មី​មួយ​។​

​មុន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានសភា​ចិន ក៏​បាន​ប្រាប់​សម​ភាគី​វៀតណាម​ថា ប្រទេស​ទាំង​២​ត្រូវ​ជំរុញ​កិច្ចសហការ​សេដ្ឋកិច្ច​។​លោក លី ហ្សាន​ស៊ូ បាន​ប្រាប់​លោក​ស្រី​ង៉ាន​ថា ​ចិន​ចង់​សហការ​ជាមួយ​វៀតណាម​ដើម្បី​ស្ថាបនា​ខ្សែ​រថភ្លើង​មួយ​ទៅ​កាន់​អឺរ៉ុប​ដើម្បី​ជួយ​សម្រួល​ការដឹកជញ្ជូន​ទំនិញ​វៀតណាម​ទៅកាន់​ទ្វីបអឺរ៉ុប​។​

​យោង​តាម​រដ្ឋាភិបាល​ចិន ខ្សែ​រថភ្លើង​នេះ​មានបំណង​ជំរុញ​ការតភ្ជាប់​តំបន់​តាមរយៈ​គំរោង​ហេដ្ឋារចនាសម្ពន្ធ ដែល​ភ្ជាប់​បណ្តាញ​ផ្លូវគោក​និង​ផ្លូវទឹក​រវាង​អាស៊ីអាគ្នេយ៍ អាស៊ី​​កណ្តាល មជ្ឈិម​បូព៌ា អឺរ៉ុប​និង​អាហ្វ្រិក​។​

​លោក​លី ក៏​ស្វះស្វែង​ជំរុញ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជាច្រើន​រួមមាន ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម​និង​ទេសចរណ៍​។​

​ចំណែក​លោក​ស្រី​ង៉ាន ដែល​បាន​ធ្វើ​ទស្សនកិច្ច​ចិន​ចាប់ពី​ថ្ងៃ​៨​ដល់​១២​កក្កដា បាន​និយាយថា​ភាគី​វៀតណាម​មិន​ដែល​ភ្លេច​ការគាំទ្រ​ដ៏​មាន​តំលៃ​និង​ជំនួយ​ផ្តល់​ដោយ​សម​មិត្ត​​ចិន​កាលពី​អតីតកាល​និង​សព្វថ្ងៃ​។​

​លោកស្រី​បាន​បញ្ជាក់ថា វៀតណាម​ជឿ​ថា​សម​មិត្ត​ចិន​នឹង​សំរេច​គោលដៅ​អភិវឌ្ឍន៍​សំខាន់ៗ ដែល​កំណត់​ដោយ​សមាជ​បក្ស​ទូទាំងប្រទេស​លើក​ទី​១៩ ក្រោម​ការដឹកនាំ​របស់​គណៈ​​កម្មា​ធិ​ការកណ្តាល​មជ្ឈិមបក្ស ដែល​មាន​លោក​ស៊ី​ជា​ស្នូល​។​វៀតណាម​ត្រៀម​ធ្វើការ​ជាមួយ​ចិន ដើម្បី​អនុវត្ត​តាម​គោល​ការណែនាំ​និង​កុងសង់ស៊ីស ដែល​សំរេច​ឡើង​ដោយ​ប្រធាន​​បក្ស​និង​ប្រទេស​ទាំង​២ គាំទ្រ​គ្នា​យ៉ាង​មុតមាំ​លើ​មាគ៌ា​សង្គមនិយម បន្ត​មិត្តភាព​ជា​ប្រពៃណី ពង្រឹង​កិច្ច​សហការ​ផ្តល់​ផលប្រយោជន៍​រវាង​គ្នា និង​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​​ដោយ​ប្រសិទ្ធភាព ដើម្បី​អាច​ជំរុញ​ភាពជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​ពិស្តារ​៕​ដោយ​៖​វាសនា​