ផ្អើល​កាត់បន្ថយ​ការបរិភោគ​សាច់ជ្រូក​

-​សាច់ជ្រូក​លក់​ទីផ្សារ​មានការ​ថយចុះ​

656
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
ដោយសារ​ផ្អើល​ការរីក​រាលដាល​ជំងឺ​ជ្រូក​ប៉េស្ត៍​អា​ហ្វ្រិក​មកដល់​ខេត្តកណ្តាល ក្បែរ​ជាយក្រុង​ភ្នំពេញ​មក នៅតាម​ទីផ្សារ​នានា​ក្នុង​ក្រុងមាន​ការថយចុះ​នាំ​សាច់ជ្រូក​យកមក​លក់​។ សូម្បី​ផ្សារ​បឹងទំពុន​តូច​មួយ អ្នកលក់​សាច់ជ្រូក​រាល់​ថ្ងៃ​បាន​ផ្អាក​លក់​សាច់ជ្រូក​មួយរយ​:​សិន ដោយសារ​អ្នកទិញ​បរិភោគ​សាច់ជ្រូក​កន្លងមក​គេ​អត់​ហ៊ាន​ទិញ​ទៀត​ទេ​។​កុងស៊ី​កាប់​ជ្រូក​មួយចំនួន កាត់បន្ថយ​ចំនួន​ជ្រូកនាំ​ចូលដោយសារ​ជំងឺ​នេះ​រាតត្បាត​ខ្លាំងពេក​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា មកដល់ពេលនេះ ជំងឺ​ជ្រូក​ប៉េស្ត៍​អា​ហ្វ្រី​ក​នេះ រីក​រាលដាល​៧០​ទៅ​៨០% ទៅលើ​អ្នក​ចិញ្ចឹមរ​របស់​កសិករ​ធុនតូច​និង​មធ្យម​។ ៣០​ទៅ​៤០% ត្រូវ​ខាតបង់​ទាំងស្រុង​។ តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ដឹងថា ការខាតបង់​របស់​អ្នក​ចិញ្ចឹម​អស់​ប៉ុន្មាន​លាន​ដុល្លារ​នោះទេ​។ ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំៗ នៅ​មិនទាន់​ជំងឺ​នេះ​ឆ្លង​ដល់​នៅឡើយ​ទេ​។ តែ​សភាពការណ៍​បែបនេះ ម្ចាស់​កសិដ្ឋាន​នីមួយៗ កំពុង​ការពារ​បាញ់ថ្នាំ​កុំ​ឲ្យ​ឆ្លង​លឿន​ពេក​ផង និង​រុញ​ជ្រូក​ដែល​ចិញ្ចឹម​នេះ លក់​ឲ្យ​បាន​លឿន ជៀសវាង​កុំ​ឲ្យ​ជំងឺ​នេះ​មកដល់ និង​កុំ​ឲ្យ​លក់​ទៅ​ខាត​ច្រើនពេក​។​

​លោក​ប្រាប់ថា តាម​កុងស៊ី​នីមួយៗ​មានការ​ថយចុះ​កាប់​ជ្រូក​ប្រមាណ​២០%​ទេ​។ ទីផ្សារ​ជ្រូក​នៅតែ​ថ្លៃ​គឺ​៩០០០​រៀល​ទៅ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​ជ្រូក​រស់​។ ការសម្លាប់​ជ្រូក​រស់​ដែល​កើត​ជំងឺ​នេះ​កន្លងមក នៅតាម​បណ្តា​ខេត្ត​ដែល​ផ្ទុះ​ជំងឺ​នេះ​អស់​រាប់ពាន់​ក្បាល​។ លោក​ថា គ្រាន់តែ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​មួយ​មកដល់ពេលនេះ ជ្រូក​កើត​ជំងឺ​នេះ​សម្លាប់ចោល​អស់​ជាង​៥០០​ក្បាល​។ ១​ខែ​ទៀត​១៩​ភូមិ​ក្នុង​ឃុំ​នេះ ត្រូវ​បិទ​ការចិញ្ចឹម​ជ្រូក​ទាំងស្រុង​។​

​លោក កន ម៉ៅ ម្ចាស់​កុងស៊ី​កាប់​ជ្រូក​ប្រចាំ​ខ័​ណ្ឌ​មានជ័យ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា គាត់​កាត់បន្ថយ​ការទិញ​ជ្រូក​ចូល​សំរាប់​កាប់​លក់​ប្រចាំថ្ងៃ​បន្តិចបន្តួច​។ យើង​មាន​អ្នកជំនាញ និង​ពេទ្យសត្វ​នៅ​ជួយ​មើល និង​ដឹងថា ជ្រូក​ណា​ឈឺ​ឬ​មិន​ឈឺ​។ ជ្រូក​ឈឺ​គឺ​ឲ្យ​ក្លិន​ចម្លែក​។ យើង​មិន​ទិញ​ជ្រូក​ទាំងនេះ​ទេ​។ ហើយ​មានការ​បាញ់ថ្នាំ​កាត់បន្ថយ​ការរីក​រាលដាល​ឆ្លង​នៅ​ទីនោះ​ទៀតផង​។​

​លោក​ប្រធាន​សមាគម​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើយ៉ាងណា​ជួយ​សង​ជា​សំណង​ដល់​អ្នក​ចិញ្ចឹម​តូចតាច ដែល​រងគ្រោះ​ទាំងនេះ​ខ្លះ​ផង​។ ក៏ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ឲ្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​សារព័ត៌មាន​កន្លងទៅ​ថ្មីៗ​នេះ​ថា គ្នាន​គោលនយោបាយ​ឧបត្ថម្ភ​ធន​ដល់​ការ​ងាប់​ជ្រូក​ដោយសារ​ជំងឺ​នេះ​ទេ​។ លោក​បញ្ជាក់ថា ជំងឺ​នេះ​នឹង​បន្ត​រីក​រាលដាល​បន្ថែមទៀត មិនអាច​ទប់ស្កាត់បាន​នោះទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម