បទល្មើស​ព្រៃឈើៈ​មន្ត្រី​នៃ​មន្ទីរជំនាញ​ចំនួន​ប្រាំនាក់​ត្រូវបាន​ហៅ​មក​សាកសួរ​,តែមិនឃាត់ខ្លួន

1086
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​,ចាន់បុត្រ/​ភ្នំពេញៈ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​មន្ត្រី​នៃ​មន្ទីរជំនាញ​ទាំង​ប្រាំ​រូប​ត្រូវបាន​ហៅ​ទៅ​សួរ​នាំនៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​តាំងពីព្រឹក​ថ្ងៃ​១៣​ខែកក្កដា​ដែល​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​ត្រូវបានអនុញ្ញាតឲ្យចាកចេញត្រឡប់មកគេហដ្ឋានវិញ ។​
​ប្រភព​បញ្ជាក់ថា​មន្ត្រី​ទាំង​ប្រាំ​រូបនេះ រួមមាន លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី , លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី , លោក​អ៊ំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ , លោក​ប៉ែន ភ​ត្រា នាយក​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក និង លោក​ហាន សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​


​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​មុននេះ​បន្តិច​ថា អ្នកណា​ក៏ដោយ​ឲ្យ​តែមាន​ការពាក់ព័ន្ធ​គឺ​ត្រូវតែ​អញ្ជើញ​មក​សាកសួរ​ទាំងអស់​។​

សេចក្តីរាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា មន្ត្រី នៃ​មន្ទីរជំនាញ​ចំនួន​ប្រាំ​រូប ដែល​ត្រូវបាន​ហៅ​មក​សាកសួរ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ដោយ​មិនមាន​ការឃាត់ខ្លួន​នោះទេ​។​
​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែកក្កដា ថា លោក​មិនទាន់​ឆ្លើយ​បានទេ ចាំ​ឆ្លង​ថ្នាក់លើ​សិន​។ ប៉ុន្តែ​គ្រាន់តែ​ជជែក​ពី​ការងារ​កិច្ចសហប្រតិបត្តិការ​រ​វាង​មន្ទីរ​បរិស្ថាន​ជាមួយនិង​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថា តើ​ត្រូវធ្វើ​អ្វី​បន្ត​ទៅមុខទៀត​។​


​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ថា “​ខ្ញុំ​គ្រាន់តែ​បានដឹងថា គេ​កោះអញ្ជើញ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ទៅ​សាកសួរ ព្រោះ​កន្លង​ទៅតាម​អ្វីដែល​ខ្ញុំ​ធ្វើ​របាយការណ៍​ស្នើសុំ​ឲ្យ​ឯកឧត្តម សៅ សុខា ចុះ​ធ្វើ​ប្រតិបត្តិការ​នេះ ដោយសារ​វា​ទៅ​ជាមួយគ្នា​ទាំងអស់ វា​ព្រម​គ្នា អីចឹង​ត្រូវ​ហៅ​ទៅ​សួរចម្លើយ​ទាំងអស់គ្នា ព្រោះ​រឿងនេះ វារ​លូន​ទៅ​ជាមួយគ្នា​ហើយ។ អ៊ីចឹង​ទុក​ឲ្យ​គេ​សាកសួរ​សិន​ចុះ​”​។​


​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​៩​ខែកក្កដា​មនុស្ស​ចំនួន​បួន​នាក់​ក្នុងនោះ​រួមទាំង​ឧកញ៉ា​ស៊ឹង​សំអុល​ម្នាក់​ផង​ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​។​ជាមួយគ្នានេះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ជា​៤០​គ្រឿង​ក៏ត្រូវ​បាន​បំផ្លាញចោល​ដែរ​នៅនឹងកន្លែង​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម