មេ​បក្ស​ប្រឆាំង​ឥណ្ឌូនេស៊ី ទុក​ការខ្វែងគំនិត​គ្នា​ទៅ​មួយ​ផ្នែក​និង​ត្រៀម​ជួយ​ប្រធានាធិបតី

718
ចែករម្លែក

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ និង​មេដឹកនាំ​ប្រឆាំង លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ បាន​ជួបគ្នា​ជា​លើកដំបូង​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដ៏​ជូរ​ចត់​មក។​

​លោក​វី​ដូ​ដូ បាន​ជាប់ឆ្នោត​ជា​ថ្មី​កាលពី​ខែ​មេសា តែ​គូប្រជែង​ចោទប្រកាន់​លោក​ថា​លួច​បន្លំ​សន្លឹកឆ្នោត​និង​អំពាវនាវ​អោយ​អ្នកគាំទ្រ​ចេញ​មក​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​ដែល​នាំ​អោយមាន​អំពើ​ហិង្សា​សម្លាប់​មនុស្ស​៩​នាក់​។​

​ទោះជា​យ៉ាងណា តុលាការ​ធម្មនុញ្ញ​ឥណ្ឌូនេស៊ី កាលពី​ខែ​មុន បានប្រកាស​រក្សាទុក​លទ្ធផល​ឆ្នោតដដែល​។​

​អ្នក​ទាំង​ពីរ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​កក្កដា បាន​ទុក​ការខ្វែងគំនិត​គ្នា​របស់​គេ​ទៅ​មួយ​ផ្នែក នៅ​ពេល​ពួក​លោក​ជិះ​រថភ្លើង​រួម​គ្នា​ដើម្បី​សាកល្បង​ប្រព័ន្ធ​ការធ្វើដំណើរ​ថ្មី​នៃ​ក្រុង​​ហ្សា​ការតា​។​

​ដោយ​ឈរ​ជាប់​ប្រធានាធិបតី មេដឹកនាំ​ប្រឆាំង​រូបនេះ​បាន​និយាយថា​«​អ្នកខ្លះ​សួរថា​ហេតុអ្វី​បានជា​ខ្ញុំ​មិន​អបអរ​ជ័យជម្នះ​របស់​ចូ​កូវី ។​ខ្ញុំ​មាន​វិធី​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​អបអរ​គាត់​​ជា​លក្ខណៈ​ឯកជន​ផ្ទាល់​»​។​

​លោក​បាន​បន្ថែមថា «​ធ្វើ​ជា​ប្រធានាធិបតី គឺ​បំរើប្រជាជន បញ្ហា​ដែល​គាត់​ត្រូវ​ប្រឈម​ធំ​ណាស់ និង​ខ្ញុំ​ត្រៀម​ជួយ​»​។​

​ចំណែក​លោក​ប្រធានាធិបតី បាន​និយាយថា​លោក​ស្វាគមន៍​គូ​ប្រជែង​របស់​លោក អរគុណ​ការរៀបចំ​អោយមាន​ជំនួប​នេះនិង​សង្ឃឹមថា​អ្នកគាំទ្រ​លោក​នឹង​ធ្វើ​តាម​ពីព្រោះ​«​យើង​​ជា​ជនរួមជាតិ​តែមួយ​។​ការប្រកួតប្រជែង​ក្នុង​ពិភពលោក​កាន់តែ​តឹងតែង​ឡើង ហើយ​យើង​ត្រូវ​ការរួម​គ្នា​អភិវឌ្ឍ​ប្រទេស​យើង​»៕ដោយ៖វាសនា

ប្រធានាធិបតីចូកូ​វី វី​ដូ​ដូ ស្វាគមន៍​មេ​បក្ស​ប្រឆាំង​និង​អង្គុយ​ជាមួយគ្នា​ក្នុង​រថភ្លើង​ក្នុង​ក្រុង​ហ្សា​ការតា​កាល​ពីថ្ងៃ​១៣​កក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម