លោក​ត្រាំ​ប្រាប់​តំណាងរាស្ត្រ​ស្រី​ថ្មីថ្មោង​បួន​នាក់​របស់​បក្ស​ប្រជាធិបតេយ្យ ឱ្យទៅ​ជួសជុល​ប្រទេស​ដើមកំណើត​របស់​ពួកគេ​សិន​ទៅ ចាំ​មក​ប្រឡូក​នយោបាយ​អាម៉េរិក​

921
ចែករម្លែក

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា លោក​ដូ​ណា​ល់ ត្រាំ​បាន​ប្រាប់​ឱ្យ​ក្រុម​អ្នកតំណាងរាស្ត្រ​ថ្មីថ្មោង​ទៅ​ជួសជុល​ប្រទេស​ដើមកំណើត​របស់​ពួកគេ មុននឹង​ចូលមក​ប្រឡូក​ក្នុង​នយោបាយ​អាម៉េរិក​។​

​ប្រធានាធិបតី​ត្រាំ​ទំនងជា​សំដៅ​ទៅលើ​ក្រុម​សមាជិកសភា​ស្រី​ថ្មី​៤​នាក់ ដែល​ថ្មីៗ​នេះ​កំពុងមាន​ជម្លោះ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ពួកគេ ដែល​ក្នុងនោះ​រួមមាន​ទាំង​អ្នកតំណាង​ស្រី​ឈ្មោះ អ៊ី​ល​ហាំ អូ​ម៉ា ដែល​កើត​នៅ​សូ​ម៉ាលី​។​

​លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ​ថា “​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ដែល​ឃើញ​តំណាងរាស្ត្រ​ស្រី​ថ្មីថ្មោង​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​ផ្សេង ដែល​រដ្ឋាភិបាល​របស់​ពួកគេ​គឺជា​គ្រោះមហន្តរាយ​ទាំងស្រុង​និង​អាក្រក់​បំផុត ពោល​គឺជា​កន្លែង​អាក្រក់​បំផុត​និង​ពុករលួយ​បំផុត​នៅក្នុង​ពិភពលោក (​មិនដឹងថា​ពួកគេ​មាន​រដ្ឋាភិបាល​ដែល​ដំណើរការ​ឬ​អត់​ទេ​) ឥឡូវ​បែរជា​មក​ស្រែ​កកោកៗ​ឮៗ​ឱ្យ​ប្រជាជន​នៃ​សហរដ្ឋ​អាម៉េរិក​ដែលជា​មហាអំណាច​ដ៏​អស្ចារ្យ​បំផុត​និង​ខ្លាំងក្លា​បំផុត​នៅលើ​ផែនដី ពី​របៀប​ដែល​រដ្ឋាភិបាល​របស់​យើង​គួរ​ដឹកនាំ​យ៉ាងម៉េច​”​។​

​លោក​បាន​លើកឡើងថា “​ហេតុអ្វី​បានជា​ពួកគេ​មិន​ត្រឡប់​ទៅ​ជួយ​ជួសជុល​កន្លែង​ខូចខាត​ទាំងស្រុង​និង​ញាំញី​ដោយ​ឧក្រិដ្ឋកម្ម ដែលជា​ប្រទេស​កំណើត​របស់​ពួកគេ​ទៅ​។ បន្ទាប់មក​ចាំ​ត្រឡប់​មកវិញហើយ​បង្ហាញ​ពួកយើង​ពី​របៀប​ដែល​វា​ត្រូវបាន​ជួសជុល​”​។​

​នៅក្នុង​សារ​ទី​បី​របស់គាត់​នៅលើ Twitter លោក​ត្រាំ​បាន​និយាយថា​អ្នកនយោបាយ​អាម៉េរិក​ទាំងនោះ​ត្រូវតែ​ផ្តោតលើ​ការជួយ​ប្រទេស​ដើម​របស់​ពួកគេ​សិន មុននឹង​ផ្តោតលើ​សហរដ្ឋ​អាម៉េរិក​។​

​លោក​បាន​សរសេរ​បញ្ច​ប់​ប្រយោគ​របស់គាត់​យ៉ាង​ដូច្នេះ​ថា “​កន្លែង​ទាំងនេះ​ត្រូវការ​ការជួយ​របស់​អ្នក​យ៉ាងខ្លាំង អ្នក​មិនអាច​ចាកចេញ​ឱ្យបាន​លឿន​ទេ​អី​។ ខ្ញុំ​ប្រាកដ​ណាស់​ថា លោកស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី នឹង​សប្បាយចិត្ត​ណាស់​ក្នុង​ការរៀបចំ​ការធ្វើដំណើ​រ​ដោយ​សេរី​ឱ្យបាន​ឆាប់រហ័ស​!”​។​

​នៅក្នុង​ព្រឹត្តិការណ៍​ក្រឡាប់ចាក់​មិន​ទំនង​នេះ លោក​ប្រធានាធិបតី​បែរជា​មើលឃើញ​ខ្លួនឯង​កំពុង​ការពារ​ប្រធានសភា​លោកស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ដែល​ថ្មីៗ​នេះ​កំពុងមាន​ជម្លោះ​ជាមួយ​អ្នកតំណាង​ថ្មី ដូចជា លោកស្រី​អូ​ម៉ា លោកស្រី រ៉ាស៊ី​ដា ធី​ថា​លី​ប លោកស្រី​អា​ឡិច​សាន់​ឌ្រី​យ៉ា អូ​កាស៊ី​អូខ​ត​ថេ​ស និង លោកស្រី អា​យ៉ាន​ណា ប្រេ​ស​ស្លី​។​

​តំណាងរាស្ត្រ​ស្រី​ទាំង​បួន​នាក់​នេះ​បាន​ជាប់ឆ្នោត​សភា​ជា​លើកដំបូង​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ក្នុង​ឆ្នាំ ២០១៨ និង​បង្កើតជា​ក្រុមតំណាងរាស្ត្រ​ថ្មីថ្មោង​ភាគតិច​ដ៏​តូច​មួយ​នៅក្នុង​សភា​អាម៉េរិក​។​

​កាលពីដើម​ខែកក្កដា​នេះ ពួកគេ​ទាំង​បួន​បាន​បោះឆ្នោត​ប្រឆាំងនឹង​ច្បាប់​សង់​ជញ្ជាំង​ព្រំដែន​របស់​គណបក្ស​សាធារណរដ្ឋ​ដែលមាន​តម្លៃ ៤,៦ ពាន់​លាន​ដុល្លារ ដែល​នឹង​ផ្តល់​ថវិកា​ដល់​ការសង់​ជញ្ជាំង​ព្រំដែន​រួមទាំង​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​។​

​លោកស្រី​ប៉េ​ឡូ​ស៊ី​បាន​គាំទ្រ​ច្បាប់​នេះហើយ​បាន​ជួយ​ឱ្យ​ច្បាប់​នេះ​អនុម័ត​នៅ​សភា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ជាច្រើន​បានបង្ហាញ​ពី​ស្ថានភាព​ដ៏​គួរឱ្យ​រន្ធត់ ដែល​ជនអន្តោប្រវេសន៍​បាន​ប្រឈមមុខ​នៅ​មណ្ឌល​មួយចំនួន​នៅតាម​បណ្តោយ​ព្រំដែន ដែល​គ្រប់គ្រង​អ្នក​ដែល​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ប្រាប់​ក្រុម​សមាជិកសភា​ស្រី​ថ្មីថ្មោង​របស់​បក្ស​ប្រជាធិបតេយ្យ​ឱ្យទៅជួយ​ប្រទេស​ដើមកំណើត​របស់​ពួកគេ​សិន ចាំ​មក​ខ្វល់​ពី​អាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម