អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សមាគម​ធនធានមនុស្ស​ខេត្តសៀមរាប​ដាំ​កូនឈើ​២​ពាន់​ដើម​

465
ចែករម្លែក

ដោយ:​បាយ័ន​/​សៀម​រាប ៖ ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សមាគម​ធនធានមនុស្ស​ខេត្តសៀមរាប​(HRC)​រៀបចំ​ដាំ​កូនឈើ​ចម្រុះ​រួមមាន គ្រញូង ធ្នង់ បេង ឈើទាល ចំបក់ ត្រាច ផ្ដៀក ធ្លក ត្រ​យឹ​ង ចំនួន​២,០០០​ដើម នៅក្នុង​រមណីយដ្ឋាន​អង្គរ​។

ការដាំ​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​មកពី​សណ្ឋាគារ រី​ស៊​ត ភោជនីយដ្ឋាន មន្ទីរពេទ្យ អង្គការ និង​ក្រុមហ៊ុន​ផ្សេងៗ​សរុប​ចំនួន ៤៥ ដែល​ចូលរួម​ដាំ​នៅ​បរិវេណ​ខាងកើត​នៃ​ប្រាសាទ​ប្រី​យ៍ ដែល​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​។​

អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ជូ​រ៉ា ឌី​ណា ក្នុង​ពិធី​ដាំ​កូនឈើ​នៅពេល​នោះបាន​និយាយថា សកម្មភាព​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ក្នុងការ​ចូលរួម​ថែរក្សា​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ថែរក្សា​បរិស្ថាន​ក្នុង​ឧទ្យាន​មួយ​នេះ​ឱ្យមាន​ភាពស្រស់​បំព្រង និង​ក្លាយជា​តំបន់​ប្រមូលផ្ដុំ​ប្រភេទ​ឈើ​កម្រ​និង​បាត់បង់​ឱ្យ​ដុះ​ឡើងវិញ​។

លោក ឌី​ណា ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងអស់ ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ល្មើសច្បាប់​ដូចជា​ការកាន់កាប់​ដីព្រៃ ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ក៏ដូចជា​ការបំផ្លាញ​ប្រភេទ​ឈើ​កម្រ​តទៅទៀត និង​រួមគ្នា​ការពារ​ធនធានធម្មជាតិ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យបាន​គង់វង្ស​តទៅ​ថ្ងៃក្រោយ​។​

គួរ​បញ្ជាក់ថា នេះ​ជាការ​ចូលរួម​ទី​៦​ហើយ​របស់​សាធារណជន​ក្នុងការ​ចូលរួម​ដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្នុងនោះដែរ ចាប់តាំងពី​ដើមឆ្នាំ​២០១៩​មក អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែកចាយ​កូនឈើ​គ្រប់​ប្រភេទ​ជូន​សាធារណជន​បាន​ចំនួន​ជាង​៤​ម៉ឺន​ដើម និង​បាន​ដាំ​ក្នុង​តំបន់​អង្គរ​បាន​ជាង​១​ម៉ឺន​ដើម​ហើយ​។

អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​បន្ថែមទៀត​ដល់​សាធារណជន​គ្រាប់​ស្រទាប់ រួមទាំង​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ សូម​ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា​ដើម្បី​ការអភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម