ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប​ និង​មន្ដ្រីក្រោមឱវាទ​មន្ទីរ​ទាំ​ង​អស់​ចុះ​សម្អាត​រក្សា​អនាម័យ​បរិស្ថាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ក្រុង​សៀមរាប​

480
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ ដើម្បី​លើកកម្ពស់​អនាម័យ បរិស្ថាន​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប និង ក្រោម​ការយកចិត្តទុកដាក់ និង ការណែនាំ​របស់ អភិបាលខេត្ត​សៀមរាប នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប បាន​ដឹកនាំ​មន្ដ្រីក្រោមឱវាទ​មន្ទីរ​ទាំ​ង​អស់ ចុះ​សម្អាត​រក្សា​អនាម័យ​បរិស្ថាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​និយាយថា ការចុះ​សម្អាត​រក្សា​អនាម័យ​បរិស្ថាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ក្រុង​សៀមរាប ដោយ​ចាប់ពី​ចំណុច​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ផ្លូវបំបែក​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប រហូតដល់​ស្ដុ​ប​ភោជនីយដ្ឋាន​ទន្លេសាប ក្នុង​ក្រុង​សៀមរាប ។

លោក​បាន​បន្តថា សម្មភាព​ដែល​មន្ត្រី និង កម្មករ​នៃ​មន្ទីរ​សាធារណការ និង ដឹក ជញ្ជូន​ខេត្ត​ធ្វើឡើង​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណៈជន​ទូទៅ ឲ្យ​មាន​ការ​កែប្រែ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ និង សូម​ឲ្យ​មាន​វិចារណញ្ញាណ ក្នុងការ​គិតគូរ ទុកដាក់​វេច​ខ្ចប់ និង ការ​ចោល​សម្រាម​តាម​ទីសាធារណៈ។ ម្យ៉ាងទៀត​ការធ្វើ​អនាម័យ បរិស្ថាន​នេះ ក៏បាន​ធ្វើ​ការយក​ដី សម្រាម​ចេញ​តាម​ចង្អូរ​តាម​ចិញ្ចើមផ្លូវ និង មាត់​លូ ដើម្បី​បើកផ្លូវ​ចរន្តទឹក​នៅពេល​ភ្លៀង​ធ្លាក់ ហូរ​បាន​ទាន់ពេល​ចូលទៅក្នុង​លូ កុំ​ឲ្យ​ដក​នៅតាម​ចិញ្ចើមផ្លូវ ដែល​ងាយ​ធ្វើ​ឲ្យ​រង​ការខូចខាត​ផ្លូវ​ទៀតផង ។

លោក​ក៏បាន​សំណូមពរ សូម​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​សម្អាត​នៅតាម​ដងផ្លូវ​សាធារណៈ មុខផ្ទះ​របស់ខ្លួន​ឲ្យ​បាន​ស្អាត​ជានិច្ច ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ទាំង​អនាម័យ សុខភាព​សាធារណៈ គឺ​ចាំបាច់​ត្រូវការ​យើង​គ្រប់រូប​ចូលរួម​ទាំងអស់គ្នា ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង ជម្រុញ​លើកទឹកចិត្ត ព្រមទាំង​ចលនា​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សំខាន់​យុវវ័យ​ឲ្យ​ចូលរួម​គិត និង ចូលរួម​សម្អាត រក្សា​អនាម័យ បរិស្ថាន ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ទីក្រុង និង​ទីប្រជុំជន​កាន់​តែមាន​សោភ័ណភាព​ស្រស់បំព្រង គ្មាន​សម្រាម ស្បោង​ប្លា​ស្ទី​ច​ហោះហើរ​នៅតាម​ដងផ្លូវ តាម​ទីផ្សារ តាម​ទីប្រជុំជន តាម​សួនច្បារ និង ទីសាធារណៈ ដើម្បី​ធានា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលមក​ទស្សនា​កម្សាន្ត ឲ្យ​បានល្អ​ប្រសើរឡើង​បន្ថែមទៀត។​

លោក​ក៏បាន​បន្តថា ខេត្តសៀមរាប គឺជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​មជ្ឈដ្ឋាន​លើ សក​លោក​ចូលមក​ទស្សនា​កម្សាន្ត ដោយ​ខេត្តសៀមរាប​ជា​ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប ព្រមទាំង​មាន រមនីយដ្ឋាន​ធម្មជាតិ (​បឹង​ទន្លេសាប និង ភ្នំ​គូលែន ) ។ ក្នុងនោះ​លោក ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព អនាម័យ បរិស្ថាន ព្រមទាំង​ធ្វើការ​ឲ្យ​ត្រូវ​ចេះ​ធ្វើ​អនាម័យ បរិស្ថាន​នៅតាម​ភូមិដ្ឋាន និង ក្រុមគ្រួសារ​ខ្លួន ដើម្បី​ភូមិដ្ឋាន​យើងមាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​កម្សាន្ត​ទៀតផង៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម