ទីស្ដីការគណៈរដ្ឋមន្ត្រី​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ​

2815
ចែករម្លែក

ដោយៈ​មុនីរ​ត្ន័​/​ភ្នំពេញៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង (ING Holding) របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ នៅ​បឹង​ជើងឯក​។ ការ​មោឃភាព​នេះ​ដោយសារ​ក្រុមហ៊ុន​មិន​អនុវត្តន៍​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ថិតក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​


​ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន​អាយ​អិន​ជី ហូល​ឌី​ង ចំនួន​៥​ប័ណ្ណ គឺ​ប័ណ្ណ​លេខ​ភព ៦៨៥៧៨ , ភព ៦៨៥៧៩ , ភព ៦៨៥៨០ , ភព ៦៨៥៨២ និង​ភព​លេខ ៦៨៥៨៣ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ​ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ជម្រាបជូន​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ។​


​ជាមួយគ្នានេះ ទីស្ដីការគណៈរដ្ឋមន្ត្រី​ក៏បាន​សម្រេច​និរាករណ៍​លិខិត​លេខ ១៩៨ ស​.​ជ​.​ណ ផ​ក ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លិខិត​លេខ ៨០១ ស​.​ជ​.​ណ ផ​ក ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ និង​លិខិត​លេខ ១១៤៧ ស​.​ជ​.​ណ ឧស ​ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​


​ការ​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន​អាយ​អិន​ជី ហូល​ឌី​ង ចំនួន​៥​ប័ណ្ណ គឺ​យោងតាម​លិខិត​លេខ ១៤៨៨ ដន​ស​/​អសដ​ភ ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ របស់​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ លិខិត​លេខ ៣០៨ ខន​/០១៩ សជណ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ។​


​គួររំលឹកថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹងទំពុន ING Holding បានធ្វើ​កិច្ចសន្យា​មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កសាង​ផ្លូវ​ថ្មី​ឈ្មោះ «​មហាវិថី​សម្តេច​តេ​ជោ​» ដែលមាន​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង​៩ គីឡូម៉ែត្រ ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្រុមហ៊ុន គឺ​ត្រូវ​ដោះស្រាយ រាល់​ការប៉ះពាល់​នានា​ដែល​ពាក់ព័ន្ធ នឹង​ដី​ជា​កម្មសិទ្ធិ​រស់នៅរបស់​ប្រជាជន ប៉ុន្តែ​ក្រុមហ៊ុន ING Holding មិនបាន​ធ្វើតាម​ដូច​បាន​សន្យា​ជាមួយនឹង​រាជរដ្ឋាភិបាល​ឡើយ​៕​សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម