អ៊ីរ៉ង់​ថា អ៊ីរ៉ង់​ត្រៀមខ្លួន​ធ្វើការ​ចរចា​ជាមួយ​អាមេរិក​បើសិន​ការដាក់ទណ្ឌកម្ម​ត្រូវ​បាន​លុបចោល​

745
ចែករម្លែក

​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន រ៉ូ​ហានី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​ថា អ៊ីរ៉ង់​ត្រៀមខ្លួន​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ លុបចោល​ការដាក់ទណ្ឌកម្ម​និង​បោះបង់​ការគំរាមកំហែង​។​

​កាលពី​ពេលមុន​នេះ រដ្ឋាភិបាល ក្រុង​ប៊ែរ​ឡាំង ក្រុងប៉ារីស​និង ក្រុង​ឡុង​ដ៍​បាន​អំពាវនាវ​ឱ្យ​មាន​ការចរចា​រវាង​ភាគី​ទាំងអស់​នៃ​ក្រុម​ប្រទេស​សមាជិក​នៃ​ផែនការ​សកម្មភាព​រួម​គ្នា​ (JCPOA) ឬ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ដោយ​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ ធ្វើឱ្យ​មាន​ហានិភ័យ​ដោយសារតែ​ការដាក់ទណ្ឌកម្ម​ស​របស់​សហរដ្ឋអាមេរិ​ក​ប្រឆាំង​អ៊ីរ៉ង់​​និង​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ក្នុង​ការបញ្ឈប់​ការប​ន្ត​កាតព្វកិច្ច​របស់​ខ្លួន ។​

​លោកហាស​សាន រ៉ូ​ហានី បាន​និយាយថា ” យើង​តែងតែ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការចរចា​។ ខ្ញុំ​ប្រាប់​អ្នក​នៅ​ម៉ោង​នេះ​និង​ពេល​នេះ​ឱ្យ​បោះបង់​ការគំរាមកំហែង​និង​លុបចោល ការដាក់ទណ្ឌកម្ម​ហើយ​ត្រឡប់​មក​រក​គំនិត​សមស្រប​វិញ​។ យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ “, នេះ​បើ​តាម​សារព័ត៌មាន​Mehr ។​

​លោកហាស​សាន រ៉ូ​ហានី​បាន​បន្ថែម​ថា​អ៊ីរ៉ង់​បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​ខ្លួន​ពី “​ការអត់ធ្មត់​ជា​យុទ្ធសាស្ត្រ​” ទៅជា “​សកម្មភាព​ឆ្លើយតប​ទៅវិញទៅមក​”​ហើយ​នឹង​ឆ្លើយតប​ទៅ​​នឹង​ការចាត់វិធានការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​៕​ដោយ​៖​សុខា​/sn

ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាស​សាន រ៉ូ​ហានី​

ទីតាំងផ្សាយពាណិជ្ជកម្ម