អាជ្ញាធរខេត្តស្វាយរៀង បាននឹង​កំពុងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺប៉េសជ្រូកអាហ្វ្រិក

467
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្រ្តី​អន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភដល់ម្ចាស់កសិដ្ឋានចំនួន ២០០,០០០រៀល សម្រាប់ទិញថ្នាំការពារមេរោគ និងបានផ្សព្វផ្សាយ អប់រំដល់បង​ប្អូនប្រជាពលរដ្ឋបានគ្រប់គ្រួសារចំនួន៩ ភូមិក្នុងរង្វង់៣គ.ម ក្នុងរង្វង់ហ៊ុព័ទ្ធនៃជម្ងឺ​ប៉េស្តជ្រូកអាហ្វិ្រក ដោយបានបាញ់ថ្នាំសម្លាប់មេរោគបាន១៧លើក និងបាន១០៦ទ្រុង ដើម្បីការពារមេរោគក្នុងឃុំក្រោលគោ។

សូមបញ្ចាក់ថា បច្ចុប្បន្ននេះ ស្ថានភាពជ្រូកនៅភូមិឫស្សីជួរខាងត្បូង​មានសភាព​ស្ងប់​ស្ងាប់​សត្វជ្រូកនៅក្នុងទ្រុងសរុប២៧ក្បាលងាប់គ្មាន (គិតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩)។

អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ បានសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វ​យ៉ាងសកម្មបន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការណ៍ទប់ស្កាត់​តាមប្រកាសរបស់ក្រសួង និងសេចក្តីណែនាំរបស់ខេត្តស្វាយរៀង មកដល់​ពេលនេះ​ស្ថានភាពនៃការរីករាលដាលមានសភាពធូរស្រាល៕B/