ដំណាំ​ស្រូវវស្សា​ជាង​៣០​ភាគរយ​លើ​ផ្ទៃ​ជិត​មួយ​ពាន់​ហិកតា​នៅ​ស្រុក​កំពង់សៀម​ប្រឈម​នឹង​ងាប់​ដើម​

837
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ដំណាំ​ស្រូវវស្សា​ដែល​កសិករ​បានធ្វើការ​សាបព្រោះ​បាន​អាយុ​ពី ៦០ ទៅ ៨០​ថ្ងៃ ប្រមាណ ៣០​ភាគរយ​នៃ​ផ្ទៃដី​ដាំ​ដុះ​រួចរាល់​ជិត ១.០០០ ហិកតា​នៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​បាន​ជួប​បញ្ហា​ប្រឈម​នឹង​ងាប់​ដើម ប្រសិន​ភ្លៀង​នៅតែ​បន្ត​រាំង ដោយ​ទីនោះ​ជា​តំបន់​គ្មាន​ប្រភពទឹក ឬ ប្រព័ន្ធធារាសាស្ត្រ ក្រៅពី​ទឹកភ្លៀង​មួយ​មុខ​នោះ​។​

លោក ជា ស៊ា​ង​ហេង មេឃុំ​អូរ​ស្វាយបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៥ ខែកក្កដា​ថា មកដល់​ពេល​ស្មើ​នេះ​ប្រជាកសិករ​ទូទាំង​ឃុំ​បានធ្វើការ​សាបព្រោះ​ចប់សព្វគ្រប់​បាន ១០០ ភាគរយ​ហើយ​លើ​ផ្ទៃដី​ស្រូវវស្សា​សរុប​ចំនួន ៨៥០ ហិកតា បន្ទាប់​ទឹកភ្លៀង​បាន​បង្អោរ​ច្រើន​មេ​កាលពី​ចុងខែ​មេសា និង​ដើមខែ​ឧសភា​។ ប៉ុន្តែ​ចូលដល់​ដើមខែ​កក្កដា​នេះ ទឹកភ្លៀង​បាន​ចាប់​រអាក់រអួល គឺ​គ្រាន់តែ​រលឹម​តិចៗ ឬក៏​រាំង​គ្មាន​ភ្លៀង​តែម្តង និង​កម្តៅ​ក៏​កើនឡើង​ទៀត​។​

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ផ្អែក​តាម​ការពិនិត្យ​ជាក់ស្តែង​ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​រាំង មិន​ព្រម​បន្ត​បង្អោរ​ច្រើន​ថ្ងៃ​ទៀត​នោះ គឺ​ដើមស្រូវ​ច្រើន​រយ​ហិកតា​នឹង​ក្រៀម​ងាប់​មិន​ខាន​។ ប៉ុន្តែ​យើង​ជា​អាជ្ញាធរ​ពុំមាន​លទ្ធភាព​ណា​ស្វែងរក​ទឹក ឬ​ប្រភពទឹក​ដើម្បី​យកមក​ស្រោចស្រព ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវវស្សា​ទាំងនោះ​បានទេ ក្រៅពី​រង់ចាំ​ទឹកភ្លៀង​។​

លោក ក្រូច ឆាន ជា​មេភូមិ​ព្រៃ​ចក្រី ឃុំ​អូរ​ស្វាយបាន​ឲ្យ​ដឹងថា គ្រួសារ​លោក​ឆ្នាំនេះ​បាន​ពង្រោះ​ស្រូវវស្សា​ចំនួន ២,៥០ ហិកតា​ជា​ប្រភេទ​ស្រែ​ជម្រៅ​នៅ​តំបន់​ត្រពាំង​យាយ​ឡា​ត ក្នុងភូមិ​ព្រៃ​ចក្រី​ដែរ កាលពីដើម​ខែឧសភា​។ ប៉ុន្តែ​ភ្លៀង​បាន​រាំង​ច្រើន​ថ្ងៃ​ហើយ​បណ្តាល​ឲ្យ​ដំណាំ​ស្រូវ​របស់លោក​ប្រហែល ២០​អារ នៅ​តំបន់​ទួល ឬ​ដំបូក និង​អ្នកជិតខាង​ជាច្រើន​ផ្សេងទៀត​បាន និង​កំពុង​ស្រពោន​ស្លឹក និង​ដើម​។​

មេភូមិ​ដែលមាន​វ័យ ៦៣​ឆ្នាំ​រូបនេះ​បាន​បន្តថា ប៉ុន្តែ​ប្រជាកសិករ​តំបន់​នេះ​មិន​បង្ហាញ​ការភ្ញាក់ផ្អើល​ប៉ុន្មាន​ឡើយ គឺ​តែ​បាន​ជួយ​ប្រទះ​ស្ទើរ​រាល់​ឆ្នាំ ដោយ​គ្មាន​ប្រភពទឹក​ណា​ផ្សេង​ក្រៅពី​ទឹកភ្លៀង​ឡើយ​។ ពិសេស​ដោយសារ​ជួប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​បែបនេះ ប្រជាពលរដ្ឋ​ភាគច្រើន​បាននាំគ្នា​កែប្រែ​ផ្ទៃដី​ដំណាំ​ស្រូវ ទៅ​ដាំ​ដំណាំ​ទាំងឡាយណា​ដែល​ស៊ូទ្រាំ​ធុន​នឹង​អាកាសធាតុ​ខ្វះ​ទឹកភ្លៀង និង​តម្រូវ​តាម​តម្លៃ​ទីផ្សារ​។​

លោក ក្រូច ឆាន បាន​បន្តថា ជាក់ស្តែង​គ្រួសារ​លោក​ដោយ​ជួប​បញ្ហា​ដូចខាងលើ​បានសម្រេច​ដកហូត​ផ្ទៃដី​ស្រែ​តំបន់​ទួល​ចំនួន ប្រាំមួយ ហិកតា​មក​ធ្វើ​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​វិញ​។ ដោយ​លើក​ជា​រង​កុំ​ដក់ ឬ​ជាំ​ទឹក គឺ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​អាច​ទទួលយកបាន​។​

ជុំវិញ​បញ្ហា​ដំណាំ​ស្រូវវស្សា​ប្រឈម​បញ្ហា​ខ្វះ​ទឹកភ្លៀង​នៅ​ដើមរដូវ​ដូច​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម​នេះ គឺ​នៅត្រឹម​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​យើង​នៅ​មិនទាន់​ទទួល​បាន​តួលេខ​ផ្ទៃដី​ស្រែវស្សា​ដែល​រំ​ពឹ​កលើ​ទឹកភ្លៀង​តែមួយ​មុខ​នេះ​នៅឡើយ​ទេ ក្នុង​ចំណោម​ផ្ទៃដី​ដំណាំ​មួយ​នេះ​សរុប​ទូទាំង​ខេត្ត​ចំនួន​ជាង ៨៦​ម៉ឺន ហិកតា​នោះ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម