ពិធី​រៀប​ប្រកាស​កាន់​មុខតំណែង​ថ្មី អភិបាលរង​ខេត្ត​ចំនួន​២​រូប​ខេត្ត​ក្រចេះ

555
ចែករម្លែក

ដោយ:​សេង​ឃួន​/​ក្រចេះ ៖ លោក​ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចូលរួម ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្ត​ចំនួន​ពីររូប នៃ​ខេត្តក្រចេះ​

​ដោយមាន​វត្តមាន​ចូលរួម​ពី លោក​ប្រធាន អនុប្រធាន ការិយាល័យ មន្ទីរ អង្គភាព ចំណុះ​សាលាខេត្ត លោក​អធិការ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាង​អង្គការ សង្គម​ស៊ីវិល និង​តំណាង​សភាពាណិជ្ជកម្ម​ខេត្ត ប្រមាណ​ជាង ៣០០ នាក់​នៅ​សាល​មហោស្រព​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បានលើកឡើង​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ទឹកដី​នៃ​ខេត្តក្រចេះ ព្រមទាំង​វឌ្ឍនៈភាព ការរីកចំរើន​នៃ​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​របស់​ខេត្ត​ដែល​សម្រេចបាន​នា​ឆ្នាំ​កន្លងទៅ ពិសេស​សក្ដានុពល​ខាង​ផ្នែក​វិស័យ​កសិកម្ម ព្រមទាំង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដែល​រដ្ឋបាល​សាលាខេត្ត​ក្រចេះ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​លោក អ៊ឹង វណ្ណា​រឹទ្ធ អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង មហាផ្ទៃ បាន​អាន​សេចក្តីប្រកាស់​ផ្លាស់ប្តូរ​មុខតំណែង​អភិបាលរង​ខេត្ត ០២​រូប ឲ្យ​ចូលកាន់​មុខ តំណែង​ថ្មី​តាម​អនុក្រឹត្យ លេខ ៥៥៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ និង អនុក្រឹត្យ លេខ ៥៦២ ចុះ​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបានតែងតាំង​លោក ទុយ ប៊ុន​សេរីរ​ត្ន័​មុនី ឋានន្តរស័ក្តិ ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខ តំណែង​ជា​អភិបាលរង ខេត្តក្រចេះ។

តែងតាំង លោកស្រី ខាំ សុភាព ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់ លេខ ៤ ឲ្យ​ចូលកាន់​មុខតំណែង​ជា​អភិបាលរង​ខេត្តក្រចេះ ជំនួស លោកស្រី ប៊​ន សុ​ភី ផ្លាស់ប្តូរ​ទៅកាន់​មុខតំណែង​ថ្មី។

តែងតាំង​លោក ម៉ែន វណ្ណា ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់ លេខ​១ ឲ្យ​ចូលកាន់​មុខតំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​នៃ​ខេត្តក្រចេះ ជំនួស​លោក​ទុយ​ប៊ុន​សេរីរ​ត្ន័​មុនី​ដែល​ទៅកាន់​អភិបាលរង​ខេត្តក្រចេះ​។​

​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កោតសរសើរ និង​វាយតម្លៃ ក្រុមប្រឹក្សា ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ​ទាំងអស់ ដែល​បានរួម​សាមគ្គី​សហការ​យ៉ាងសកម្ម ក្នុង​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល កម្ពុជា ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​កសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ទីក្រុង​និង ជនបទ​។​

ជាមួយគ្នា​នោះ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​នូវ​រាល់​សកម្មភាព​ការងារ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន ហើយ​សូម​បន្ត វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស គ្រឿងញៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​​មន្ត្រី​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់​ត្រូវតែ​ចៀសវាង​ឱ្យបាន​ជា​ដាច់ខាត កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម