រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីការកែសម្រួល ផ្ទៃបឹងជើងឯក

1856
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីនិរាករណ៍ អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីពីការ កែសម្រួលផ្ទៃបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដែលទើបតែទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ING Holding Co.,LTD ត្រូវទទួល បន្ទុកអនុវត្តន៍អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ចំណែកទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានចេញលិខិតមោឃភាពប័ណ្ណសម្គាល់សិទ្ធិ​កាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holding) របស់លោក​ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅបឹងជើងឯក។ ការមោឃភាពនេះ ដោយសារក្រុមហ៊ុនមិនអនុវត្តន៍ការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការ​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់​អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន៥ប័ណ្ណ គឺប័ណ្ណលេខភព ៦៨៥៧៨ , ភព ៦៨៥៧៩ , ភព ៦៨៥៨០ , ភព ៦៨៥៨២ និងភពលេខ ៦៨៥៨៣ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមលិខិតរបស់​ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។

ជាមួយគ្នានេះ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចនិរាករណ៍លិខិតលេខ ១៩៨ ស.ជ.ណ ផក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លិខិតលេខ ៨០១ ស.ជ.ណ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងលិខិតលេខ ១១៤៧ ស.ជ.ណ ឧសចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ការមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន៥ប័ណ្ណ គឺយោងតាមលិខិតលេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លិខិតលេខ ៣០៨ ខន/០១៩ សជណ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។

គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding បានធ្វើកិច្ចសន្យាមួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីឈ្មោះ «មហាវិថីសម្តេចតេជោ» ដែលមានទទឹង​៦០​ម៉ែត្រ និងបណ្តោយប្រវែងជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ​២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយក្រុមហ៊ុន គឺត្រូវដោះស្រាយ រាល់ការប៉ះពាល់នានាដែល​ពាក់ព័ន្ធ នឹងដីជាកម្មសិទ្ធិរស់នៅរបស់ប្រជាជន ប៉ុន្តែក្រុមហ៊ុន ING Holding មិនបានធ្វើតាមដូចបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ។

រីឯរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩ ឱ្យដឹងថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដី ក្នុងផ្ទៃបឹង ជើងឯក បាននឹងកំពុងចុះវាស់វែង និង កំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក ចាប់តាំង​ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

១. ចុះស្វែងរកចំណុចព្រំដី ទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុក សម្រាប់ អភិវឌ្ឍ និង ស្វែងរកចំណុចព្រំដី អ្នកកាន់កាប់នៅលើផ្ទៃដី ទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍន៍

២. ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ ១៨១ហិកតា ដែលត្រូវរក្សាទុក ជាសម្បត្តិសាធារណៈរបស់រដ្ឋ

៣. ចុះសិក្សា និងវាស់វែងកំណត់ និយាមកាបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ ទីតាំងបឹងជើងឯក។

ក្នុងសេចក្តីជូនដំណឹងដដែល បញ្ជាក់ថា មកទល់បច្ចុប្បន្ន ការងារចុះវាស់វែង និង កំណត់ព្រំដី ក្នុងផ្ទៃបឹងជើងឯកខាងលើ ស្ទើរតែបញ្ចប់ទាំងស្រុង ប៉ុន្តែដោយ ពិនិត្យឃើញថា ម្ចាស់ក្បាលដីពាក់ព័ន្ធមួយចំនួន នៅមិនទាន់បានផ្តល់កិច្ច សហការនោះ ក្រុមការងារនឹងទុករយៈពេល ៣០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩ ជាកំហិត។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាធារណជន និង អង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់បឹងជើងឯក ដែលនៅសេសសល់ រួសរាន់ចូលរួមសហការឱ្យបានទាន់ពេលវេលា។ ផុតថ្ងៃឱសានវាទខាងលើ ក្រុមការងារនឹងមិនទទួល វាស់វែង ឬដោះស្រាយសំណូមពរណាមួយ ឡើយ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម