ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​តៃវ៉ាន់ ក្រោយ​អាម៉េរិក​យល់ព្រម​លក់​អាវុធ​តម្លៃ​២,២​ពាន់​លាន​ដុល្លារ​

879
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​ថា​ កងទ័ពអាកាស​និង​ជើង​ទឹក​របស់​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​តាម​ទម្លាប់​ធម្មតា​នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ប៉ុន្មាន​​ថ្ងៃ​ខាងមុខ​។​

​ការប្រកាស​ធ្វើ​សមយុទ្ធ​នេះ​ កើត​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានអនុម័ត​ការលក់​សព្វាវុធ​តម្លៃ​២.២០០​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​​ក្រុង​តៃប៉ិ តែ​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយថា សមយុទ្ធ​នេះ​ជា​ផ្នែក​នៃ​ការហ្វឹកហាត់​ក្នុង​កាលវិភាគ​ធម្មតា​។​

​ការប្រកាស​ធ្វើ​សមយុទ្ធ​នេះ​ក៏​កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សាយ អ៊ីង​វិន បាន​ជួប​តំណាង​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​និង​សមាជិកសភា​​អាម៉េរិក​ទាំង​ពីរ​ថ្នាក់​នៅ​ក្រុង​ញូវយ៉ក​។​

​ប្រធានាធិបតី​តៃវ៉ាន់​ចង់​ទ្រោល​កិច្ចការ​ទូត​សម្រាប់​តៃវ៉ាន់ និង​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​កាត់​ផ្លូវទឹក​ដ៏​តូច​នេះ​ដែល​ខណ្ឌ​ចែក​រវាង​កោះ​​តៃវ៉ាន់​និង​មហា​ចិនដីគោក​។​លោកស្រី ត្សាយ បាន​ចំណាយពេល​២​ថ្ងៃ​នៅ​ក្រុង​ញ៉ូវ​យ៉​ក ក្នុង​ដំណើរ​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​។​

​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ក្នុងពេល​នៅ​ញ៉ូវ​យ៉​ក លោកស្រី​ត្សាយ​បាន​ទូរស័ព្ទ​ទៅ​ប្រធាន​សភា​អាម៉េរិក និង​បាន​ជួប​សមាជិក​ព្រឹទ្ធសភា​និង​​សភា​អាម៉េរិក​មួយចំនួន​។​លោកស្រី​បាន​អរគុណ​អាម៉េរិក​ចំពោះ​ការធានា​រក្សា​សន្តិសុខ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​យល់ព្រម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។​

​ចិន​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​បំបែក​ខ្លួន​មួយ ដែល​រង់ចាំ​តែ​ពេល​បង្រួបបង្រួម​ជាមួយ​គ្នា​ឡើង​វិញ​តែ​ប៉ុណ្ណោះ​និង​អាច​ប្រើ​កម្លាំង​បើ​ចាំបាច់​។​

​ក្រៅពី​ប្រកាស​ធ្វើ​សមយុទ្ធ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​លក់​អាវុធ​នេះ នៅ​ពេល​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ​​វ៉ាង យី បាន​និយាយ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​ក្រុង​ប៊ុយ​ដា​ប៉េស ​កាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​«​គួរ​ឈប់​លលេង​ជាមួយ​ភ្លើង​»​ពាក់ព័ន្ធ​នឹង​​កោះ​តៃវ៉ាន់​៕​ដោយ​៖​វាសនា​/Ha

កងទ័ព​ចិន​តែង​ធ្វើ​សមយុទ្ធ​នៅក្នុង​ផ្លូវ​ទឹក​និង​ដែនអាកាស​ជិតៗ​កោះ​តៃវ៉ាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម