ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្តល់​ថវិកា​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ស្រុក​កងមាស​ឲ្យ​បាន​ឆាប់​ព្រោះ​ជា​ផ្លូវ​មាន​ដង់ស៊ីតេ​ខ្ពស់​

452
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​បានស្នើ​ឲ្យ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ជួយ​សម្រួល​ឲ្យ​បាន​ឆាប់​នូវ​កញ្ចប់​ថវិកា ដើម្បី​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​នៅសល់​ជាង ១០ គីឡូម៉ែត្រ​តាម​បណ្តោយ​ជួរ​មាត់ទន្លេ​មេគង្គ​រវាង​ស្រុក​កងមាស ខេត្តកំពង់ចាម និង​ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ជួយ​សម្រួល​ដល់​បរិស្ថាន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ អម​សងខាង​ផ្លូវ​មួយ​ខ្សែ​នេះ​។​

ឧ​ត្ត​ម​សេនីយ៍ គង់ អៀង នាយករង នៃ​នាយកដ្ឋាន​វិស្វកម្ម របស់​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍​នាពេល​ថ្មីៗ​នេះ​ថា សព្វថ្ងៃ​ខាង​ក្រុម​ជាង​របស់​យើង​បាន និង​កំពុងដំណើរការ​ស្ថាបនា​សាងសង់​ផ្លូវ​ក្រោល​កៅស៊ូ​ប្រវែង បួន គីឡូម៉ែត្រ​ពី​ភូមិ​ព្រែក​លីវ ទៅដល់​ខាងមុខ​វត្ត​ស្វាយ​ស្រ​ណេះ​ស្រុក​កងមាស​។ ជា​គម្រោង​កញ្ចប់​ថវិកា​ឆ្នាំ​២០១៩ ដើម្បី​គ្របពីលើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ប្រវែង​សរុប​ជិត ១៦ គីឡូម៉ែត្រ គឺ​ផ្លូវ​លេខ ២៧០ របស់​ខេត្តកំពង់ចាម​។​

លោកនាយក​រង​បាន​មានប្រសាសន៍​ទៀតថា ដូច្នេះ​ចំពោះមុខ​នេះ គឺ​នៅសល់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចម្ងាយ​ជាង ១១ គីឡូម៉ែត្រ​បន្ថែមទៀត ជា​ផ្លូវ​មាន​ដង់ស៊ីតេ​ខ្ពស់​ណាស់ គឺ​បាន និង​កំពុង​បង្ក​ការប៉ះពាល់​ដល់​បរិស្ថាន នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​មួយ​ខ្សែ​នេះ​។ ពិសេស​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំនេះ​យើង​បាន​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​បាន​ថែទាំ​ជាប្រចាំ​មិន​ឲ្យ​មាន​ជង្ហុក​សម្រួល​ដល់​ការធ្វើដំណើរ​។ ប៉ុន្តែ​រថយន្ត​បាន​បើកបរ​លឿន បណ្តាល​ឲ្យ​ដី​ហុយ​ទ្រលោម​ប៉ះពាល់​ដល់​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​នៅ​អម​សងខាង​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​។​

លោក​បាន​មានប្រសាសន៍​បន្តថា ដោយ​ពិនិត្យឃើញ​ស្ថានភាព​ជាក់ស្តែង​លំបាក​រស់នៅ​របស់​ប្រជាពលរដ្ឋ​បែបនេះ​យើង សូម​ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គួរ​ជួយផ្តល់​កញ្ចប់​ថវិកា​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ គ្របពីលើ​ផ្លូវ​ក្រួស​ក្រហម​ដែល​នៅសល់​ប្រវែង​ជាង ១០ គីឡូម៉ែត្រ​នេះ​បង្ហើយ​ឲ្យ​បាន​ឆាប់​ដើម្បី​ជួយ​សម្រួល​ដល់​បរិស្ថាន​រស់នៅ​ល្អ​របស់​ប្រជាពលរដ្ឋ​នោះ​។

លោក​បាន​បន្ថែមថា ម្យ៉ាង​ក្រោយពី​បញ្ចប់​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​នេះហើយ​យើង​នឹង​ឈានទៅ​អនុវត្តន៍​គម្រោង​រួម​តែមួយ​នេះ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​រួចហើយ គឺ​អនុញ្ញាត​ឲ្យ​ស្ថាបនា​ស្ពានបេតុង​អង្គរ​បាន និង​ស្ពានបេតុង​ព្រែក​ថ្មី ដែល​កំពុង​ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត​។​

​គួរ​បញ្ជាក់ថា ផ្លូវ​ក្រាល​កៅស៊ូ​ដែល​កំពុង​ស្ថាបនា​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ​ដែលមាន​ប្រវែង​ជិត ១៦ គីឡូម៉ែត្រ គឺ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​ខេត្តកំពង់ចាម​តែមួយ​លេខ ២៧០ ចាប់ពី​ក្រុង​កំពង់ចាម​ជាប់​គ្នា​ផ្លូវ​ក្រាល​កៅស៊ូ​ខេត្តកណ្តាល​ប្រវែង​សរុប​ចំនួន​ជាង ៦០ គីឡូម៉ែត្រ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ