មូលហេតុ​និង​បញ្ញត្តិ​នានា​ជុំវិញ​ការចូល​វស្សា​

844
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ពាក្យ​ថា​ចូល​វស្សា បានសេចក្តីថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ ឬ ថា ការចូល​មកដល់ នៃ រដូវវស្សា ។ ចូល​វស្សា មិនមែនជា ពិធីបុណ្យ​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​វិន័យ ហើយ​ត្រូវអនុវត្ត​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​វស្សា​ន្ត​រដូវ​ដែលជា​រដូវភ្លៀង​ធ្លាក់​ជោគជាំ ។


​ជា​ប្រពៃណី នៅ​វស្សា​ន្ត​រដូវ គឺ​រដូវភ្លៀង​ធ្លាក់​នោះ ប្រជាពលរដ្ឋ​តែងតែ​បង្កើត និង បង្កើន​ភោគផល​ដំណាំ​ផ្សេងៗ មាន​ស្រូវ​ជាដើម ។ នៅក្នុង​គម្ពីរ​វិន័យ​បិដក ភាព ២ លេខ ៧ បាន​ដំណាល​ថា មាន​ពួក​មហាជន ដែលជា​អ្នក​នៅក្នុង​ពុទ្ធសាសនា​ខ្លះ អ្នក​នៅក្រៅ​ពុទ្ធសាសនា​ខ្លះ បាន​រិះគន់ និង មិន​សប្បាយចិត្ត​ចំពោះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ថា បាន​និមន្ត​ទៅ​ជាន់​ដំណាំ​ដាំ​ដុះ និង ជាន់​ដាច់​ភ្លឺស្រែ​ជាដើម​របស់​អ្នកស្រុក ហើយ​ពេលខ្លះ​ថែមទាំង​និមន្ត​ជាន់​សត្វល្អិត​តូចតាច​ទៀតផង ។


​ទទួលបាន​ការរិះគន់​នេះ ព្រះសម្មាសម្ពុទ្ធ​បាន​ពិចារណា​ថា ការលើកឡើង​របស់​ម​ហា​ជន​ទាំងនោះ​មិនមែន​ថា​គ្មាន​ហេតុផល​ឡើយ ។ ម្យ៉ាងទៀត​នៅ​រដូវវស្សា សូម្បីតែ​សត្វ​បក្សាបក្សី​ក៏​នាំគ្នា​កាច់​សំបុក​ធ្វើ​ទ្រនុំ​សម្រាប់​ជ្រកកោន​ដែរ ដូច្នេះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា គប្បី​មាន​កន្លែង​ណា​ជាក់លាក់​មួយ​សម្រាប់​សំចត​នៅ​រដូវភ្លៀង​ធ្លាក់​នេះ កុំឱ្យ​អ្នកបួស​ទាំងឡាយ​ត្រាច់រង្គាត់​ទីមួយ​ទៅ​ទីមួយ ពី​ដើមឆ្នាំ​រហូតដល់​ចុងឆ្នាំ រក​ទី​ស្នាក់នៅ​ពិតប្រាកដ​គ្មាន និង នាំឱ្យ​ជួប​ក្តី​លំបាក​ច្រើន​ដោយសារ​ភ្លៀង​ធ្លាក់​ផង ។


​ដោយហេតុនេះ ព្រះសម្មាសម្ពុទ្ធ​ក៏បាន​បញ្ញត្តិ​ឱ្យ​ភិក្ខុ​ស្ឃ គង់​ចាំ​វស្សា អស់​មួយ​វស្សា​ន្ត​រដូវ ដែលមាន​រយៈពេល ៣ ខែ​គត់ ចាប់ពី​ថ្ងៃមួយ​រោច ខែ អាសាឍ រហូតដល់​ថ្ងៃ ១៥ កើត ខែ អស្សុជ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ កក្កដា រហូតដល់​ថ្ង​ទ​ទី ១៤ ខែ តុលា ។ ការចូល​វស្សា​ក៏​ចាប់ផ្តើម​មាន និង ត្រូវបាន​អនុវត្ត​តាំងពី​ពេលនោះ​មក ហើយ​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ចា​ប់​ខ្ជួន​រហូតមកដល់​បច្ចុប្បន្ន សម្រាប់​រយៈពេល ៣ ខែ ។​


ប្រយោជន៍​នៃ​ការចូល​ព្រះវស្សា​


​ការចូល​ព្រះវស្សា​មាន​សារសំខាន់​ណាស់​ចំពោះ​ភិក្ខុសង្ឃ សាមណេរ​ដែល​បាន​ចូល​បួស​ជាស​មណៈ ដូចជា ៖
•​ ​ធ្វើឱ្យ​ភិក្ខុ​សាមណេរ​ទទួលបាន​សង្រួម​នៅក្នុង​ឥ​ន្ដ្រី​សំ​វរៈ​
•​ ​បានផ្ដល់​ឱកាស​ដល់​ភិក្ខុ​មាន​សិទ្ធិ​ទទួល​អនុមោទនា​ន​ទាយក​ទាយិកា​
•​ ​ទទួលបាន​អា​និ​សង្ឃ​នៃ​ការ​កាន់​ព្រះវស្សា ដូចជា​អាច​ទ​ទូល​កឋិន​ជាដើម​
•​ ​បង្កើន​សេចក្ដី​ជ្រះថ្លា​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​
•​ ​អាចបង្កើត​សាមគ្គីភាព​រវាង​ភិក្ខុ និង​ភិក្ខុ​នៅក្នុង​អាវាស​។​


​ទីទៃ​ពី​ការលើកឡើង​ដោយ​សង្ខេប​នេះ​ទៅ ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធ​បរុស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​ពន្យល់​អំពី គុណប្រយោជន៍ នៃ ការចូល​ព្រះវស្សា​ថា ក្នុង​រយៈពេល ១២ ខែ គឺ ១ ឆ្នាំ អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា មាន​សិទ្ធិ​ត្រាច់​ចរណ៍​និមន្ត​ទៅកាន់​និគម​ន៍​រៀងៗ​អង្គ ដូចជា​ដើម្បី​ប្រតិបត្តិ​ធម៌​វិន័យ និង ផ្សព្វផ្សាយ​ព្រះធម៌​ជាដើម ទៅតាម​ទិសដៅ​ផ្សេងៗ​គ្នា ។ លុះដល់​រយៈពេល ៣ ខែ ដែលជា​ពេល​ចូល​វស្សា​នេះ គឺជា​ពេលដែល​អ្នកបួស​ទាំងឡាយ​វិលត្រឡប់​ទៅ​ជួបជុំគ្នា​នៅក្នុង​អារាម​ណាមួយ ដើម្បី នាំយក​បញ្ហា​ដែល​ខ្លួន​បាន​ជួប ដូចជា​ក្តី​លំបាក ឬ ភាពងាយស្រួល នៃ ការប្រតិបត្តិ​ធម៌​វិន័យ ការផ្សព្វផ្សាយ​ព្រះធម៌ និង សុខទុក្ខ​របស់​ប្រជា​ពុទ្ធបរិស័ទ​ជាដើម ហើយ​ពិនិត្យ​មើលខ្លួន ( អ្នកបួស ) មាន​សមត្ថភាព​អ្វី នៅ​ខ្វះចន្លោះ​ចំណុច​អ្វីខ្លះ ដ​ម្បី កែប្រែ ចែករំលែក និង ពង្រឹងសមត្ថភាព សម្រាប់​ត្រៀម​ចេញទៅ​បំពេញការងារ​របស់ខ្លួន​តទៅទៀត នៅពេល​ចេញ​វស្សា ។


បញ្ញត្តិ​ទូទៅ​


​ព្រះពុទ្ធ​ប​ញ្ញ​ត្ដិ​ថា ក្នុង​រយៈពេល ៣ ខែ​នេះ ភិក្ខុ​ដែល​គង់​ចាំ​វស្សា​នៅក្នុង​អារាម​ណាមួយ អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ទៅ​បំពេញ​កិច្ច​ផ្សេងៗ​ដូចជា​បិណ្ឌបាត និង សិក្សា ជាដើម​ដូច​ប្រក្រតី ប៉ុន្តែ​ទោះជា​និមន្ត​ទៅដល់​ទីណា ក៏​ត្រូវតែ​និមន្ត​ចូល​មកដល់​អារាម​ដែល​ខ្លួន​គង់​ចាំ​វស្សា​នោះ​វិញ ឱ្យបាន​មុនពេល​អរុណរះ នៃ ថ្ងៃ​បន្ទាប់ ។​


បញ្ញត្តិ​ពិសេស​


​ទោះ​ជាមាន​បញ្ញត្តិ​ច្បាស់លាស់ ម៉ឺងម៉ាត់​ដូច្នេះ​ក្តី ប្រសិនបើ​ភិក្ខុ​អង្គ​ណាមួយ​មាន​ករណី​ពិសេស ដូចជា ៖ មាតា ឬ បិតា​ឈឺ គ្រូ​ឧ​ប​ជ្ឈ​យ៏​មាន​អាពាធ មានការ​និមន្ដ​ពី​ពួក​បរិស័ទ ឬ ក៏មាន​កាតព្វកិច្ច​សំខាន់​ដែល​ត្រូវបំពេញ ដូចជា​បំពេញ​កិច្ចការ​សប្បុរស ជាដើម ភិក្ខុ​រូបនោះ​អាច​និមន្ត​ទៅ​ស្នាក់​នៅក្រៅ​អារាម​ដែល​ខ្លួន​គង់​ចាំ​វស្សា​បាន​រយៈពេល ៦ យប់ ៧ ថ្ងៃ ។ ប៉ុន្តែ​មុននឹង​ចេញទៅ​ដូច្នោះ ភិក្ខុ​រូបនោះ​ត្រូវតែ​ធ្វើ​កិច្ច​មួយ​ដែល​ហៅថា “ លើក​សត្តា​ហ “ ពោលគឺ​ការជូនដំណឹង​ប្រាប់​សង្ឃ និង សុំ​អនុញ្ញាត​អំពី​សង្ឃ ជាមុនសិន ។


​ប្រសិនបើ​ភិក្ខុ​រូប​ណាមួយ ចេញ​ក្រៅ​វត្ត​ហើយ​មិន​ចូលមក​វត្ត​វិញ​ឱ្យបាន​មុន​ថ្ងៃ​រះ នៃ ថ្ងៃ​បន្ទាប់​ទេ នឹង​ឈ្មោះថា “ ដាច់​វស្សា “ ។ ចំណែក​ភិក្ខុ​ចេញ​ក្រៅ​វត្ត​ដោយ​លើក​សត្តា​ហ ប៉ុន្តែ​នៅក្រៅ​វត្ត​លើ​ពី​រយៈពេល​កំណត់ គឺ ៦ យប់ និង ៧ ថ្ងៃ ក៏​ឈ្មោះថា ដាច់​វស្សា ដែរ ។​


ទោស នៃ ការ​ដាច់​វស្សា​


​តាម​វិន័យ​បញ្ញត្តិ ភិក្ខុ​ដែល​បាន​ដាច់​វស្សា ដោយ​ប្រការ​ណាមួយ នឹងត្រូវ​អាបត្តិ គឺមាន​កំហុស ឬ មានទោស​ថ្នាក់​ស្រាល (​លហុកាបត្តិ​) ហើយ​អាបត្តិ​នេះ គ្រាន់តែ​សម្តែង​អាបត្តិ គឺ​សារភាព​កំហុស​ប្រាប់​សង្ឃ​ផង​គ្នា​ជា​ផ្លូវការ ក៏​ជាការ​ចប់​រួចរាល់ ។ ប៉ុន្តែ​ភិក្ខុ​រូបនោះ មិនមាន​សិទ្ធិក​ទទួល​ឋិ​ន​ឡើយ ៕ Kh

ព្រះ​ភិក្ខុ​ស សឿ ហេង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ( ​រូបៈ​មេសា​ )
​ព្រះសង្ឃ​បវរ​ណា​ចូល​វស្សា (​ ​រូបៈ ឯកសារ​ )

ទីតាំងផ្សាយពាណិជ្ជកម្ម