អាជ្ញាធរ​កោះកុង នឹងមិន​អនុញ្ញាត​ឱ្យមាន​សំណង់​សត្វ​ត្រចៀកកាំ​នៅ​ទីប្រជុំជន​

2030
ចែករម្លែក

អត្ត​បទ​: សុ​ផានី​តា​
​កោះកុង​:
អាជ្ញាធរ​ខេត្តកោះកុង គ្រោង​នឹងសិក្សា​ទីតាំង​កំណត់​មិន​ឲ្យ​មាន​សំណង់​ចិញ្ចឹមសត្វ​ត្រចៀកកាំ នៅ​ទីប្រជុំជន គ្រា​ផ្តល់​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ បរិស្ថាន និង​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នាពេល​បច្ចុប្បន្ន​។​

​សំណង់​ចិញ្ចឹមសត្វ​ត្រចៀកកាំ កំពុងផ្តល់​ប៉ះពាល់​បន្តិច​ម្តងៗ​ដល់​បរិស្ថាន សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់​រស់នៅក្នុង​សង្គម ខណៈ​ពលរដ្ឋ​មាន​ជីវភាព​ធូរ​ធាន​មួយចំនួន​ចាប់អារម្មណ៍ ជួល​ជាង​សាងសង់​ស្ទើរតែ​ពាសពេញ​ខេត្តកោះកុង​។​

​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការសុំ ច្បាប់​សាងសង់​សំណង់ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១៦ ខែកក្កដា ២០១៩​នេះ​ថា ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​ច្រើន ព្រោះ​សំណង់​សត្វ​ត្រចៀកកាំ​បង្ក​ជា​សម្លេង​រំខាន​ដល់​ពលរដ្ឋ​ក្បែរ​ខាង​គ្នា និង​ជះក្លិន​អាក្រក់​ពី​សំណង់​សំបុក​ត្រចៀក អាជ្ញាធរ​គ្រោង​កំណត់​ទីតាំង​ធ្វើ​សំណង់​ប្រភេទ​នេះ​នៅ​អោយ​ឆ្ងាយ យ៉ាងណា​២​ទៅ​៣​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​។​

​បើតាម​លោក​អភិបាលរង​ខេត្តកោះកុង កន្លងទៅ និង​បច្ចុប្បន្ន សកម្មភាព​សាងសង់​សំណង់ ចិញ្ចឹមសត្វ​ត្រចៀកកាំ ធ្វើឡើង​រាយប៉ាយ​គ្មាន​ប្លង់គោល​កំណត់​មួយ​ជាក់លាក់​នោះទេ រីឯ​ការពិនិត្យ​គុណភាព​វិញ ក៏មាន​ភាពខ្វះ​ចន្លោះ​ផងដែរ​។ ដូច្នេះ ទើប​អាជ្ញាធរ​ផ្តើម​គិតគូរ​សិក្សា​លម្អិត​ពី​វិធីសាស្ត្រ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ជៀសវាង​មាន​វិវាទ​លំបាក​ចាត់ការ​នៅ​ថ្ងៃ​អនាគត​។

​សម្រាប់​លោក វី រ៉ាវុធ ប្រ​ធា​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង អះអាងថា លោក​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ទាំងអស់ លើ​គម្រោង​ចង់ឱ្យ​សំណង់​ចិញ្ចឹម​ត្រចៀកកាំ អោយនៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។ លោក បន្ថែមថា សំណង់​សត្វ​ត្រចៀកកាំ​មានច្បាប់​សាងសង់ ជាង​៩០​ភាគរយ​ទៅ​។ ១០​ភាគរយ​ទៀត​នោះ ម្ចាស់​សំណង់​លួចលាក់​សាងសង់​ដោយ​មិនបាន​សុំច្បាប់ តែម​ន្ត្រី​ជំនាញ​របស់លោក ក៏​ចុះ​ហាមឃាត់​រួចរាល់​ដែល​។​

​ប្រធាន​មន្ទីរ​ដែនដី​ខេត្តកោះកុង ពន្យល់​ដែរ​ថា មូលហេតុ​ដែល​សំណង់​សត្វ​ត្រចៀកកាំ​កកើត ឡើង​ច្រើន​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ដោយសារតែ​ទីផ្សារ​ទឹកមាត់​សត្វ​ត្រចៀក​មាន​លក់បាន​ថ្លៃ ទើប ពលរដ្ឋ​មាន​ចំណូល​មធ្យម​នាំគ្នា​ធ្វើ​អាជីវ​កម្មនេះ​តាម​គ្នា​។​

​ទោះយ៉ាងណា លោក វី រ៉ាវុធ មិនទាន់​អាច​បង្ហាញ​ទិន្នន័យ​សំណង់​សត្វ​ត្រចៀកកាំ​។ ថា​មានច្បាប់​ប៉ុន្មាន​? គ្មាន​ច្បាប់​ប៉ុន្មាន និង​ស្នើសុំ​ថ្មី មាន​ចំនួន​ប៉ុន្មាន បានទេ​។​
​ភ្ជាប់​ជាមួយ​បញ្ហា​សំ​នង់​ដែលជា​ប្រធានបទ​ក្តៅ​នេះ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត ក៏បាន​ដាក់​ផែនការ​ដល់​មន្ទីរជំនាញ អភិបាលក្រុង ស្រុក និង​មេឃុំ​ចៅសង្កាត់ បង្កើន​ការចុះ​ប្រមូល​ទិន្នន័យ និង​ទប់ស្កាត់​ការដ្ឋាន​សំណង់​ដែល​គ្មាន​ច្បាប់​អោយ​ខាន​តែ​បាន​។ ខណៈ​សង្កេតឃើញ​មាន​សំណង់​គ្មាន​ច្បាប់​ជាច្រើន កំពុង​កកើត​យ៉ាង​អ​នា​ប​ធិ​តេ​យ្យ​ទូទាំង​ខេត្ត​។​

​លោក សុខ សុ​ទ្ធី​៖ « ទោះបីជា​សំណង់​រដ្ឋ ឯកជន ឬ​សំណង់​អង្គការក្រៅរដ្ឋាភិបាល​ក៏ដោយ ដាច់ខាត​ត្រូវ​ជំ​រុញឱ្យ​ម្ចាស់​សំណង់​ទាំងនោះ មកសុំ​លិខិតអនុញ្ញាត​សាងសង់​ពី​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​គ្រប់លំដាប់​ជាមុនសិន​។ ទើប​ផ្តល់​សិទ្ធិ​ឱ្យ​ដំណើរការបាន ប្រសិន​រកឃើញថា គ្មាន​ច្បាប់​នោះ ចាំបាច់​ហាមឃាត់​ភ្លាម​។ ជាពិសេស ហាម​ដាច់ខាត​មិនឱ្យ​ការសាងសង់​សំណង​លើ​ចំណី​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​តំបន់​អភិរក្ស​បរិស្ថាន​នោះទេ​»​។

​ទន្ទឹម​នោះ លោក សុខ សុ​ទ្ធី ក៏​ស្នើ​ដល់​មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ព​ន្លឿ​ន​នីតិវិធី​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ជូន​ម្ចាស់​សំណង់ ឆាប់រ​ហ័យ​តាម​គោលការណ៍​កំណត់ ដោយ​តម្លាភាព និង​ប្រសិទ្ធិភាព​ខ្ពស់​។​
​ដោយឡែក លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ និង​លោក ហាក់ ឡេង អភិ បាល​ស្រុក​មណ្ឌលសីមា បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ស្រដៀង​គ្នា​ថា ការងារ​ទប់ស្កាត់ និង​ហាមឃាត់​ធ្វើ​សំណង់​ខុសច្បាប់​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ខណៈ​ពលរដ្ឋ​យល់ដឹង​ពី​ច្បាប់​សាងសង់​តិចតួច និង​សំណង់​ខ្លះ​មាន​អ្នកមានអំណាច​នៅក្រោយ​ខ្នង​។​

​ទោះបីយ៉ាងណា លោក​អភិបាលក្រុង​ខេមរភូមិន្ទ និង​លោក​អភិបាលស្រុក​មណ្ឌលសីមា ឯកភាព​អនុវត្ត​កិច្ចការ​ចំពោះមុខ​ទៅ​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដោយ​ពង្រឹង​សហការ​ជាមួយ មន្ត្រី​ការិយាល័យ​ជំនាញ និង​ចៅសង្កាត់ មេឃុំ​តាម​ពិនិត្យ​ស្រង់​ទិន្នន័យ​សំណង់​អោយបាន ជាក់លាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម