កម្ពុជា​កំពុង​លើកកម្ពស់​អាហារូបត្ថម្ភ​តាមរយៈ​គម្រោង​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ​

704
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ក្រុមមន្ត្រី និង​អង្គការ​ដៃគូរ​ពាក់ព័ន្ធ​បាន​លើកឡើងថា ការលុបបំបាត់​នូវ​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ​គឺជា​កត្តា​មួយ​នាំឱ្យ​ជះ​ផល​អាក្រក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​ហេតុនេះ​គេ​ចាំបាច់​នាំគ្នា​ចូលរួម​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ចំណីអាហារ​ដើម្បី​កាត់បន្ថយ​នូវ​អត្រា​កើតរោគ​ជំងឺ​ក៏ដូចជា​ការកាត់បន្ថយ​អត្រា​បាត​បង់ជីវិត​ទៅលើ​ស្ត្រី​និង​កុមារ​។​

​ការលើកឡើង​របស់​ម​ន្ត្រី​និង​ក្រុម​អង្គការ​ដៃគូរ​ពាក់ព័ន្ធ បែបនេះ​នៅក្នុង​ពី​ធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​លទ្ធផល​សិក្សា​លើកកម្ពស់​អាហារ​រូប​ត្ថ​ម្ភ​កន្លែងធ្វើការ តាមរយៈ​គម្រោង​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ​កម្ពុជា ដែល​បាន​រៀបចំឡើង​នា សណ្ឋាន​គារ ហ៊ី​ម៉ា​វា​រី កាលពី​ថ្ងៃទី ១៦​ខែកក្កដា​ឆ្នាំ​២០១៩​កន្លងមក​។​

​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក ម៉ម បូរ៉ាត់ ប្រ​ធា​នាយកដ្ឋាន​លើ​កម្ពស់ អាហារូបត្ថមភ​និង​ជា​អនុប្រធាន អនុគណៈកម្មាធិការ​ជាតិ​បញ្ចូល​សារជាតិ​ក្នុង​ចំណីអាហារ​នៅ​កម្ពុជា នៃ​ក្រុម​ប្រឹក្សាជាតិ​ស្តីពី​អាហារូបត្ថម្ភ បានឱ្យដឹងថា ការលុបបំបាត់​កង្វះ វិ​តា​មីន បេ​១ ហ្វូ​លី​ក​អាស៊ីត និង​ស័ង្កសី​ជា ជ្រុង​មួយ​ដើម្បី​ឈានទៅ​លុបបំបាត់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​សន្តិសុខ​ស្បៀ​ដែលជា​មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ និង​ជា​ប្រធានបទ​មួយ​សកល​ភា​វូ​នីយកម្ម ជំ​រុញឱ្យ​យើងទាំងអស់គ្នា រួមចំណែក​ក្នុងការ​ដោះស្រាយ​និង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា “​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​និង​ធ្វើឱ្យ​មានគុណ​តម្លៃ​អាហារូបត្ថម្ភ នៃ​ម្ហូបអាហារ​ដើម្បី​លើកកម្ពស់​សុខភាព​និង​សុខភាព​ប្រជាពលរដ្ឋ ហើយ​វា​ក៏​ចូលរួមចំណែក​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ជាពិសេស​ការលើកកម្ពស់​ស្ថានភាព​សុខភាព​របស់​ស្ត្រី និង​កុមារ​ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​ស្ត្រី​និង​កុមារ​”​។​

​ជាមួយគ្នានេះ​លោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងផែនការ និង ជា​ប្រធាន​គណៈកម្មាធិការ​បច្ចេក​ទេស​អន្តរក្រសួង​នៃ​ក្រុម​ប្រឹក្សាជាតិ ស្តីពី​អាហារូបត្ថម្ភ​ជាតិ​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ​គឺជា​បញ្ហា​ចម្បង​មួយ​នៅក្នុង​ចំណោម​បញ្ហា​ចម្បង​ជាច្រើន​ទៀត​បណ្តា​ឱ្យ​ចុះខ្សោយ​នូវ​ធនធានមនុស្ស​ដែលជា​ធនធាន​ដ៏​មានតម្លៃ ដើម្បី​លើកកម្ពស់ សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​របស់​ជាតិ​នីមួយៗ​។​
​លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាពិសេស​ម្ចាស់​រោងចក្រ​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ សូម​ចូលរួមចំណែក​ឧបត្ថម្ភ​និង​ជំរុញ ដល់​គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ​កន្លែងធ្វើការ តាមរយៈ​គម្រោង​បញ្ចូល​មីក្រូ​សារជាតិ​បន្ថែម​ក្នុង​អង្ករ​នៅ​កម្ពុជា ដើម្បី​អនុវត្ត​ប្រកបដោយ​ចីរភាព​នៃ​កម្មវិធី​មួយ​នេះ ក៏ដូចជា​ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ស្ត្រី​ដែ​ជា​កម្មការិនី នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​ដោយឡែក​លោកស្រី ចាន់​ធា​រី នាយិកា​ប្រតិបត្តិ អង្គការ​រ៉ា​ឆា​បានឱ្យដឹង​ដែរ​ថា កម្មវិធី​លុបបំបាត់​បញ្ហា​កង្វះ អាហារូបត្ថម្ភ​ត្រូវបាន​កំពុង​អនុវត្ត​នៅក្នុង​ទូទាំងប្រទេស​កម្ពុជា​។ ព្រមជាមួយ​គ្នា​បើតាម​លទ្ធផល នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១០ បានបង្ហាញ​ឱ្យឃើញថា​មាន​ស្ត្រី​ចំនួន ១៩​ភាគរយ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៤ មាន​ស្ត្រី​តែ​ចំនួន ១៤​ភាគរយ​ទេ​ដែលមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែល​លទ្ធផល​នេះ​បង្ហាញឱ្យឃើញថា មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​លើ​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​នេះ​នៅ​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម