អាម៉េរិក​សង្ឃឹម​ថា​ការចចារ​ជាមួយ​កូរ៉េ​ខាងជើង​នឹង​បន្ត​ទៅមុខ​បើទោះជា​មាន​ការព្រមាន​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​

473
ចែករម្លែក

សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​ខែកក្កដា​ថា ខ្លួន​សង្ឃឹមថា​នឹង​ធ្វើ​កិច្ចចរចា​អំពី​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង ទោះបីជា​មាន​ការព្រមាន​រដ្ឋាភិបាល​​ក្រុង​ព្យុងយ៉ាង ដែល​ថា​ការធ្វើ​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េខាងត្បូង អាច​ប៉ះពាល់​ដល់​ការបន្ត​ការចរចា​ដែល​គ្រោងទុក​ឡើងវិញ ក៏ដោយ​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា ខ្លួន​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការសន្យា​ដែល​បាន​ធ្វើឡើង​ដោយ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ចំពោះប្រ​ធានា​ធិប​​តី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ នៅ​កិច្ច​ជំនួប​កំពូល​កាលពី​ខែ​កុម្ភៈ នៅ​ប្រទេស​វៀតណាម ហើយ​បន្ទាប់មក​ការបង្ហាញ​ខ្លួន​ដ៏​ភ្ញាក់ផ្អើល​នៅ​ព្រំដែន​កូរ៉េ​របស់​លោក​ដូណាល់​ត្រាំ​ ដែល​បាន​ដើរ​ឆ្លងកាត់​តំបន់​គ្មាន​យោធា​ទៅកាន់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក លោកស្រី ម័​រហ្គែ​ន អ័​រតា​ហ្គូស (Morgan Ortagus)​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” តាម​ទស្សនៈ​របស់​យើង​យើង​សង្ឃឹម​ថា​គ្មាន​​នរណាម្នាក់ ព្យាយាម​ធ្វើ​ការរារាំង​នៅក្នុង​រដ្ឋាភិបាល​របស់​ពួកគេ​ឬ​រដ្ឋាភិបាល​របស់​យើង​ទេ ។ សមត្ថភាព​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង ប្រធាន គីម ជុង​អ៊ី​ន​អាចធ្វើ​​ឱ្យ​ជឿនលឿន​ទៅតាម​ការប្តេជ្ញា​ចិត្ត​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​គ្នា​ទៅវិញទៅមក​នៅ​ប្រទេស​វៀតណាម​”​។

​លោកស្រី​បាន​និយាយថា ” ជា​ការពិត យើង​រង់ចាំ​ការបន្ត​ការចរចា​ឡើងវិញ​ហើយ​យើង​សង្ឃឹមថា​នឹង​មាន​ជំនួប​ចរចា​ដូច្នេះ យើង​អាច​ជំរុញ​ឱ្យមាន​ភាពជឿនលឿន​តាម​ការប្តេ​​ជ្ញា​ចិត្ត​ទាំងនេះ​”​។​

​ទោះ​យ៉ាងនេះក្តី លោកស្រី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយដោយ​ផ្ទាល់​ចំពោះ​ប្រតិកម្ម​របស់​កូរ៉េខាងជើង​ចំពោះ​ការធ្វើ​សមយុទ្ធ​យោធា​នៅ​ខែ​ក្រោយ​នេះ​ទេ ដោយ​បង្វែរ​សំនួរ​​ទៅ​មន្ទីរ​បញ្ច​កោ​ណ ហើយ​ក៏​បដិសេធ​មិន​ផ្តល់​កាលបរិច្ឆេទ​សម្រាប់​កិច្ចចរចា​ផងដែរ​៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់​ត្រាំ និង លោក គីម ជុង អ៊ុន ឈរ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​តំបន់​គ្មាន​យោធា​ដែល​បែងចែក​រវាង​កូរ៉េខាងជើង​​និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៣០​ខែ​មិថុនា​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម