អាម៉េរិក នឹង​«​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​» ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​កូរ៉េខាងត្បូង​-​ជប៉ុន​

643
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​«​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​»​ដើម្បី​ជួយ​បន្ធូរបន្ថយ​ជម្លោះ​សេដ្ឋកិច្ច​និង​នយោបាយ​រវាង​សម្ពន្ធមិត្ត កូរ៉េ​ខាងត្បូង​និង​ជប៉ុន ,​នេះ​បើ​តាម​ការបញ្ជាក់​​ពី​អ្នកការទូត​ជាន់ខ្ពស់​អាម៉េរិក​ទទួល​បន្ទុក​គោលនយោបាយ​អាស៊ី ក្នុងពេល​លោក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​។​

​លោក​ដា​វីត ស្ទីល​វ៉ែល ឧបការី​រង​នៃ​ក្រសួងការបរទេស​អាម៉េរិក ទទួលបន្ទុក​ការងារ​អាស៊ី​និង​ប៉ាស៊ីហ្វិក បាន​ស្ថិតនៅ​ក្រុង​សេ​អ៊ូ​ល​សំរាប់​ដំណើរ​ទស្សនកិច្ច​ជា​ច្រើន​ថ្ងៃ បន្ទាប់​ពី​​លោក​បាន​ឈប់​សំចត​នៅ​ជប៉ុន​និង​ហ្វីលីពីន កាលពី​ពេលមុន​នេះ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ និង​លោក​ស្ទីល​វ៉ែល មិន​បាន​និយាយថា​តើ​អាម៉េរិក​នឹង​មាន​វិធានការ​អ្វី​ដើម្បី​ជួយ​ដោះស្រាយ​​វា​។​

​កូរ៉េខាងត្បូង និង​ជប៉ុន​កំពុង​ជាប់​ក្នុង​ជម្លោះ​មួយ​ចាប់ពី​ការប្រើ​កម្លាំង​ពលកម្ម​បង្ខំ​កាលពី​សម័យ​ជប៉ុន​ដាក់​អាណានិគម រហូតដល់​ការ​កំហិត​ពាណិជ្ជកម្ម ដែល​គំរាម​រំខាន​ដល់​​ការផ្គត់ផ្គង់​បន្ទះ​ឈីប​មេមម៉ូរី និង​ស្មា​ត​ហ្វូននៅ​ទូទាំង​ពិភពលោ​ក​។​

​បន្ទាប់ពី​បាន​ជួបប្រជុំ​ជាមួយ​លោក​ដា​វីត ស្ទីល​វ៉ែល កាលពី​ថ្ងៃ​ពុធ មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​បាន​និយាយថា​អាម៉េរិក​យល់​ទាំងស្រុង​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​របស់​កូរ៉េ​​ខាងត្បូង​ជាមួយ​ជប៉ុន​។​

​លោក​ដា​វីត ស្ទីល​វ៉ែល ត្រូវ​ជួបប្រជុំ​ជាមួយ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​កាង គ្យុ​ង​វ៉ា និង​មន្ត្រី​ដទៃទៀត​។​កាលពី​សប្តាហ៍​មុន​កាង​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​សម​ភាគី​អា​ម៉េ​រិក តាម​ទូរស័ព្ទ និង​បាន​បង្ហាញ​ទស្សនៈ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ថា ការ​រឹតត្បិត​ពាណិជ្ជកម្ម​របស់​ជប៉ុន រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​សកល​និង​ប៉ះពាល់​កិច្ចសហការ​ទ្វេភាគី​។​

​កន្លង​មក​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​វប្បធម៌​យ៉ាង​ជិតស្និត​នឹង​គ្នា ហើយ​ថែមទាំង​ទទួល​ដាក់​ទាហាន​អាម៉េរិក​ប្រមាណ​៨០.០០០​នាក់​នៅលើ​ទឹកដី​​របស់គេ ដែល​ជា​ស្នូល​នៃ​វត្តមាន​អាម៉េរិក​នៅ​អាស៊ី​។​តែ​ប្រទេស​ទាំង​ពីរ​តែងតែ​ត្រូវ​ធ្វើ​អោយ​សៅហ្មង​នឹង​គ្នា​ភ្លាមៗ​ដោយសារ​តែ​ជម្លោះទឹកដី​និង​ជម្លោះ​ប្រវត្តិសាស្ត្រ​ក្នុងអំឡុង​​ការកាន់កាប់​បែប​អាណានិគម​របស់​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​ចាប់ពី​ឆ្នាំ​១៩១០ ដល់ ១៩៤៥ ។​

​ជម្លោះ​ចុងក្រោយ​នេះ​បាន​កញ្ជ្រោល​ឡើង​ក្រោយ​ពី​ជប៉ុន​បាន​រឹតបន្តឹង​ការនាំ​ចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ទៅកាន់​កូរ៉េខាងត្បូង​ដោយ​ទំនង​ជា​ការ​សងសឹក​ការដែល​​កូរ៉េខាងត្បូង​នៅតែ​រំលឹក​អតីតកាល ដោយ​បង្ខំ​អោយ​ក្រុមហ៊ុន​ជប៉ុន​សង​ជម្ងឺ​ចិត្ត​ដល់​ជនរងគ្រោះ​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​ក្រុមហ៊ុន​ទាំងនោះ​បង្ខំ​អោយ​ធ្វើ​ពលកម្ម​កាលពី​​សម័យ​អាណានិគម​៕​ដោយ​៖​វាសនា​

បាតុករ ស្រែក​ពាក្យស្លោក​ទាមទារ​សំណង​ជម្ងឺ​ចិត្ត និង​ការ​សុំទោស​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​មុខ​ស្ថានទូត​ជប៉ុន​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម