​អភិបាលខេត្ត​គាំទ្រ​ការធ្វើ​ផ្លូវ​ក្នុង​ក្រុង​ជា​ប្រភេទ​បេតុង​ព្រោះ​មានគុណ​ភាព​ជាង​

520
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​រាល់​គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​កំពត​ទាំងអស់​គួរ​កែ​ប្រែជា​ប្រភេទ​ផ្លូវ​បេតុង​វិញ​ទើប​មានគុណ​ភាពល្អ និង​ប្រើប្រាស់​បានយូរ​អង្វែង​ព្រោះ​សមស្រប​ជាមួយ​លក្ខណៈ​ភូមិសាស្ត្រ​។ នេះ​ជា​ប្រសាសន៍​របស់​អភិបាល​ខេត្តកំពត​។​

​ការ​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​និង​ស្ថាបនា​ផ្លូវ​សម្តេចព្រះសង្ឃរាជ​ជួនណា​ត​ជា​ប្រភេទ​ផ្លូវ​បេតុង​អា​មេ​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​លោក​គាំទ្រ​រាល់​គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​កំពត​ទាំងអស់​ដែល​កែ​ប្រែជា​ប្រភេទ​ផ្លូវ​បេតុង​ព្រោះ​មានគុណ​ភាពល្អ​និង​ប្រើប្រាស់​បានយូរ​អង្វែង​ស្រប​ជាមួយ​លក្ខណៈ​ភូមិសាស្ត្រ​។

តាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រី​ជំនាញ​ថា​ស្ថានភាព​ដី​ក្នុង​ក្រុង​កំពត​មាន​លក្ខណៈ​សើម និង​រំ​ញ័រ​នៅ ស្រទាប់​ខាងក្រោម ដូច្នេះ​ការធ្វើ​ផ្លូវ​ជា​ប្រភេទ​កៅស៊ូ​មិនអាច​ជាប់ និង​ប្រើប្រាស់​បានយូរ​អង្វែង​ទេ​។ ម្ល៉ោះហើយ​តទៅ​រាល់​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​កំពត​ក្រោម​ការចំណាយ​ថវិកា​របស់​រដ្ឋបាលខេត្ត​ត្រូវ​ធ្វើជា​ប្រភេទ​បេតុង​គ្រប់​ខ្សែ​ទាំងអស់​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ដោយឡែក​សម្រាប់​ផ្លូវ​បេតុង​ប្រវែង​១.០៩១​ម៉ែត្រ ទទឹង​១១,២០​ម៉ែត្រ និង​កម្រាស់ ០,១៥​ម៉ែត្រ​មួយ​ខ្សែ​នេះ ក្រុមហ៊ុន​ម៉ៅការ​ថា​នឹង​ធ្វើឱ្យ​រួចរាល់​ក្នុង​រយៈពេល​បី​ខែ ។ ប៉ុន្តែ​លោក​សូមឱ្យ​ព​ន្លឿ​ន​ការងារ​ដោយ​ប្រើ​រយៈពេល​ត្រឹម​៤៥​ថ្ងៃ​ឬ​៦០​ថ្ងៃ​ដើម្បី​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ឆាប់​បាន​ប្រើប្រាស់​។

​លោក​ជាវ តា​យ​បាន​ក្រើនរំលឹក​ផងដែរ​ថា​មុននឹង​ឈានដល់​ដំណាក់កាល​ទទួលបាន​ស​មិទ្ធ​ផល​នេះ មន្ត្រី​នៃ​អាជ្ញាធរ​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ត្រូវ​តាមដាន​ចំពោះ​សកម្មភាព​ការងារ​គ្រប់យ៉ាង​ថា​តើ​ក្រុមហ៊ុន​បាន​អនុវត្តតាម​បទដ្ឋាន​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា​?​ការតម្រូវ​ធ្វើបែបនេះ​គឺ​រដ្ឋបាលខេត្ត​មានបំណង​ឱ្យ​ការប្រើប្រាស់​ផ្លូវ​ដែល​ចំណាយ​ថវិកា​ដ៏​សន្ធឹកសន្ធាប់​នោះ​មានគុណ​ភាពល្អ​និង​ប្រើប្រាស់​បានយូរ​អង្វែង​។​

​សូមបញ្ជាក់ថា​តាម​ការកត់សម្គាល់​ជាក់ស្តែង​បណ្តា​ផ្លូវ​ដែល​បាន​ស្ថាបនា​ឡើង​ក្រោម​ការចំណាយ​ថវិកា​របស់​រដ្ឋបាលខេត្ត​កំពត​នាពេល​កន្លងមក​មិនមាន​គុណភាព និង​ប្រើប្រាស់​បានយូរ​អង្វែង​ឡើយ​។ រាល់​សកម្មភាព​នៃ​ការស្ថាបនា​ហាក់ដូចជា​បណ្តែតបណ្តោយ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​តែ​ឯកឯង​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​តាមដាន​ត្រួតពិនិត្យ​ឱ្យ​ល្អិតល្អន់​ទេ​។​

​ម្ល៉ោះហើយ​ទើប​ក្រោយពី​ក្រុមហ៊ុន​ប្រគល់ជូន​រដ្ឋបាលខេត្ត​មិនបាន​រយៈពេល​ប៉ុន្មាន​ផង​ភាព​ខូចខាត​បានចាប់ផ្តើម​ឡើង​បង្កឱ្យមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ទូទៅ​នូវ​ពាក្យ​ថា​ផ្លូវ​គ្មាន​គុណភាព​និង​បង្ក​ការលំបាក​សម្រាប់​ដំណើរ​ប្រចាំថ្ងៃ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម