ប្រធានាធិបតី​ហ្វីលីពីន ប្រើ​សន្ធិសញ្ញា​យោធា​ចាស់​ជាមួយ​អាម៉េរិក​ឡើងវិញ​និង​ពន្យុះ​ឲ្យ​អាម៉េរិក​បញ្ជូន​នាវា​ទៅ​តតាំង​ជាមួយ​ចិន​

1081
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា បាន​«​យកមកប្រើ​ឡើងវិញ​»​សន្ធិសញ្ញា​យោធា​ដ៏ចំណាស់​របស់​ប្រទេស​របស់​លោក​ជា​មួយ​អាម៉េរិក ​ដោយ​ទំនងជា​ចង់​ឆ្លើយ​​តប​ទៅ​នឹង​ការរិះគន់​ថា​លោក​ជន់​ជ្រាយ​ជាមួយ​ចិន​ពេក អំពី​ជម្លោះ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ថា​«​ឥឡូវ ខ្ញុំ​ប្រាប់​អាម៉េរិក​ថា ​ខ្ញុំ​យកមកប្រើ​ឡើងវិញ​សន្ធិសញ្ញា​យោធា​ហ្វីលីពីន​-​អាម៉េរិក​ហើយ​ខ្ញុំ​ចង់​​ឲ្យអាម៉េរិក​កេណ្ឌ​ប្រមូល​កង​នា​វាទី​៧​របស់​ខ្លួន​ទៅ​ប្រឈម​ជា​មួយ​ចិន​ទៅ​»​។​

​នៅ​មិនទាន់​មាន​ការឆ្លើយតប​យ៉ាង​ណា​ពី​អាម៉េរិក​នៅឡើយ​ទេ​ តែ​វា​បាន​កើត​ឡើង​បន្ទាប់ពី​មន្ត្រី​ហ្វីលីពីន​និង​អាម៉េរិក​បានបញ្ចប់​ការចរចា​យុទ្ធសាស្ត្រ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​​អង្គារ ដែល​មាន​និយាយ​គ្នា​អំពី​បញ្ហា​យោធា​និង​សន្តិសុខ សេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍ ការ​ចូល​ពាក់ព័ន្ធ​របស់​តំបន់​និង​កិច្ចការទូតស​កល​លោក ​ព្រមទាំង​នីតិរដ្ឋ​និង​ការអនុវត្ត​​ច្បាប់​។​

​សេចក្តីថ្លែងការណ៍​រួម​ក្រោយ​កិច្ច​ពិភាក្សា​បាន​និយាយថា​« ភាគី​ទាំង​២​បាន​ទទួលស្គាល់​សារសំខាន់​នៃ​សម្ពន្ធភាព​រឹងមាំ​រវាង​ហ្វីលីពីន​និង​អាម៉េរិក​នៅក្នុង​ការពង្រឹង​កិច្ចសហការ​​និង​ជំរុញ​ស្ថិរភាព​និង​សន្តិសុខ​តំបន់​។​ភាគី​ទាំង​២​អះអាង​ឡើងវិញ​អំពី​សេរីភាព​នាវាចរណ៍ ការហោះ​កាត់​និង​ការប្រើប្រាស់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ស្របច្បាប់​។​ភាគី​ទាំងពីរ​ក៏​​ឲ្យសារសំខាន់​លើ​ការដោះស្រាយ​ជម្លោះ​ដោយ​អហិង្សា ស្របតាម​ច្បាប់​អន្តរជាតិ ….»​។​

​លោក​ឌុយ​ទែត ឡើង​ថ្លែង​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​១៧​មិថុនា​

​មេដឹកនាំ​ហ្វីលីពីន​ដែល​តែងតែបាន​អះអាង​កាលពីមុន​ថា ការអះអាង​សិទ្ធិ​របស់​ហ្វីលីពីន​នៅក្នុង​ដែនទឹក​មាន​ជម្លោះ​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម បាន​និយាយ​បន្ថែមថា​« ឥឡូវ​​ខ្ញុំ​ស្នើសុំ​ពួកគេ ហើយ​ខ្ញុំ​នឹង​ចូលរួម​ជាមួយ​ពួកគេ ។​ខ្ញុំ​នឹង​ជិះ​នាវា​ជាមួយ​ឧត្តមនាវី​អាម៉េរិកទៅ​ទីនោះ​(​សមុទ្រ​ចិន​ខាងត្បូង​)»​។​

​សូម​រំលឹក​ថា សន្ធិសញ្ញា​ការពារ​គ្នា​ឆ្នាំ​១៩៥១ រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​វ៉ាស៊ីនតោន អនុញ្ញាត​ឲ្យ​ភាគី​ទាំង​២​ជួយ​គ្នា​ក្នុងករណី​មាន​ការវាយប្រហារ​មក​លើ​ទឹកដី​របស់​ផង​ខ្លួន​​ កងកម្លាំងប្រដាប់អាវុធ នាវាឬ​យន្តហោះ​របស់​គេ​ក្រោម​យុត្តាធិការ​របស់​វា​នៅ​តំបន់​ប៉ាស៊ីហ្វិក ។​

​អាម៉េរិក​បាន​អះអាង​ថា វិសាលភាព​នៃ​សន្ធិសញ្ញា​នេះ​គ្របដណ្តប់​រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង តែ​ក្នុងពេល​ជាមួយ​គ្នា​ក៏​បាន​អះអាងថា ខ្លួន​នឹង​មិន​កាន់ជើង​ខាង​ណា​ទេ​ក្នុង​​ជម្លោះ​ដែនទឹក​នៅទីនេះ​។​

​ជម្លោះ​ដែនទឹក​នេះ​ជា​បញ្ហា​ពិបាក​ដោះស្រាយ​មួយ​រវាង​ហ្វីលីពីន​និង​ចិន ទោះ​ជា​ប្រទេស​ទាំង​ពីរ​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​គេ​មាន​ភាពល្អប្រសើរ​ក្រោម​គោលនយោបាយ​​ផ្សះផ្សារ​របស់លោក​ឌុយ​ទែត​ចំពោះ​ចិន ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​កាល​ពី​៣​ឆ្នាំមុន​។​

​ក្នុងពេល​ជាមួយគ្នា ចិន​បន្ត​ច្រាន​ចោល​ការសម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​កាលពី​ឆ្នាំ​២០១៦​ ដែល​មិន​ទទួលស្គាល់​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​របស់​ចិន​ក្នុង​ការអះអាង​កាន់កាប់​សមុទ្រ​​ចិន​ខាងត្បូង​ស្ទើរ​ទាំងមូល​៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម