អភិបាលស្រុក​មណ្ឌលសីមា ប្រគេន​ទៀនវស្សា​ព្រះសង្ឃ​៧​វត្ត​

670
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា និង​ក្រុមគ្រួសារ សប្បុរសជន ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​ឃុំ​ភូមិ​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ នេះ​បាន​នាំយក​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​ចំនួន​៧​វត្ត និង​សាលាឆទាន​១​កន្លែង ដែល​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស​។​

​បន្ទាប់ពី​ព្រះសង្ឃ​សូត្រ​វេន​ចង្ហាន់​ទេ​យ្យ​ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ លោក ហាក់ ឡេង អភិបាល ស្រុក​មណ្ឌលសីមា មានប្រសាសន៍ថា សកម្មភាព​ធ្វើបុណ្យ​សន្សំ​កុសល​នេះ ជា​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា អោយមាន​ការរីកចម្រើន​ថែមទៀត ដោយ​បុណ្យ​ចុះ​ព្រះវស្សា ផ្តើម​ពីថ្ងៃ​១​រោច ខែអាសាឍ ដល់​ថ្ងៃ​១៥ កើត ខែ អស្សុជ មាន​រយៈពេល​៣​ខែ ដែល​ពុទ្ធ​បរិ​ស័​ទ្ធ​ខ្មែរ​គោរព​ជឿជាក់​ប្រតិបត្តិ​រៀង​រហូតមក​។​

​លោក​អភិបាលស្រុក​មណ្ឌលសីមា ឱ្យដឹងទៀតថា ក្រោយ​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា វិស័យ​ព្រះពុទ្ធសាសនា​នៃ​យើង មានការ​គោរព​ជឿជាក់​ល្អប្រសើរ​។ បើ​ធៀប​នឹង​របប​ប៉ុល ពត វិញ ប្រជាពលរដ្ឋ​កម្ពុជា គ្មាន​សិទ្ធិសេរីភាព​ធ្វើបុណ្យ​ទាន​ដូច​ពេលនេះ​ទេ​។ ខណៈ​បច្ចុប្បន្ន ប្រទេស​ម្ពុ​ជា និង​ខេត្តកោះកុង កំពុង​កសាង និង​អភិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​។​

​ក្នុងនាម​ជា​អភិបាលស្រុក​មណ្ឌលសីមា លោក ហាក់ ឡេង កត់សម្គាល់​ដែរ​ថា ទី​វត្ត​រាម បាន​ចូលរួមចំណែក​អប់រំ​រៀនសូត្រ​កុមារ និង​យុវជន ដើម្បីអោយ​ក្លាយជា​ធនធាន​មនុស្ស​ដែល​សង្គមជាតិ​ត្រូវការ​។ ជាក់ស្តែង រាជរដ្ឋាភិបាល បានផ្តល់​អគារសិក្សា​ជាច្រើន​ខ្នង​នៅក្នុង​មូលដ្ឋាន​ស្រុក ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ​។ លោក ស្នើ​ដល់​ពលរដ្ឋ ពុទ្ធបរិស័ទ​កុំ​ជឿ​លើ​ការ​ញុះញុង់​ពី​ក្រុម​អ្នកប្រឆាំង ដែល​តែង​បង្ក​បាតុភាព​មិនល្អ​ដល់​សណ្តាប់ធ្នាប់ ស្ថេរភាព ក្នុងសង្គម​។​

​ទន្ទឹម​នោះ លោក​អភិបាលស្រុក​មណ្ឌលសីមា ក៏បាន​ជូន​ថវិកា​ដល់​លោកតា លោកយាយ និង​ថ្លែង​អំណ​អរគុណ​ចំពោះ​ការចូលរួម​ធ្វើ​បុណ្យទាន​រួមគ្នា​ពី​មន្ត្រីរាជការ មន្ទីរជំនាញ និង​ពុទ្ធបរិស័ទ​ទាំងអស់​ផងដែរ តាមរយៈ​ការបរិភោគ​អាហារ​សាមគ្គី​យ៉ាង​សប្បាយរីករាយ​។​

​ការចូល​ព្រះវស្សា គឺជា​ព្រះ​វិន័យ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឲ្យ​ព្រះសង្ឃ​សាវ័ក​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែលមាន​រយៈពេល​៣​ខែ គឺ​ចាប់​ថ្ងៃ​១​រោច ខែអាសាឍ ដល់ទី​១៥​កើត ខែអស្សុជ​។ ការចូល​ព្រះវស្សា មាន​តាំងពី​ពេលដែល​ព្រះពុទ្ធ​គង់​ជា​ធរមាន​មកម្ល៉េះ​។

​ការ​បញ្ញត្តិ​ឲ្យ​មានការ​កាន់​ព្រះវស្សា​នេះ គឺ​ព្រះពុទ្ធ​ជា​ម្ចាស់ មាន​ព្រះ​បំណង​ចង់​ឲ្យ​ព្រះសង្ឃ​មាន​ភាពងាយស្រួល​ក្នុង​រដូវវស្សា​រយៈពេល​៣​ខែ​នេះ ដែលជា​រដូវ​ពោរពេញ​ទៅដោយ​ភ្លៀង​ធ្លាក់ ជោគជាំ និង​សម្បូរ​ភក់ជ្រាំ​ច្រើន​។

​តាម​ទម្លាប់ ពុទ្ធបរិស័ទ តែងតែ​នាំយក​នូវ​ទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់​សាដក និង​គ្រឿង​សម្ភារ​ដទៃទៀត ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ផ្គត់ផ្គង់​ព្រះអង្គ​ក្នុងអំឡុងពេល​នៃ​ការចូល​ព្រះវស្សា​នេះ​។ ខេត្តកោះកុង បច្ចុប្បន្ន មាន​វត្ត​អារាម​ចំនួន​៥២​វត្ត គណៈមហានិកាយ​៤៧​វត្ត និង​គណៈ​ធម្មយុត្ត​ចំនួន​៥​វត្ត រីឯ​ព្រះសង្ឃ​មាន​៤៣៦​អង្គ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម