ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក បង្ហើប​ប្រាប់ថា ហ្វ្រែ​ង ឡាំ​ផាត កំពុង​បង្ហាញ​ក្រុម​ឆេ​ល​ស៊ី​ឲ្យ​លេង​តាម ស្ទីល​របស់ខ្លួន​

516
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) មាន​គម្រោង​បង្កើត​ក្រុម​ឆេ​ល​ស៊ី​ដែល មាន ភាព គឃ្លើន​និង​រហ័សរហួន​តាមរបៀប​លេង​ផ្ទាល់ខ្លួន​របស់​លោ​ក៊ នេះ​បើតាម​ការ អះអាង​របស់​ខ្សែបម្រើ​តម្លៃ​៤០​លាន​ផោន ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) ។

​កូ​វ៉ា​ស៊ី​ក បាន​ផ្ទេរ​ពី​ក្លិប រៀល ម៉ា​ឌ្រី​ត ជា​ផ្លូវការ បន្ទាប់ពី​ចំណាយពេល​ខ្ចី​ជើង​ពេញ​មួយ រដូវ​កាល​មុន​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge​។ កូ​វ៉ា​ស៊ី​ក បាន​និយាយថា “​ខ្ញុំ​គិតថា គ្រប់គ្នា​ស្គាល់ ហ្វ្រែ​ង ឡាំ​ផាត ច្បាស់​។

​ខ្ញុំ​ទើបនឹង​ស្គាល់​គាត់​នៅពេលនេះ ហើយ​គាត់​ពិតជា​មនុស្ស​ល្អ​។ គាត់​មានគំនិត​ច្បាស់ លាស់ ហើយ​ក្រុម​ទាំងមូល​ដឹងថា គាត់​ចង់បាន​អ្វី​។ គាត់​ចង់​ឲ្យ​យើង​មាន​លក្ខណៈ គឃ្លើន ជា​ក្រុម​គឃ្លើន​និង​លេង​ក្នុង​ទម្រង់​ល្អ​”​។

​កូ​វ៉ា​ស៊ី​ក បន្តថា “ គាត់​ចង់​ឲ្យ​យើង​មាន​ភាព​គឃ្លើន នៅពេល​យើង​មាន​បាល់​ត្រូវ​លេង​ឲ្យ បាន​លឿន ហើយ​នៅពេល​យើង​បាត់​បាល់ យើង​ត្រូវ​បិទ​ឲ្យ​បាន​លឿន​។ នេះ​គឺជា​ស្ទីល របស់គាត់ ហើយ​វា​ដូចជា​ទម្រង់​ដែល​គាត់​ធ្លាប់​លេង​កាល​នៅ​ជា​កីឡាករ​”​។

​ឡាំ​ផាត និង​ក្រុមការងារ​បង្វឹក​បានធ្វើ​ការ​យ៉ាងសកម្ម​ជាមួយ​កីឡាករ អំឡុងពេល​ហ្វឹក ហាត់​កាលពី​សប្តាហ៍​មុន ហើយ​បាន​បន្ត​វគ្គ​ហ្វឹកហាត់​ទ្វេដង​នៅ​ប្រទេស​ជប៉ុន​ទី​ដែល មាន​អាកាសធាតុ​ក្តៅ​។

​កូ​វ៉ា​ស៊ី​ក បាន​និយាយថា “​វា​គឺជា​រឿង​អស្ចារ្យ ដែល​វីរបុរស​របស់​ក្លឹប​ជា​គ្រូបង្វឹក ប៉ុន្តែ​វា ក៏​ពិបាក​ខ្លាំង​ណាស់ដែរ ពីព្រោះ​ការហ្វឹកហាត់​មាន​សភាព​តឹងតែង​។ ប៉ុន្តែ​កីឡាករ សប្បាយចិត្ត​។ ខ្ញុំ​ត្រៀម​រៀនសូត្រ​ពី​គាត់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​គាត់​មាន កិត្តិយស​និង​មាន​រដូវ​កាល​ដ៏​ល្អ​។ យើង​ត្រៀម​ហ្វឹកហាត់​យ៉ាងសកម្ម​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម