ត្រាំ​អះអាងថា អាម៉េរិក​បាញ់​ទម្លាក់ដ្រូន​អ៊ីរ៉ង់ តែ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ថា​អត់​ដឹង​

1951
ចែករម្លែក

​ប្រធានាធិបតី អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​ថា នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​របស់​អ៊ីរ៉ង់​​មួយ​នៅ​ច្រក​សមុទ្រហ័​រមូស ក្រោយ​ពី​យន្តហោះ​នេះ​មិន​ស្តាប់​ការព្រមាន​ឲ្យចុះ​។​

​តែ​ក្រោយមក​ក្នុង​ថ្ងៃ​ដដែល រដ្ឋមន្ត្រី​គារ​បរទេស​អ៊ីរ៉ង់ លោក ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មិន​មាន​ព័ត៌មាន​អំពី​ការបាញ់​​ទម្លាក់ដ្រូន​ដោយ​អាម៉េរិកទេ​។​

​លោក​ហ្សារី​ហ្វ បាន​និយាយថា​«​យើង​មិន​មាន​ព័ត៌មាន​អំពី​ការបាត់បង់​ដ្រូ​ននៅថ្ងៃនេះ​ទេ​»​។​

​ត្រាំ​បានចាត់ទុក​អំពើ​របស់ដ្រូន​អ៊ីរ៉ង់​នេះថា ជាការ​បង្ករឿង​មក​លើ​នាវា​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ដោយ​បាន​បន្ថែម​ថា​ សហ​រដ្ឋ​អាម៉រិក​មាន​សិទ្ធិ​ការពារ​ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា ដ្រូ​ន​របស់​អ៊ីរ៉ង់​មួយ​បាន​ចូល​មក​ដល់​ក្នុង​«​រង្វង់​គំរាមកំហែង​»​នៃ​នាវាចម្បាំង​អាម៉េរិក​នៅក្នុង​ច្រក​សមុទ្រ​​ហ័​រមូស មុន​ពេល​វា​ត្រូវ​បាន​បំផ្លាញចោល​ដោយ​កងកម្លាំង​អាម៉េរិក ជាការ​ការការពារ​ខ្លួន​។​

​សូមបញ្ជាក់​ថា សភាពការណ៍​នៅ​ឈូង​សមុទ្រ​ពែ​ក្ស និង​តំបន់​ជុំវិញ​កាន់តែ​អាក្រក់​ទៅ​នៅ​ប៉ុន្មាន​ខែ​មកនេះ នៅពេល​នាវា​ដឹក​ប្រេង​ជា​ច្រើន​រង​ការវាយប្រហារ​ដោយ​គ្រឿង​ផ្ទុះ​​ពី​ប្រភព​មិន​ស្គាល់​។​តែ​អាម៉េរិក និង​សម្ពន្ធមិត្ត​បាន​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ឧបទ្ទវហេតុ​ទាំងនេះ​។​យោធា​អ៊ីរ៉ង់​បន្ទាប់មក​បាន​បាញ់​ទម្លាក់ដ្រូន​អាម៉េរិកមួយ​គ្រឿង​ដោយ​អះអាង​​ថា​វា​រំលោភ​ដែនអាកាស​របស់ខ្លួន​។​

​ចំពោះ​ឧបទ្ទវហេតុ​នេះ អាម៉េរិក​ប៊ិះ​ចាត់វិធានការ​យោធា​សងសឹក​លើ​អ៊ីរ៉ង់ តែ​លោក​ត្រាំ បាន​ដក​បញ្ជា​វាយប្រហារ​វិញ​នៅ​ប៉ុន្មាន​នាទី​មុន​ការវាយប្រហារ​ចាប់ផ្តើម​៕​ដោយ​៖​វាសនា​/Ha

​ដ្រូ​ន​របស់​កងទ័ព​អ៊ីរ៉ង់​

ទីតាំងផ្សាយពាណិជ្ជកម្ម