​ប្រពន្ធ​សម្រាលកូន​បាន​៣​ខែ ធ្លាក់ខ្លួន​ងងឹតភ្នែក ប្តី​ចុះចោល​ទុកឱ្យ​ប្រពន្ធ​កូន​រស់នៅ​វេទនា

540
ចែករម្លែក

វ៉ៃ​គោ-​ស្វាយរៀងៈ​ ស្ត្រី​ទីទ័លក្រ​ម្នាក់​ក្រោយពេល​សម្រាលកូន​ទី​២​បាន​រយៈពេល​៣​ខែ​ក៏​កើត​ជំងឺ​ងងឹតភ្នែក​ទាំងសងខាង​។ អ្វីដែល​គួរ​ស​ង្វេគ​ជាងនេះទៅទៀត​នោះ​គឺ​ប្តី​របស់គាត់​បាន​ចុះចោល​ផ្ទះ​​​ ទុកឱ្យ​រូបគាត់​រស់នៅ​ជា​មួយកូន​ប្រុសទាំង​២​នាក់ ក្នុង​ខ្ទម​បាក់បែក ជញ្ជាំង​ប្រក់​មេឃ រងទុក្ខវេទនា​។​

​លោកស្រី ពេជ្រ ស្រីមុំ ជំទប់​ទី​១ ឃុំ​ធ្មា បានឱ្យដឹងថា ស្ត្រី​ខាងលើ​មានឈ្មោះ ចិន ហឿន អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំការ​ឃុំ​ធ្មា ​ស្រុក​រំដួល​ខេត្តស្វាយរៀង​។​គាត់​បាន​នៅ​ជាមួយ​ប្តី​ជាច្រើន​ឆ្នាំ​មកហើយ និង​បាន​ចំណងដៃ​កូនប្រុស​២​នាក់ ដែល​កូន​ទី​១ អាយុ​៤​ឆ្នាំ និង​កូន​ទី​២ មាន​អាយុ​៣​ឆ្នាំ​។​

​អ្នកស្រី ចិន ហឿន បានឱ្យដឹងថា ក្រោយពី​រូបគាត់​បាន​សម្រាលកូន​ទី​២ ក្នុងអំឡុង​ឆ្នាំ​២០១៦ បានតែ​៣​ខែ ​ស្រាប់តែ​ភ្នែក​របស់គាត់​ស្រវាំង ​ព្រិល​មើល​អ្វី​មិនសូវ​ច្បាស់​នោះទេ​។​រហូតមកដល់​បច្ចុប្បន្ន​នេះ រូបគាត់​គឺ​ងងឹតភ្នែក​មើលលែងឃើញ​តែម្តង​។

អ្នកស្រី​បន្តទៀតថា កាល​គាត់​មិនទាន់​ងងឹតភ្នែក គឺ​គាត់​បាន​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​។​ប៉ុន្តែ​ឥឡូវ​ពុំ​អាចធ្វើ​អ្វី​បាន​នោះទេ​ ហើយ​បញ្ហា​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ត្រូវ​មើលថែ​កូន​ទាំង​២​នាក់​ដែល​នៅ​តូចៗ​ ធ្វើឱ្យ​គាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ថែមទាំង​ពុំ​អាចធ្វើ​ការរកស៊ី​អ្វី​បាន​ទៀត​។

​ស្ត្រី​ខាងលើ​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត ឆ្ងាយ មេត្តាជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​របស់គាត់​ផង ដែល​កំពុងតែ​ជួប​នូវ​ទុក្ខវេទនា រស់នៅ​ដោយសារ​ឪពុក​ម្តាយបង្កើតផ្តល់​បាយទឹក​ឱ្យ​ហូប ហើយ​កន្លងមក បើទោះបីជា​ធ្លាប់មាន​អាជ្ញាធរ​មូលដ្ឋាន កាកបាទក្រហម​ស្រុក ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក បាន​ជួយឧបត្ថម្ភ ក៏​នៅ​មិនអាច​បំពេញ​នូវ​តម្រូវការ ជីវភាព​ប្រចាំថ្ងៃ​របស់គាត់​បាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម