អ​.​ស​.​ប​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដើម្បី​បន្ត​ការដឹកជញ្ជូន​ស្បៀងអាហារ​

575
ចែករម្លែក

​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាគោលការណ៍​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​ដើម្បី​បន្ត​ដឹក​ជំនួយ​ស្បៀងអាហារ​ទៅកាន់​តំបន់​ដែល​ពួកគេ​គ្រប់គ្រង​។ នេះ​បើ​យោងតាម​ប្រធាន​ទីភ្នាក់ងារ​មួយ​នេះ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កក្កដា​។​

​កង្វះ​អាហារូបត្ថម្ភ​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​យេ​ម៉ែន បន្ទាប់ពី​សង្គ្រាមស៊ីវិល​បួន​ឆ្នាំ ប៉ុន្តែ​អង្គការសហប្រជាជាតិ​បាន​ផ្អាក​ការផ្តល់​ជំនួយ​ស្បៀងអាហារ​ទៅកាន់​តំបន់​នានា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​កាលពី​ខែ​មុន បន្ទាប់ពី​មានការ​ចោទប្រកាន់​អំពី​ការ​បង្វែរ​ស​ម្បៀ​ង​អាហារ​ទៅ​កន្លែង​ផ្សេង​។​

​ប្រមុខ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​លោក ដេវីត ប៊ី​ស្លី បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​នឹង​អនុញ្ញាតឱ្យ​ស្បៀងអាហារ​ត្រូវបាន​ដឹកបញ្ជូន​យ៉ាង​លឿន​ទៅកាន់​រដ្ឋធានី​សា​ណា ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នេះ ទោះបីជា​ភាគី​ទាំងពីរ​មិនទាន់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ក៏ដោយ​។​

​លោក​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​យេ​ម៉ែន ដែល​ក្នុងនោះ​លោក​បាន​ចូលរួម​ជាមួយ​មន្ត្រី​មនុស្សធម៌​របស់​អ​.​ស​.​ប​ក្នុងការ​គូសបញ្ជាក់​ពី​ស្ថានការណ៍​ដ៏​អាក្រក់​នៅក្នុង​ប្រទេស​នេះ​ថា “​ខ្ញុំ​អាច​និយាយបានថា​យើង​បានធ្វើឱ្យ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​”​។​

​លោក​បាន​និយាយថា “​ប្រជាជន​ប្រហែល ៣០ លាន​នាក់​រស់នៅ​ក្នុងប្រទេស​យេ​ម៉ែន ហើយ​ជាង​ពីរភាគបី​នៃ​ពួកគេ​គឺ​គ្មាន​សន្តិសុខ​ស្បៀងអាហារ​នោះទេ​។ ពួកគេ​ទាំងនោះ​មាន​ចំនួន ២០ លាន​នាក់ ជា​ស្ត្រី​បុរស​ក្មេងប្រុស​និង​ក្មេងស្រី​”​។​

​ខណៈ​ព្រមាន​អំពី​ស្ថានភាព​មនុស្សធម៌​ធ្ងន់ធ្ងរ​និង​កាន់តែ​អាក្រក់​ទៅៗ​នោះ ប្រេសិត​អ​.​ស​.​ប​ប្រចាំ​នៅ​យេ​ម៉ែន​លោក​ម៉ា​ទីន ហ្គ្រី​ហ្វ​ហ្វី​ត បាន​និយាយថា បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយស្រួយ​នៅ​កំពង់ផែ​សំខាន់​នៃ​ទីក្រុង​ហូ​ដេ​ដា (Hodeida) “​នៅ​ទីបំផុត​អាច​នឹង​អនុញ្ញាតឱ្យ​យើង​ផ្តោតលើ​ដំណើរការ​នយោបាយ​នៅមុន​ដំណាច់​រដូវក្តៅ​នេះ​”​។​

​លោក ម៉ាក ឡូ​វ​ខុ​ក ប្រធាន​អង្គការ​មនុស្សធម៌​រប​ស់​អ​.​ស​.​ប បាន​និយាយថា ការប្តេជ្ញាចិត្ត​របស់​អន្តរជាតិ​ចំពោះ​ជំនួយ​ដល់​យេ​ម៉ែន​មិនត្រូវ​បាន​គោរព​នោះទេ​។​

​លោក​បាន​ចង្អុល​ដាក់​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត សមាជិក​នៃ​ក្រុមចម្រុះ ដែល​បានធ្វើ​អន្តរាគមន៍​នៅក្នុង​ប្រទេស​យេ​ម៉ែន ដើម្បី​គាំទ្រ​រដ្ឋាភិបាល​របស់​យេ​ម៉ែន​។​

​លោក​បាន​និយាយថា “​អ្នក​ដែល​បាន​សន្យា​ផ្តល់ជំនួយ​ធំជាងគេ ពោលគឺ​អ្នកជិតខាង​របស់​យេ​ម៉ែន​នៅក្នុង​ក្រុមចម្រុះ​នេះ រហូតមកទល់​ពេលនេះ បាន​ចំណាយ​មួយផ្នែក​តូច​ប៉ុណ្ណោះ​នៃ​អ្វីដែល​ពួកគេ​បាន​សន្យា​”​។​

​ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ច្រានចោល​ការរិះគន់​នេះ​។​

​ដោយ​កត់សម្គាល់​នូវ​ជំនួយ​សរុប​ជាង ៤០០ លាន​ដុល្លារ លោក អាប់​ដា​ឡា យ៉ា​យ៉ា អាល់​អា​មូ​អាល់​លី​មី បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​បាន​ចំណាយលុយ​ច្រើនជាង​នរណាៗ​ទាំងអស់​នៅ​ឆ្នាំនេះ​”​។​

​ទីភ្នាក់ងារ​ជំនួយ​នេះ​និយាយថា ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​កងកម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​។​

​ជម្លោះ​នេះ​ក៏បាន​បង្ខំ​មនុស្ស​ប្រមាណ ៣,៣ លាន​នាក់​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

យេ​ម៉ែន​ទទួល​ជំនួយ​ពី​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​ទីក្រុង​កំពង់ផែ​ហូ​ដេ​ដា​កាលពី​ថ្ងៃទី​២៥​មិថុនា​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម