បន្ទាប់ពី​បង្ក្រាប : លោក​សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទ ល្មើស​ធនធាន​ធម្មជាតិ

484
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ ៖ បន្ទាប់ពី​បង្ក្រាប​បទល្មើស​ព្រៃឈើ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល​។

កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការចូល​រូ​ម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​មួយចំនួន​ផងដែរ​។​

​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន រួមទាំង​អ្នកផ្សំគំនិត​ទាំងអស់ បើ​សិនជា​រកឃើញថា មាន​ការជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។ ហើយ​គណៈកម្មការ​កំពុង​តែពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​កសិកម្ម​ពី​រាជរដ្ឋាភិបាល​។​

​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុងការ​បង្ក្រាប​នេះ បាន​ចាប់ខ្លួន​លោក​ឧកញ៉ា សឹង្ហ សំអុល នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ រួមទាំង​បក្ខពួក សរុប​ចំនួន​៤​នាក់ និង​បាន​រកឃើញ​រថយន្ត​ដឹកឈើ​ជាង ៤០​គ្រឿង លាក់ទុក​នៅក្នុង​ព្រៃ​។ ហើយ​ថ្ងៃទី​១៣ ខែកក្កដា មន្ត្រី​ជំនាញ​ចំំ​នួន​៥​នាក់ ត្រូវបាន​កោះហៅ​មក​សាកសួរ រួមមានៈ ទី​១.​លោក សុង ឃាង ប្រធាន មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​, ទី​២.​លោក កែវ សុភ​ក៌ ប្រធាន មន្ទីរ​បរិស្ថាន​,​ទី​៣.​លោក អ៊ុ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​, ទី​៤.​លោក ប៉ែន ភ័​ត្រា នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ទី​៥.​លោក ហាន សុខន នាយក​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មកដល់ពេលនេះ មាន​មនុស្ស​ចំនួន​ន​៩​នាក់ កំពុង​ត្រូវបាន​តាម​ស្វែងរក​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។ ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៩​នាក់​នោះទេ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម