​អភិបាល​រាជធានី​អំពាវនាវ​ពលរដ្ឋ​ឱ្យ​ស្រឡាញ់​ដើមឈើ​ដូច​ស្រឡាញ់​កូនចៅ

674
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ស្រឡាញ់​ដើមឈើ​ឱ្យ​ដូច​ស្រឡាញ់​កូនចៅ​របស់ខ្លួន​មើលថែទាំ​ស្រោច​ទឹក​ដាក់​ជី​ឱ្យ​វា​ធំធាត់​អ​ញ្ជើ​ង​ដែរ​។​

លោក​នៅបាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ព្រះសង្ឃ​លោកគ្រូ​អ្នកគ្រូ​មន្ត្រីរាជការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ថែរក្សា​ការពារ​ដើមឈើ​នៅតាម​ភូមិដ្ឋាន​សាលារៀន​វត្ត​អា​រ៉ា​ម​តាម​សួនច្បារ​និង​ផ្លូវ​សាធារណៈ​ឱ្យបាន​ល្អ​ព្រោះ​ដើមឈើ​មាន គុណប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​បរិស្ថាន និង​មនុស្សជាតិ​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​ដែល​បាន​ប្រារព្វ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​នេះ​នៅក្នុង​បរិវេណ​វត្ត​និគ្រោធ​វ័ន “​ហៅ​វត្ត​គល់​ទទឹង​” ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

លោក​អភិបាល​រាជធានី​បាន​ចាត់ទុកថា​៖​ដើមឈើ​គឺជា​ធនធានធម្មជាតិ​ដ៏​សំខាន់​ដែល​បាន​បង្កើត​គម្រប​បៃតង​ហើយ​ជួយ​កម្ចាត់​ជាតិពុល​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​។​លោក​ក៏បាន​ណែ​នាំឱ្យ​រដ្ឋបាល​ព្រៃឈើ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​អង្គភាព​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ត្រូវ​រួមគ្នា​ថែរក្សា​ដើមឈើ​ដែល​បាន​ដាំ​ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ល្អ​។​ត្រូវធ្វើ​របាយការណ៍​ពី​ស្ថានភាព​ដើមឈើ​ទាំងនោះ​ឱ្យបាន​ជាប់​ជាប្រចាំ​រៀងរាល់​៦​ខែម្តង​ដើម្បី​ថែរក្សា​ការពារ​ដើមឈើ​ទាំង​នោះបាន​រីកលូតលាស់​ល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។​

លោក​អភិបាល​បានបញ្ជាក់​ទៀតថា​៖​ដើមឈើ​នេះ​វា​ជា​អ្នកទ្រទ្រង់​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង បានរស់នៅ​ប្រកបដោយ​ចីរភាព​នេះ​ជា​សារៈសំខាន់​នៃ​ដើមឈើ​។​ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្លាប់មាន​កូនចៅ​ហើយ​ស្រឡាញ់​កូនចៅ​របស់ខ្លួន​សូមឱ្យ​ស្រឡាញ់​ដើមឈើ​ប្រៀបបាន​នឹង​កូន​របស់ខ្លួន​។​

ត្រូវ​ថែទាំ​វា​ឱ្យ​បានល្អ​ដាក់​ជី​ពូន​គល់​និង​ស្រោច​ទឹកជា​ដើម​ប្រៀបបាន​ដូច​ទៅនឹង​ការ​បីបាច់​ថែរក្សា​កូនចៅ​ក្នុង​ក្រុមគ្រួសារ​អញ្ចឹង​ដែរ​។​យើង​ដឹង​ហើយ​ថាបើ​កាលណា​គ្មាន​ដើមឈើ​ទេ​កូនចៅ​យើង​ជំនាន់​ក្រោយ​ក៏​មិន អាច​រស់នៅ​បានដែរ​។​

​ក្នុងឱកាស​នោះ​លោក​ចាន់ រិទ្ធី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​ដើម្បី​អបអរសាទរ​ទិវា​ដាំ​ដើមឈើ​ដែលជា​ប្រពៃណីជាតិ​ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន ដាំ​ដើមឈើ​ចម្រុះ​ប្រភេទ​ឈើ​គ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និង​ខ្ទរ​សរុប​ចំនួន ១៣៤៤​ដើម នៅតាម​វត្ត​អារាម សាលារៀន និង​ដងផ្លូវ សាធារណៈ​។​

​លោក​បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បានផ្តល់​កូនឈើ​ចម្រុះ​ប្រភេទ ឈើ​គ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំង​ទឹក ស្វាយ និង​ខ្ទរ សរុប​ប្រមាណ ៤២០០​ដើម ដើម្បី​ប្រគេន​ព្រះសង្ឃ​និង​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​មកពី​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ដើម្បី​យកទៅ​ដាំ​នៅតាម​ទី​វត្ត​អារាម​ដងផ្លូវ​ទីសាធារណៈ​និង​លំនៅដ្ឋាន​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​បុណ្យ​រុក្ខទិវា​ជា​រៀងរាល់ឆ្នាំ​ដូច​បណ្តា​ខេត្ត​ដ៏​ទៃ​ដែរ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រួមគ្នា​ការពារ​ធនធាន​ព្រៃឈើ​តាម​ព្រះរាជ​បវេណី​ដ៏​គំរូ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះករុណា​ព្រះមហាវីរៈក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម