ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ចំនួន ២១៥៧​ក្បាលដី នៅ​ភូមិ​តា​ឡី​

497
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​នោះ លោក​អភិបាល​ខណ្ឌដង្កោ បានធ្វើការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ក្បាលដី​ទាំងអស់ នៅក្នុង​ភូមិ​តា​ឡី សូម​មក​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​របស់ខ្លួន ដើម្បី​ប្រើប្រាស់ ធានា​នូវ​ភាពកក់ក្តៅ សុវត្ថិភាព​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ពេញលេញ និង​មាន​សារសំខាន់​សំរាប់​ការ ប្រើប្រាស់​ក្នុង​ជួល បញ្ចាំ សុំច្បាប់​សាងសង់ និង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​

​លោក​អភិបាល​ក៏បាន​ផ្តាំផ្ញើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថែ​រក្សាទុក​ប័ណ្ណកម្មសិទ្ធិ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​ការធ្វេសប្រហែស បណ្តាល​ឲ្យ​ខូចខាត ឬ​បាត់បង់​។ ប្រសិនបើ​មាន​ករណីនេះ សូម​រាយការណ៍​បន្ទាន់​មក​រដ្ឋបាល​សុរិយោដី ដើម្បី​ចាត់វិធានការ​។​

​គួរ​បញ្ជាក់ថា ក្បាលដី​ដែល​បានផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​នេះ មាន​ចំនួន ២១៥៧​ក្បាលដី ក្នុងនោះ​ដី​លំនៅដ្ឋាន ១៧៨៥​ក្បាលដី និង​ដី​កសិកម្ម ៣៧២​ក្បាលដី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម