ឈើ​កប់​ក្នុង​ដី រាប់រយ​កំណាត់ ត្រូវ​ជីក​គាស់កកាយ យកចេញ​ក្នុង​ដី​របស់​ក្រុមហ៊ុន​វិ​ជ្ជ​រី​

2324
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ​
​មណ្ឌលគិរី​:
ព័ត៌មាន​បឋម នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ ឈើ​រាប់រយ​កំណាត់ មាន​គល់ ,​មាន​អារ​ជ្រៀក​ជា​សន្លឹក ស្ដើងៗ​,​មាន​ឈើ​ជ្រុង​ដែលមាន​មុខកាត់​ធំៗ ប្រវែង​វែងៗ​ត្រូវបាន គណៈកម្មាធិការ ថ្នាក់ជាតិ បង្ក្រាប​បទល្មើស ប្រើ​គ្រឿងចក្រ កាយ​យកចេញ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​នៃ​ក្រុមហ៊ុន ដី​សម្បទាន​សេដ្ឋកិច្ច​មួយ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានអោយដឹង​នៅ​ថ្ងៃទី​២០​កក្កដា​នេះ​ថាៈ កាលពី​ថ្ងៃទី​១៩​និង​២០​កក្កដា​នេះ គណៈកម្មាធិការ​ថ្នាក់ជាតិ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង​វិ​ណុល ជា​ប្រធាន បាន​ដឹកនាំ កម្លាំង​ក្រោម​ឱវាទ ដោយ​សហការ​ជាមួយនឹង​មន្ត្រី​បរិស្ថាន រដ្ឋបាល​ព្រៃឈើ​នគរបាលជាតិ សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​កាយ​ដី ស្វែងរក​កំណាត់ឈើ ដែល​កប់​ទុក​ក្នុង​ក្រុមហ៊ុន​វិ​ជ្ជ​រី ស្ថិតនៅក្នុង​ស្រុក​កោះ​ញែក​នឹង​បាន​ប្រទះឃើញ ឈើ​ជាច្រើន​កំណាត់​នៅក្នុង​រណ្ដៅ​រាយប៉ាយ​ក្នុង​ក្រុមហ៊ុន​នោះ​។ លោក​មេបញ្ជាការ​បា​នប​ន្ត​ទៀតថា ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មាធិកា​រ គឺ​នៅ​ពុំទាន់​បញ្ចប់​នោះទេ​។​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ចំនួន​៧​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ១១​ត្រូវបាន​កម្លាំង​ជំនាញ ចូលដល់​គោលដៅ​ទាំងអស់​។ ចំពោះ​ប្រធាន​ក្រុមហ៊ុន​វិ​ជ្ជ​រី ដែលជា​ជនជាតិ​ចិន​នោះ កំពុងតែ​ស្ថិតនៅ ការ​មិនទាន់​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅឡើយ ខណៈដែល មាន​ដីការ​បញ្ជា​ឱ្យចូល​ខ្លួន របស់​ស្ថាប័ន​តុលាការខេត្ត​មណ្ឌលគិរី​ផង​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ នៅ​បញ្ជាក់ទៀតថា មធ្យោបាយ​ជាច្រើន​គ្រឿង នៅក្នុង​ក្រុមហ៊ុន​វិ​ជ្ជ​រី នោះ ក៏ត្រូវ​បាន គណៈកម្មាធិការ​ថ្នាក់ជាតិ ធ្វើការ​រឹបអូស​ផងដែរ ប៉ុន្តែ​ចំពោះ​ចំនួន នៅ​មិនទាន់​ដឹងថា មាន​មធ្យោបាយ​ល្មើស ប៉ុន្មាន​គ្រឿង​នោះទេ ដោយ​គណៈកម្មាធិការ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នេះ នៅ​បន្តការងារ ពុំទាន់​បញ្ចប់​នៅឡើយ​។​

​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ អយ្យការ​សាលាដំបូង​ខេត្តមណ្ឌលគិរី​លោក​ម៉ម វណ្ណដា បាន​ថ្លែងប្រាប់​អ្នកកាសែត​ផងដែរ​ថា តំណាង​ក្រុមហ៊ុន និង​អ្នកពាក់ព័ន្ធ​ក្នុងករណីនេះ ត្រូវបាន​ស្ថាប័ន​តុលាការ ចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន ចំនួន ៩ នាក់​ហើយ កំលុងពេល​គណៈកម្មាធិកា​រ ចុះ​ដល់ នឹងធ្វើ​ការស៊ើបអង្កេត រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ​។ ដោយឡែក ជនសង្ស័យ​០៣​នាក់​បាន​រង​នូវ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួច​ដែរ​ទៅហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម