​ក្រឡាប់​រថយន្ត​ចុះ​ពីលើ​ភ្នំ​គូលែន​ ជន​រទេស​ពីរ​នាក់​ស្លាប់​និង​របួស​១១​នាក់

791
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖ ​ជនជាតិ​ចិន​ប្រុស​ស្រី​ពីរ​នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​។ ឯ​១១​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ពេល​បើក​ចុះ​ពីលើ​ភ្នំ​គូលែន​។​ហេតុការណ៍​នោះបាន​កើតឡើង​ត្រង់ចំណុច​ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូលែន​ថ្មី ​ផ្នែក​ខាងកើត ​ស្ថិតនៅ​ភូមិ​តា​ពេញ​ ឃុំ​ខ្នងភ្នំ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ​កាលពី​ថ្ងៃទី​២១ ​ខែកក្កដា​ឆ្នាំ​២០១៩ ។

​វរសេនីយ៍ឯក​ស៊ុន​ អេង​ អធិការនគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា ​ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​មែន​។ គឺរថយន្ត​ម៉ាក​SSANG YONG ISTANA ពាក់​ផ្លាក​លេខ សៀមរាប​2A:9016​ពណ៌​ស​ក្រឡាប់​ផ្ងា​រជើងពេល​ចុះ​ពីលើ​ភ្នំ​គូលែន​។​លោក​បន្តថា​ មុន​កើតហេតុ​ រថយន្ត​បាន​បើក​ចុះមក​ផ្លូវ​ខាងកើត​តាម​ស្រុក​ស្វាយ​លើ​ ពេលមកដល់​ចំណុច​គ្រោះថ្នាក់​ក៍ក្រឡាប់​តែម្តង​។

ភ្លាមៗ​អ្នកបើកបរ​រថយន្ត​និង​ម​គ្គុ​ទេស​ម្នាក់ទៀត​នាំគ្នា​រត់​គេ​ខ្លួន​បាត់អស់​។​លោក​បន្ថែមថា​ ភ្លាមៗ​ពេល​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​មាន​អ្នករួមដំណើរ​រងរបួស​សរុប​១៣​នាក់​(ស្រី​៨​នាក់​)។​ក្នុងនោះ​រងរបួស​ធ្ងន់​៥​នាក់​(ស្រី​២​)​។​ប៉ុន្តែ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ដែលជា​ជនជាតិ​ចិន​បាន​ស្លាប់​។​ដោយ​ម្នាក់​ស្លាប់​នៅ​មណ្ឌល​សុខភាព​ស្វាយ​លើ​ ឯ​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​រពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម​។

​លោក​បញ្ជាក់ថា ​អ្នករងរបួស​និង​ស្លាប់​សុទ្ធតែជា​ជន​ជាតិចិន​ទាំងអស់​។​ខណៈ​នេះ​អ្នករងរបួស​ទាំងអស់​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​លើ​និង​ស្រុក​សូទ្រនិគម​។​

ករណី​គ្រោះថ្នាក់​នេះ​មូលហេតុ​អាចមកពី​បើកបរ​លឿន​នៅ​ផ្លូវ​ចុះ​ចំណោត​។​រថយន្ត​បង្ក​ត្រូវបាន​កម្លាំង​នគរបាល​អូស​យកមក​រក្ស​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្វាយ​លើ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម