បេក្ខជន​ពិការ​ធ្ងន់ធ្ងរ​ពីររូប​ឈ្នះ​អាសនៈ​នៅ​សភា​ជាន់ខ្ពស់​របស់​ជប៉ុន​

639
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​រាយការណ៍​ថា បេក្ខជន​បេ​ក្ខ​នារី​អង្គុយ​លើ​កៅអី​រុញ​ពីររូប​បានឈ្នះ​អាសនៈ​នៅក្នុង​សភា​ជាន់ខ្ពស់​របស់​ជប៉ុន (​ព្រឹទ្ធសភា​) ដែលជា​សញ្ញា​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​ជនពិការ​នៅក្នុង​ប្រទេសមួយ ដែល​ជនពិការ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យនៅតែ​ធ្វើ​ការងារ​លាក់​មុខ​លាក់​មាត់​។​

​លោក យ៉ា​ស៊ូ​ហ៊ី​កូ ហ្វ៊ូ​ណា​ហ្គោ (Yasuhiko Funago) អនុប្រធាន​នៃ​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​ការថែទាំ​មនុស្ស​ចាស់​និង​អ្នកជំងឺ បានកើត​ជំងឺ Amyotrophic Lateral Sclerosis (ALS) ដែលជា​ជំងឺសរសៃប្រសាទ​ត្រាំត្រែង​មួយ បង្ក​ឱ្យ​អ្នកជំងឺ​បាត់បង់​ការគ្រប់គ្រង​សាច់ដុំ​ភាគច្រើន​។​

​យោងតាម​សមាគម​ជំងឺ ALS របស់​ជប៉ុន​បានឱ្យដឹងថា ទោះបីជា​សមាជិកសភា​ជាន់​ទាប​មួយរូប​ក្នុង​អតីតកាល​ធ្លាប់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ ALS បន្ទាប់ពី​ទទួលបាន​អាសនៈ​ក៏ដោយ ក៏ប៉ុន្តែ​គ្មាន​នរណាម្នាក់​បានចាប់ផ្តើម​អាជីព​នៅក្នុង​រដ្ឋសភា​ពីមុនមក​នោះទេ បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​នេះ​។​

​បេ​ក្ខ​នារី​មួយរូប​ផ្សេងទៀត​គឺ​លោកស្រី អៃ​កូ គី​មូរ៉ា (Eiko Kimura) ដែលមាន​ជំងឺ​ពិការ​ខួរក្បាល​។ អ្នក​ទាំង​ពីរបាន​ឈរឈ្មោះ​ប្រជែង​អាសនៈ​ចេញពី​គណបក្សប្រឆាំង​តូច​មួយ​ឈ្មោះថា រៃ​វ៉ា សេន​ហ្គូ​មី (Reiwa Shinsengumi)​។​

​លោ​កថា​រ៉ូ យ៉ាម៉ា​ម៉ូ​តុ (Taro Yamamoto) ប្រធាន​បក្ស​រៃ​វ៉ា​សេន​ហ្គូ​មី បាន​ប្រាប់​ទូរទស្សន៍​ឯកជន​មួយ​បន្ទាប់ពី​ការបោះឆ្នោត​បាន​បិទ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២១​កក្កដា​ថា “​ជាការ​ពិតណាស់ យើង​នឹងមាន​អ្នកជំនាញ​អម​ជាមួយ​ពួកគេ​និង​មើលថែ​ពួកគេ​។ ប៉ុន្តែ​ការទទួលខុសត្រូវ​ចម្ប​ង​ក្នុងការ​មើលថែ​ពួកគេ​គឺ​ធ្លាក់​មកលើ​សភា ដែល​នឹង​ត្រូវគេ​អំពាវនាវ​ឱ្យ​ផ្តល់ឱ្យ​ពួកគេ​នូវ​កន្លែង​ស្នាក់នៅ​សមរម្យ​”​។

​ក្រៅពី​លោក​ហ្វ៊ូ​ណា​ហ្គោ​និង​លោកស្រី​គី​មូរ៉ា លោកស្រី រី សៃ​តូ (Rie Saito) ដែល​ថ្លង់​តាំងពី​កំណើត ក៏បាន​ឈរឈ្មោះ​ប្រជែង​អាសនៈ​ចេញពី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ផងដែរ គឺ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ​ជប៉ុន​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនទាន់​ផ្សាយ​អំពី​លទ្ធផល​ប្រជែង​របស់លោក​ស្រី​សៃ​តូ​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​លោកស្រី​សៃ​តូ​ឈ្នះឆ្នោត នោះ​លោកស្រី​នឹង​ក្លាយជា​សមាជិកសភា​ថ្លង់​ដំបូង​គេ​ក្នុងប្រទេស​ជប៉ុន​ក្រោយ​ជំនាន់​សង្គ្រាមលោកលើកទី​ពីរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្វ៊ូ​ណា​ហ្គោ​និង​លោកស្រី​គី​មូរ៉ា​ឈ្នះ​អាសនៈ​នៅ​សភា​ជាន់ខ្ពស់​របស់​ជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម