រួមគ្នា​បង្កើន​សោភ័ណភាព ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨

579
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ក្រើនរំលឹក​ដល់​រដ្ឋបាលខេត្ត​កំពត ក៏ដូចជា​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវប្រើប្រាស់​កម្លាំង និង​ស្មារតី​ក្នុងការ​កែលម្អ ព្រម​ទាំង​បង្កើន​ភាព​ទាក់ទាញ​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ពី ភ្ញៀវ​ជិត​ឆ្ងាយ​ឱ្យ​ចូលមក​កម្សាន្ត​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​នា​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​ខាងមុខ​។​

ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​​នៅ​ខេត្តកំពត លោក ថោង ខុន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ជា​កិច្ច​ចាប់ផ្តើម​សម្រាប់​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ហើយនឹង​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែលមាន​ភាព​អ​ធឹ​ក​អធម​ជាង​បណ្តា​ឆ្នាំមុនៗ​។

ឆ្លើយតប​ចំពោះ​គោលបំណង​ដ៏​ឧត្តុង្គឧត្តម​នេះ ទាំង​រដ្ឋបាល​ខេត្តកំពត ក៏ដូចជា​គ្រប់​ផ្នែកពាក់ព័ន្ធ​ត្រូវ​ប្រើប្រាស់​ឱ្យអស់​កម្លាំងកាយ និង​ស្មារតី​ក្នុងការ​កែលម្អ​គ្រប់​ហេដ្ឋា​រចនាសម្ព័ន្ធ ព្រមទាំង​បង្កើន​រូបភាព​ទាក់ទាញ​នានា​ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​មាន​ចំនួន​ច្រើន​លើសលប់​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជា​ចលករ​នៃ​ការ​កៀរគរ​ទេសចរ​ឱ្យមាន​បរិ​មាណ​កើនឡើង រដ្ឋបាល​ខេត្តកំពត​ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​នូវ​គោលដៅ​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្ត​ឱ្យបាន​ទូលំទូលាយ​បំផុត​។ ខេត្ត​នេះ​កំពុងមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដ៏​សម្បូរបែប​ស្រាប់ ដូចជា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ តំបន់​ក​សិ​-​ទេសចរណ៍ មណ្ឌល​កម្សាន្ត​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែច្នៃ​ជាដើម​។

ទាំងនេះ​ជា ជា​ស្ពាន​សម្រាប់​ចង្អុល​ណែនាំ​ភ្ញៀវ​ឱ្យបាន​ដឹង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​មុននឹង​ពិធីបុណ្យ​ដ៏​មាន​សារសំខាន់​នាំចូល​មកដល់​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា មិនតែប៉ុណ្ណោះ អ្វីដែល​ក្រសួង និង រដ្ឋបាលខេត្ត​ត្រូវ​រួមគ្នា​ធ្វើ​នៅមាន​កិច្ចការ​ជាច្រើន​ទៀត ដូចជា ពិព័រណ៍​ផលិតផល​ក្នុងស្រុក ព្រឹត្តិការណ៍​សិល្បៈ កីឡា និង​ត្រូវ​អញ្ជើញ​ក្រុម​សិល្បៈ​ពី​ប្រទេស​មួយចំនួន ក៏ដូចជា​ខេត្ត​សម្ពន្ធមេត្រី​ឱ្យចូល​រួម ព្រោះ​ពិធីបុណ្យ​សមុទ្រ​មិនមែន​ធ្វើឡើង​សម្រាប់តែ​កម្ពុជា​ទេ​។

លើសពីនេះ រដ្ឋបាលខេត្ត​ត្រូវ​ជំ​រុញឱ្យ​ប្រតិបត្តិ​ករ​បន្ថែម​ការយកចិត្ត​ទុកដាក់​លើ​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ ព្រមទាំង​បង្កើន​សោភ័ណភាព​ក្រុង​តាមរយៈ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​បន្ទប់​អនាម័យ​ត្រូវមាន​គ្រប់គ្រាន់ និង​ស្អាត​ជានិច្ច​។​

ឆ្លើយតប​វិធានការ​ទាំងនេះ លោក ជាវ តា​យ បាន​សំណូមពរ​ថា ក្នុងនាម​រដ្ឋបាលខេត្ត សូម​ឯកឧត្តមមន្ត្រី​ជួយ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ ដើម្បី​បាន​កិច្ច​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ ដើម្បី​ព​ន្លឿ​ន​ការងារ​យ៉ាងហោច​ណាស់​ត្រឹម​កំណាត់​ផ្លូវ​ចាប់ពី​ចំណុច​ជំទាវ​ម៉ៅ ព្រំប្រទល់​ស្រុក​ដងទង់ និង​ស្រុក​ទឹកឈូ ដល់​ក្រុង​កំពត​ឱ្យបាន​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់​៕​B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ