ក្រសួង​ពង្រឹង ឲ្យរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់គ្រង​សំរាម សំណល់​រឹង​តាម​ទីប្រជុំជន​

476
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី២៣ ​ខែកក្កដា​នេះ​ បានរៀបចំ​កិច្ចប្រជុំ​មួយ​ស្តីពី​ការអនុវត្ត​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​តាម​ទីប្រជុំជន ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​មន្ត្រី​អន្តរក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ជាច្រើន​នាក់​។

លោក​សាយ សំ​អាល់ បាន​លើកឡើងថា​ការគ្រប់គ្រង​សំរាម សំណល់​រឹង​របស់​រាជរដ្ឋាភិបាល​តាមរយៈ​អនុក្រឹត្យ​លេខ​១១៣ សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​ធានាបាន​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​នៅតាម​ទីប្រជុំជន មូលដ្ឋាន​នានា​។​

លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចពិភាក្សា​នៅថ្ងៃនេះ បាន​ប្រមូលផ្តុំ​ពី​អ្នក​ពាក់​ពាក់ព័ន្ធ ជាពិសេស មាន​វត្តមាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​គ្រប់គ្រង លើ​បញ្ហា​សំណល់ សំរាម ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ​១១៣ អនក្រ​.​បក ចុះ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៥ ស្តីពី​ការគ្រប់គ្រង​សំ​រាំ​សំណល់​រឹង​ទីប្រជុំជន ហើយ​នៅ​ឆ្នាំ​ដដែល​នេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន បានប្រគល់​មុខងារ​គ្រប់គ្រង​សំរាម សំណល់​ទីប្រជុំជន​ទៅឱ្យ​រដ្ឋបាល​រាជធានី ក្រុង​និង​ស្រុក ធ្វើ​ប្រតិភូកម្ម​មុខងារ​គ្រប់គ្រង​សំរាម​ទៅឱ្យ​រដ្ឋបាល​ថ្នាក់​ខណ្ឌ ដោយ​ចាត់វិធានការ​ចាំបាច់ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។

បន្ថែម​ពីនេះ ការលើកកម្ពស់​ការយ​ល់​ដឹង​សាធារណៈ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​រៀបចំ និង​ការអនុវត្ត​វិធានការ​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​បំផុត គឺជា​កិច្ចការ​ងារ​ដែល​មិនអាច​ខ្វះ​បាន​នោះឡើយ​។​

សូមបញ្ជាក់ថា កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការគ្រប់​គ្រង​សំរាម សំណល់​រឹង​តាម​ទីប្រជុំជន បាន​ប្រព្រឹត្តទៅ ដោយមាន បទ​បង្ហាញ​លើ​គោលការណ៍​ណែនាំ​ស្តីពី​ការធ្វើឱ្យ​ប្រសើរឡើង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង​កិច្ចពិភាក្សា​លើ​ការធ្វើឱ្យ​ប្រសើរឡើង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង វិធានការ ដំណោះស្រាយ​បញ្ហា​ប្រឈម​លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ផងដែរ​៕​B/