​ប្រមុខ​ប៉េតង់​អន្តរជាតិ មកដល់​ស្រុក​ខ្មែរ ជា​លើក​ទី​៣

449
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: វេលា​ម៉ោង​ជិត ១ រសៀល​ថ្ងៃទី​២៣ កក្កដា នេះ ប្រមុខ​ប៉េតង់​អន្តរជាតិ គឺ​លោក ក្លូដ អា​ហ្សេ​ម៉ា (CLAUDE AZEMA) បានមក​ដល់​ចំណត អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ដើម្បី​មក​ត្រួតពិនិត្យ ជា​លើកចុងក្រោយ ពី​លក្ខណៈសម្បត្តិ​របស់​កម្ពុ​ជា ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ប្រកួត​កីឡា​ប៉េតង់ ពិភពលោក នា​ចុង​ឆ្នាំនេះ​។​

​លោក CLAUDE AZEMA បាន​ផ្ដោតអារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ប្រទេស​កម្ពុជា ក្នុងខណៈដែល​កីឡាការិនី កែ ឡេង ប្រជែង​បាន​មេដាយមាស ពិភពលោក ៣ ជំនាន់​ជាប់ៗ​គ្នា​នោះ ។ ជាមួយនឹង​កេរ្តិ៍ឈ្មោះ របស់​កីឡាការិនី កែ ឡេង ប្រមុខ​ប៉េតង់​អន្តរជាតិ​រូបនេះ បានសម្រេច​ចិត្ត​ប្រគល់​សិទ្ធិ ដល់​ប្រទេស​កម្ពុជា រៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក នា​ចុងឆ្នាំ​២០១៩ នេះ ។​

​ជាមួយនឹង​ការប្រគល់សិទ្ធិ​បែបនេះ លោក CLAUDE AZEMA បាន​ជួយ​បណ្ដុះបណ្ដាល ធនធានមនុស្ស ដល់​កម្ពុជា បាន​ចំនួន ២ វគ្គ ដែល​ក្នុងនោះ បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស បណ្ដុះបណ្ដាល​គ្រូបង្វឹក តាម​សាលារៀន ។ កន្លងមក លោក CLAUDE AZEMA ខ្លួនឯង បាន​ជួយ​បណ្ដុះបណ្ដាល ជំនាញ​បច្ចេកទេស ដល់​អាជ្ញាកណ្ដាល និង ចៅក្រម ជាមួយនឹង​សហការី​របស់លោក មួយរូប​ទៀត​គឺ លោក VICTOR NATAF ដែលជា​នាយក​បច្ចេកទេស សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ ជួយ​បណ្ដុះបណ្ដាល​គ្រូបង្វឹក ព្រោះ​ពេលនេះ កម្ពុជា​បានដាក់​ប្រភេទ​កីឡា​ប៉េតង់​នេះ ឲ្យ​មានការ​ប្រកួត ក្នុង​ក្របខ័ណ្ឌ សាលារៀន​។ ហេតុនេះ កម្ពុជា ត្រូវតែមាន​គ្រូ សម្រាប់​ចុះទៅ​បណ្ដុះបណ្ដាល តាម​សាលារៀន ។​

​ការ​មក​កម្ពុជា​លើក​នេះ លោក​នឹង​ត្រួត​ពិនិត្យមើល ជា​ចុងក្រោយ អំពី​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​ទីលាន សម្រាប់​ប្រកួត ការត្រួត​ពិនិត្យឡើងវិញ ពី​សមត្ថភាព​មន្ត្រី​បច្ចេកទេស ដែល​លោក​បាន​បណ្ដុះបណ្ដាល កន្លងមក ។ ជាមួយគ្នានេះ លោក​នឹង​ជួប​ជាមួយ​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ។​

​លោក CLAUDE AZEMA ក៏​នឹង​ជួប​សំដែង​ការគួរសម ជាមួយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ទៀតផង ។ សូមបញ្ជាក់ថា ប្រមុខ​ប៉េតង់​អន្តរជាតិ នឹង​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា រយៈពេល ៧ ថ្ងៃ ៕v

ការមកដល់​របស់លោក CLAUDE AZEMA