ផ្គើន​នឹង​ការព្រមាន​របស់​យោធា​ចិន អាម៉េរិក​បញ្ជូន​នាវាចម្បាំង​ទៅ​ច្រក​សមុទ្រ​តៃវ៉ាន់​

1373
ចែករម្លែក

​យោធា​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​ថា ខ្លួន​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​អោយ​ទៅ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ខណ្ឌ​ចែក​រវាង​កោះ​តៃវ៉ាន់​និង​​ចិន ជា​ទង្វើ​មួយ​ដែល​មុខជា​នឹង​ធ្វើអោយ​ចិន​ខឹង​។​

​តៃវ៉ាន់​ស្ថិត​ចំណោម​ចំណុច​ងាយ​នឹង​ផ្ទុះ​បញ្ហា​ធំ​ក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​អាម៉េរិក ដែល​រួម​មាន​សង្គ្រាម​ពាណិជ្ជកម្ម ទណ្ឌកម្ម​របស់​អាម៉េរិក​និង​ស្ថានភាព​យោធា​ចិន​នៅ​សមុទ្រ​​ចិន​ខាងត្បូង កន្លែង​ដែល​នាវាចម្បាំង​អាម៉េរិក​តែង​បើក​ឆ្លងកាត់​ប្រជែង​នឹង​ការអះអាង​កាន់កាប់​របស់​ចិន​។​

​ចិន​កាលពី​ថ្ងៃ​ពុធ​ក៏បាន​ព្រមាន​ថា ខ្លួន​ត្រៀម​ធ្វើសង្គ្រាម ប្រសិនបើ​មាន​ទង្វើ​ណាមួយ​ឆ្ពោះទៅរក​ការប្រកាស​ឯករាជ្យភាព​នៅ​តៃវ៉ាន់​ដោយបាន​ចោទប្រកាន់​អាម៉េរិក​ថា​​ធ្វើអោយ​ខូច​ស្ថិរភាព​សកលលោក​និង​ប្រកាស​ថ្កោលទោស​ការលក់​អាវុធ​របស់​អាម៉េរិក​ទៅអោយ​តៃវ៉ាន់​។​

នាវា​ដែល​ត្រូវបាន​បញ្ជូន​អោយ​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​គឺ​Antietam

​អ្នកនាំពាក្យ​កង​នាវា​អាម៉េរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការបើក​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​អំពី​តំបន់​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​​ហ្វិក​សេរី​និង​បើក​ចំហ​មួយ​។​កងទ័ពជើងទឹក​អាម៉េរិក​នឹង​បន្ត​ហោះហើរ បើក​នាវា​និង​ធ្វើ​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​»​។​

​តែ​ប្រតិបត្តិ​ការលើក​នេះ អាច​ថា​ជាការ​កាន់តែ​ផ្គើន​នឹង​ចិន​ដែល​បាន​ព្រមាន​កាលពី​ថ្ងៃ​២៤​កក្កដា​ថា ខ្លួន​មិន​ច្រាន​ចោល​ការប្រើ​កម្លាំង​លើ​កោះ​តៃវ៉ាន់​ទេ ប្រសិនបើ​កោះ​គ្រប់​​គ្រង​ដោយ​ខ្លួនឯង​នេះ​ចាត់វិធានការ​ឆ្ពោះទៅរក​ការប្រកាស​ឯករាជ្យភាព​។​វា​ជា​ការបង្ហាញ​ការគាំទ្រ​របស់​រដ្ឋការ​អាម៉េរិក​ចំពោះ​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​។​

​តាមពិត​អាម៉េរិក​មិន​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​ទេ តែ​ត្រូវ​ចង​ដោយ​ច្បាប់​អាម៉េរិក​ដើម្បី​ជួយ​កោះ​នេះ​នូវ​មធ្យោបាយ​សំរាប់​ការពារ​ខ្លួន និង​តៃ​​វ៉ាន់​ក៏​ជា​ប្រភព​ចំណូល​ដ៏​ធំ​ពី​ការលក់​សព្វាវុធ​របស់​ខ្លួន​ដែរ​។ ក្រសួងការបរទេស​អាម៉េរិក​ទើប​អនុម័ត​ការលក់​អាវុធ​តំលៃ​២,២​ពាន់​លាន​ដុល្លារ​ទៅ​អោយ​តៃវ៉ាន់​។​

​កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ចិន​នឹង​ខិតខំ​បំផុត​សំរាប់​ការបង្រួបបង្រួម​ដោយ​សន្តិវិធី​ជាមួយ​តៃវ៉ាន់ តែ​«​បើ​មាន​មនុស្ស​​ហ៊ាន​ព្យាយាម​បំបែក​តៃវ៉ាន់​ពី​មហា​ចិន​ដីគោក យោធា​ចិន​នឹង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ដើម្បី​ការពារ​អធិបតេយ្យ ឯកភាព​ជាតិ​និង​បូរណភាព​ទឹកដី​»​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចិន​ក៏​តែង​បញ្ជូន​នាវា​និង​យន្តហោះ​ទៅ​ក្រឡឹង​ជុំវិញ​កោះ​តៃវ៉ាន់​នៅក្នុង​សមយុទ្ធ​បង្ហាញ​កម្លាំង​និង​ជា​ការព្រមាប​ចំពោះកោះ​តៃវ៉ាន់​ផងដែរ​៕​ដោយ​៖​វាសនា​