កសិករ​ឥណ្ឌា​ភ្ញាក់ផ្អើល​ពេលឃើញ​រណ្តៅ​អាចម៍ផ្កាយ​ក្នុង​ស្រែ​របស់ខ្លួន​

1831
ចែករម្លែក

​អាចម៍ផ្កាយ​ទំហំ​ប៉ុន​បាល់ទាត់​ត្រូវបាន​គេ​សង្ស័យថា​បាន​ធ្លាក់​ចូល​ស្រែ​មួយ​នៅ​ឥណ្ឌា​ខាងកើត ជាហេតុ​នាំ​អោយពួក​កសិករ​ភ្ញាក់ផ្អើល នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​កាល​​ពី​ថ្ងៃ​ព្រ​សហ្ប​តិ៍ទី​២៥​កក្កដា​។​

​អ្នក​ទៅ​មើល​បាន​និយាយថា វត្ថុ​ពណ៌​ត្នោត​ដ៏​ភ្លឺ​បាន​បង្ខំ​អោយ​ពួកគេ​រត់​ចេញ​នៅពេល​វា​ធ្លាក់ចូល​ស្រែ​មួយ​នៅ​ភូមិ​ដាច់ស្រយាល​មួយ​កាលពី​រសៀល​ថ្ងៃ​ពុធ ដោយ​បាន​បង្ក​ជា​ផ្សែង​​ផងដែរ​។​

ពួក​អ្នក​ភូមិ​នាំគ្នា​ឈរ​មើល​រណ្តៅ​ដែល​ពួក​គេ​ជឿ​ថា​បង្កឡើង​ពី​អាចម៍ផ្កាយ

​សៀ​រ៉ាក់ កា​ពី​ល អា​សុក មន្ត្រី​នៅ​ស្រុក​មួយ​ក្នុង​រដ្ឋ​ប៊ី​ហា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​« ពួក​កសិករ​បាន​កំពុង​ធ្វើការ​ក្នុង​ស្រែ នៅពេល​ដុំថ្ម​នេះ​ធ្លាក់​ពី​លើ​មេឃ​ជាមួយ​​នឹង​សម្លេង​ដ៏​ខ្លាំង​»​។​

​ទោះជា​យ៉ាងណា ដុំ​ថ្ម​ដែល​ត្រូវបាន​រក​ឃើញ​នេះ​ត្រូវបាន​គេ​នាំយក​ទៅ​វិភាគ​ដើម្បី​អោយ​ដឹង​ច្បាស់​ថា​តើ​វា​ជា​អាចម៍ផ្កាយ​ពិត​មែនឬ​យ៉ាងណា​។​

​វត្ថុ​អវកាស​តូចៗ​រួម​មាន​ធូលី​និង​ដុំថ្ម​ជាធម្មតា​ត្រូវបាន​ដុត​ឆេះ​អស់​ពេល​វា​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី ហើយ​ដុំ​ដែល​សល់​ត្រូវបាន​គេ​ហៅថា​អាចម៍​ផ្កាយ​។​

​កាលពី​ឆ្នាំ​២០១៦ អាជ្ញាធរ​នៅ​រដ្ឋ​តាមឹ​ល​ណា​ឌូ នៅ​ឥណ្ឌា​ខាងត្បូង បាន​និយាយថា អាចម៍ផ្កាយ​មួយ​បានសម្លាប់​អ្នកបើក​រថយន្ត​ក្រុង​ម្នាក់និង​បង្ក​អោយ​របួស​៣​នាក់​ទៀត​។​នៅ​​ពេល​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​គាំទ្រ​ការអះអាង​ដោយ​អាជ្ញាធរ​តំបន់​នេះ ទីភ្នាក់ងារ​អ​វ​ការ​អាម៉េរិក​បាន​និយាយថា​ខ្លួន​មិន​ជឿ​ថា​វត្ថុ​នោះ​ជា​អាចម៍ផ្កាយ​ទេ​។​

​តែ​កាលពី​ឆ្នាំ​២០១៣ អាចម៍ផ្កាយ​ពិត​មួយ​បាន​ធ្លាក់​លើ​តំបន់​ភ្នំ​អ៊ូ​រ៉ាល់​របស់​រុស្ស៊ី ដោយ​បង្ក​ផ្កាភ្លើង​ដ៏​ធំ​និង​របួស​មនុស្ស​ប្រមាណ​១.២០០​នាក់ ព្រមទាំង​បណ្តាលអោយ​ខូចខាត​ផ្ទះ​និង​​អាគារ​មួយចំនួន​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ